​ដោយៈ ប​.​ជ័យ / ឧ​ត្ត​រ​មាន​ជ័​យៈ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ ប្រ​យុ​ទ្ឋ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​ក្រុមការងារ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​ការជួសជុល និង​កែសម្រួល សម្រាប់​ធ្វើជា​ទីកន្លែង​ដាក់ គ្រែ បន្ទប់ទឹក និង បង្គន់​អនាម័យ ក្នុងការ​ត្រៀម​សម្រាប់​ធ្វើជា​មណ្ឌល​ព្យាបាល អ្នកជំងឺ​កូ​វីដ ១៩ កម្រិត​ស្រាល ដែលមាន​ចំណុះ​ជាង ២.៥០០ នាក់​។​

​មន្ត្រី បានអោយដឹង កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២១ ថាៈ ទីតាំង​នោះ ស្ថិតនៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​អតីត​ឃ្លាំង​ដ៏​ធំ​មួយ របស់លោក ឧកញ៉ា ជា គា ដែល​បានផ្តល់​ជា​បណ្ដោះអាសន្ន ជូន​រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ដាក់​មណ្ឌល​ព្យាបាល កម្រិត​ស្រាល​អ្នកជំងឺ​កូ​វីដ ១៩ ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខេត្ត ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត ស្រុក និង​ក្រុមគ្រូពេទ្យ និង​អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវ​សហការគ្នា ត្រៀម​រៀបចំ ក្រុមគ្រូពេទ្យ ដែល​នៅ​ព្យាបាល និង​ត្រៀម​សមត្ថកិច្ច កងកម្លាំង​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ អោយបាន​ម៉ឺងម៉ាត់​។

​លោក ប៉ែន កុស​ល្យ ក៏បាន​ដឹកនាំ​ក្រុមការងារ បន្តដំណើរ ចុះ​ពិនិត្យ​ទីតាំង ៣ កន្លែង​ទៀត រួមមានៈ​
​ទី​១. ចុះ​មើល​ស្ថានភាព​ទឹក នៅ​ទំនប់​អាង ០៥ ។ ទី​២. ចុះ​ពិនិត្យមើល​រមណីយដ្ឋាន អូរ​ទឹក​ខៀវ ដែលមាន​ទីតាំង ស្ថិតនៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ហើយ​បាន​បួងសួង​សុំ​ឲ្យ​វ​ត្តុ​ស័ក្តិ​សិទ្ធ ប្រោះព្រំ​សិរី​សួស្តី ដល់​ប្រជាពលរដ្ឋ និង​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន រុងរឿង​ថែមទៀត​។​​ទី​៣. បាន​បន្តដំណើរ​មករ​មណី​យ​ដ្ឋា​ន ក្បាល​ទន្សោង ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​លើកកម្ពស់ សោភ័ណភាព ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលមក​កម្សាន្ត នៅលើ​ទឹកដី​ជាយដែន នៅក្រោយពេល​ស្ថានភាព​កូ​វីដ​-១៩ បាន​ស្ងប់ស្ងាត់​ទៅវិញ​៕/V​