​ដោយៈ ប​.​ខុន / ភ្នំពេញៈ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បាន​កើតមាន ដោយបាន​អូស​កាត់​លើ ប្រទេស​ភូមា ថៃ ឡាវ វៀតណាម និង​ពេលខ្លះ មក​នៅលើ​ប្រទេស​កម្ពុជា ជាច្រើន ថ្ងៃ​មកហើយ ពេលនេះ បន្ត​ស្ថិតនៅ​ពី លើ អាង​ទន្លេមេគង្គ​លើ បង្កឱ្យមាន​ភ្លៀង ធ្លាក់​រាយប៉ាយ ទូទៅ ក្នុង​កម្រិត​ពី ២០ ទៅ ៣០ មី​លី​ម៉ែត្រ និង អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដល់​ជំនន់ នៅក្នុង​សប្តាហ៍​នេះ ជាមួយនឹង​សញ្ញាណ​ព្យុះ​ថ្មី​ទី​១៣ នឹង​កើតមាន ហើយ​ដើរចូល ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​មន្ត្រី​ជំនាញ​ឧតុនិយម នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម មួយរូប បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១​ថាៈ ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បាន កើតមាន ដោយបាន​អូស​កាត់ លើ​ប្រទេស​ភូមា ថៃ ឡាវ វៀតណាម និង​ពេលខ្លះ មក​នៅលើ​ប្រទេស​កម្ពុជា ជាច្រើន​ថ្ងៃ មកហើយ នឹង​បន្ត​ស្ថិតនៅ​ពីលើ អាង​ទន្លេមេគង្គ​លើ យូរថ្ងៃ​ទៅទៀត ដោយ​រំកិល​ចុះឡើងៗ​។ បាតុភូត​នេះ កន្លងទៅ បង្កឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ទូទៅ​នៅលើ​ផ្ទៃ​រងទឹក​ភ្លៀង មេគង្គ​លើ ក្នុង​កម្រិត​ពី ២០ ទៅ ៣០ មី​លី​ម៉ែត្រ រាល់ថ្ងៃ​។​

​ប្រភព​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ពីរ​ថ្ងៃ​មកនេះ មាន​សម្ពាធ​ទាប​មួយ នៃ​ប្រព័ន្ធ​សម្ពាធ​ទាប បាន​ស្ថិតនៅលើ​តំបន់ អាង​ទន្លេមេគង្គ​លើ ហើយ​សម្ពាធ​ទាប​មួយទៀត នៅ​ខាងកើត​កោះ​ហៃណាំ ក៏​នឹង​ដើរមក​ចាប់​ជាប់ ជាមួយនឹង​សម្ពាធ​ទាប នៅលើ​ឆ្នេរ​ភាគ​កណ្តាល របស់​ប្រទេស​វៀតណាម ធ្វើឱ្យមាន​ភ្លៀង ធ្លាក់​កាន់តែច្រើន នៅ​តំបន់​មេគង្គ​លើ​។ ព្រម​ពេល​ជាមួយគ្នា សម្ពាធ​ទាប​សកម្ម ចំនួន​ពីរ នៅ​ខាងកើត​ប្រទេស​ហ្វីលីពីន មាន​មួយ​នឹង​វិ​វត្ត​ទៅ ជា​ព្យុះ​ទី​១៣ ហើយ​ដើរ​ចូលមក ក្នុង​សមុទ្រ​ចិន ខាងត្បូង ធ្វើឱ្យ​ការធ្លាក់​ភ្លៀង រាយ ប៉ាយ កាន់​តែមាន​បរិមាណ​ច្រើន នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុងស្ថិត ក្រោម​ឥទ្ធិពល តំបន់​សម្ពាធ​ទាប​ស្រាប់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ព្រលប់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២១ បាន​ជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ ប្រែប្រួល​ខ្លាំង សម្រាប់​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​១១ ខែកញ្ញា​ថាៈ បន្ទាប់ពី​បាន ធ្វើការ​ពិនិត្យ និង​តាមដាន​ជាប្រចាំ លើ​ស្ថានភាព​អាកាសធាតុ រួចមក ឃើញថា ចាប់ពី​ថ្ងៃទី​៦-១១ ខែកញ្ញា ឆ្នាំ​២០២១ អាកាសធាតុ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​លក្ខណៈ​ប្រែប្រួល គួរអោយ​កត់ សម្គាល់ មូលហេតុ​ដោយមាន​ឥទ្ធិពល កើតឡើង​បួន​ស្របគ្នា​នោះ​គឺ ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​, ប្រ​ព័ទ្ធ​សម្ពាធ​ទាប (ITCZ) អូស​កាត់​លើ​កម្ពុជា សម្ពាធ ទាប ១០០៦ ហិ​តូ​ប៉ា​ស្កាល់ នៅ​ចំ​ពីលើ​, ខ្យល់​សមុទ្រ Breeze និង​បក់​ចូល​មកលើ​ផ្ទៃដី បង្កើតជា​ពពក​ក្រាស់ៗ លក្ខណ​:​បែបនេះ ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​៦-១១ ខែកញ្ញា នឹងមាន​ស្ថានភាព ដូចខាងក្រោម ៖

​សម្រាប់​តំបន់​វាលទំនាប ៖ ផ្ទៃមេឃ​អួរ​អាប់ មាន​ពពក​ច្រើន​មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុង​កម្រិត​ពី បង្ហួរ​ទៅ​ខ្លាំង និង​អាច​ប្រឈម និង​ជំនន់​ទឹកភ្លៀង Flash Floods នៅ​ខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ។​

​សម្រាប់​បណ្តា​ខេត្ត នៅ​តំបន់​តាម​តំបន់​ខ្ពង់រាប ជួរ​ភ្នំ​ដង​រែង និង​ជួរ​ភ្នំក្រវាញ​៖ ផ្ទៃមេឃ​អួរ​អាប់ មាន​ពពក​ច្រើន អ័ព្ទ​ផ្សែង​មាន​ភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ​ក្នុង​កម្រិត ពី​បង្ក​ទៅ​ច្រើន រាយប៉ាយ ស្ទើរ​គ្រប់​ទីកន្លែង ។​

​សម្រាប់​តំបន់​មាត់សមុទ្រ និង​ផ្ទៃសមុទ្រ​ផ្ទៃ ៖ មេឃ​អាប់អួរ មាន​ពពក​ច្រើន អ័ព្ទ​ផ្សែង​មាន​ភ្លៀង​ផ្គរ រន្ទះ​ផ្លេកបន្ទោរ ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ខ្លាំង និង​មាន​ខ្យល់​កន្ត្រាក់ មាន​ល្បឿន មធ្យម​ជាមួយ រលក​សមុទ្រ មាន​កម្ពស់​មធ្យម និង​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង នៅ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ។ ដោយឡែក​
​នៅតាម​បណ្តា​កោះ អាច​ប្រឈម​ទៅនឹង​បាតុភូត រលក​ព្យុះ​សមុទ្រ Storm Surge ។ ព្រម​ពេល ជាមួយគ្នានេះ ស្ថានភាព​នៃ​ទឹកទន្លេ​មេគង្គ នឹង​បន្ត​ឡើងជា​បន្តបន្ទាប់ ។​

​អាស្រ័យ​ស្ថានភាព ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន និង​ប្រជា​នេសាទ អ្នកដំណើរ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន ពី​ការប្រែប្រួល​អាកាស ដែល​នឹង​អាច​កើតមានឡើង ជាយថាហេតុ ៕/V​