​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អូស្ត្រាលី ដែល​កំពុង​តស៊ូ​ដើម្បី​ទប់ទល់​នឹង​រលក​ដ៏​អាក្រក់​បំផុត​នៃ​កូវី​ដ​១៩ បាន​រាយការណ៍​ពី​ការឆ្លង​ចំនួន ១.៧៥៦ នាក់​នៅ​ថ្ងៃ​សៅរ៍​ទី​៤ កញ្ញា ដែល​ជា​កម្រិត​ឆ្លង​ខ្ពស់​បំផុត​មួយ​ទៀត ហើយ​ក្រុម​មន្ត្រី​បាន​ព្រមាន​ថា​អ្វី​ដែល​អាក្រក់​ជាង​នេះ​គឺ​មិន​ទាន់​មកដល់​ទេ ដោយ​ជំរុញ​ឱ្យ​មនុស្ស​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​។​

​ករណី​ភាគច្រើន​បាន​កើតឡើង​ម្តងទៀត​នៅ​រដ្ឋ​ញូ​វ​សោត​វេល​ដែលបាន​ប្រយុទ្ធប្រឆាំង​នឹង​ការផ្ទុះ​ឡើងនៃ​មេរោគ Delta តាំងពី​ពាក់កណ្តាល​ខែ​មិថុនា​។ រដ្ឋ​នេះ​បាន​រាយការណ៍​ករណី​ថ្មី​ចំនួន ១.៥៣៣ នាក់ និង​ស្លាប់​ចំនួន ៤ នាក់​ទៀត​។​

​រដ្ឋ​វី​ក​តូ​រៀ ដែល​នៅ​ជិតខាង បាន​រាយការណ៍​ចំនួន ១៩០ ករណី ដែនដី​រដ្ឋធានី​អូស្ត្រាលី ៣២ ករណី​និង​រដ្ឋ​ឃ្វីន​លែ​ន ១ ករណី​។​ការឆ្លង​ប្រចាំថ្ងៃ​ថ្មីៗ​កំពុង​កើនឡើង​ទ្វេដង​នៃ​កម្រិត​រលក​ឆ្លង​ដ៏​​អាក្រក់​បំផុត​របស់​អូស្ត្រាលី​កាល​ពី​មួយ​ឆ្នាំ​មុន​។​

​ដោយ​ជឿថា​ការ​ផ្ទុះ​ឡើង​លើក​នេះ​មិន​អាច​ត្រូវបាន​បំបាត់​បាន​ដូច​រលក​មុនៗ រដ្ឋ​ញូ​សោត​វេ​ល​និង​រដ្ឋ​វី​ក​តូ​រៀបាន​ផ្តោត​លើ​ការ​ពន្លឿន​ចាក់វ៉ាក់​សាំង​ដើម្បី​ធ្វើឱ្យ​ករណី​ឆ្លង​ថយចុះ​វិញ​។​

​ទោះបីជា​ករណី​ឆ្លង​នៅក្នុង​រដ្ឋ​វី​តូ​រៀ ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី ២ របស់​អូស្ត្រាលី​និង​កំពុង​បិទ​ខ្ទប់​ឈាន​ដល់​សប្តាហ៍​ទី​៦ បាន​ធ្លាក់ចុះ​បន្តិច​ពី​ករណី​ឆ្លង​ចំនួន ២០៨ នាក់​កាលពី​ថ្ងៃ​សុក្រ​ក៏ដោយ ក៏ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​និយាយថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​មិនទាន់​ឈាន​ដល់​កម្រិត​កំពូល​នៅឡើយ​ទេ​។​

​លោកស្រី​ប្រេត ស៊ូ​ត​តុ​ន ប្រមុខ​សុខាភិបាល​របស់​រដ្ឋ​វី​តូ​រៀនិ​យាយ​ក្នុង​សន្និសីទ​មួយ​ថា “​និន្នាការ​ជារួម​គឺ​កើនឡើង​ក្នុង​ល្បឿន​យឺត​និង​ថេរ​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ការចាក់​វ៉ាក់សាំង​មាន​សារៈសំខាន់​ខ្លាំង​ដូច​ការអនុវត្ត​តាម​ច្បាប់​ដែរ​”៕

​មនុស្ស​តម្រង់​ជួរ​គ្នា​ចាក់​វ៉ាក់សាំង​នៅ​ទីក្រុង​មែ​ល​ប៊​ន​កាលពី​ថ្ងៃទី​១​កញ្ញា​២០២១