ដោយៈ មេសា / ភ្នំពេញៈ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព ដែលជាមន្ត្រីទទួលបន្ទុក ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ នៃ ក្រសួងសុខាភិបាល បានក្រើរំឭកដល់ ស្ថាប័នសាធារណៈ ទាំងអស់ តាំងពីក្រសួង មន្ទីរពេទ្យ សាលារៀន សាលាឃុំ សង្កាត់ ព្រឹត្តិការណ៍កីឡា សកម្មភាពមនុស្ស ធម៌ និង សូម្បីតែវត្តអារាមក៏ដោយ កុំឱ្យទទួលយកអំណោយ ពីក្រុមហ៊ុនថ្នាំជក់ថា « ការផ្តល់អំណោយ ណាមួយរបស់ ក្រុមមហ៊ុនថ្នាំជក់ ដែលមានភ្ជាប់ទៅជាមួយ នូវឈ្មោះរបស់ ក្រុមហ៊ុនថ្នាំជក់ និម្មិតសញ្ញា សម្គាល់ នៃក្រុមហ៊ុនថ្នាំជក់ ឬ សញ្ញាសម្គាល់ នៃ ផលិតផលថ្នាំជក់ គឺជាទង្វើដែលត្រូវបាន ហាមឃាត់ ដាច់ខាត ដោយច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ។ ហេតុដូច្នេះ ក្នុងករណីក្រុមហ៊ុនថ្នាំជក់ ណាមួយផ្តល់ជាអំណោយអ្វីម្យ៉ាង សូម្បីតែជាថវិកាក៏ដោយ ដែលមានភ្ជាប់ទៅជាមួយ នូវឈ្មោះរបស់ ក្រុមហ៊ុនថ្នាំជក់ និម្មិតសញ្ញាសម្គាល់ក្រុមហ៊ុនថ្នាំជក់ ឬ និសម្មិតសញ្ញាសម្គាល់ផលិតផលថ្នាំជក់ សូមមេត្តាកុំទទួលយកឱ្យសោះ ព្រោះថាទង្វើទាំងអស់នោះ គឺជាអំពើបំពានច្បាប់ »។
នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះដែរ លោក កែវ សុខគា ជាមេធាវីម្នាក់ នៃក្រុមមេធាវី SKP ដែលជាអ្នកបានធ្វើការ លើវិស័យថ្នាំជក់ នៅកម្ពុជា តាំងពីដើមទីមក បានបន្ថែមថាៈ « ការណ៍ដែល ស្ថាប័នសាធារណៈ ទទួលយកអំណោយណាមួយ ពីក្រុមហ៊ុនថ្នាំជក់ ដែលមានភ្ជាប់ទៅជាមួយនូវ ឈ្មោះរបស់ក្រុមហ៊ុនថ្នាំជក់ និម្មិតសញ្ញាសម្គាល់ក្រុមហ៊ុនថ្នាំជក់ ឬ និម្មិតសញ្ញាសម្គាល់ ផលិតផលថ្នាំជក់ គឺជាការរួមចំណែក ប្រព្រឹត្តល្មើសច្បាប់ ជាមួយក្រុមហ៊ុនថ្នាំជក់»។
ការលើកឡើងរបស់លោកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា ក៏ដូចជា លោកមេធាវី កែវ សុខគា យ៉ាងដូច្នេះ បន្ទាប់ពីប្រមាណជា ២ ខែ ចុងក្រោយនេះ ត្រូវបានឃើញថា មានក្រុមហ៊ុនថ្នាំជក់ខ្លះ បានឆ្លៀតពេល បញ្ជ្រាប សកម្មភាពផ្សព្វផ្សាយ ឬ ប្រូម៉ូសិន ផលិតផលថ្នាំជក់របស់ខ្លួន តាមរយៈរូបភាពផ្តល់អាល់កុល ភ្ជាប់ទៅជាមួយនូវឈ្មោះ របស់ក្រុមហ៊ុនថ្នាំជក់ សញ្ញាសម្គាល់ក្រុមហ៊ុនថ្នាំជក់ និង បារីរាប់សុង ជាដើម ដល់សាលាឃុំ ឬ ដោយប្រើរូបភាពថា ចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយថតបង្ហោះ តាមហ្វេសប៊ុក របស់ សាលាឃុំ សង្កាត់ និង ផេករបស់ក្រុមហ៊ុនជាដើម ដែលទង្វើទាំងនោះ ត្រូវបានច្បាប់កំណត់ ច្បាស់លាស់ អស់ហើយថា ជាអំពើឆ្លៀតផ្សព្វផ្សាយ ផលិតផលថ្នាំជក់តែប៉ុណ្ណោះ ។
ក៏មានក្រុមហ៊ុនថ្នាំជក់ខ្លះ បានឆ្លៀតពេលធ្វើយុទ្ធសាស្ត្រទីផ្សារ និងផ្សព្វផ្សាយនូវ ខិតបណ្ណលើកទឹកចិត្ត អ្នកប្រើប្រាស់ ដោយការផ្ដល់បន្ថែម ដូចជា ដែកកេះ ឆត្រ ដែលមានសញ្ញាសម្គាល់ក្រុមហ៊ុនថ្នាំជក់ អ្នកប្រើប្រាស់យកសម្បកកញ្ចប់បារី ដែលប្រើប្រាស់រួច ទៅប្ដូរយក បារី ថ្មី និង រៀបចំឱ្យនារី ដើរផ្សព្វផ្សាយបារី របស់ខ្លួនជាដើម ដែលទង្វើទាំងនេះ សុទ្ធតែជាទង្វើ ដែលត្រូវបានហាមឃាត់ដាចខាត ដោយច្បាប់ស្តីពី ការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ។
លោកស្រី វេជ្ជបណ្ឌិត ឈា ឆដាភា បានបន្ថែមថាៈ ក្រសួងសុខាភិបាល នឹងចាត់វិធានការ តាមនីតិវិធីចំពោះ ក្រុមហ៊ុនថ្នាំជក់ទាំងនោះ ហើយកន្លងមក ក្រសួងសុខាភិបាល ក៏ធ្លាប់បានប្តឹង ក្រុមហ៊ុនថ្នាំជក់ ទៅតុលាការ ដែរ ។ ទោះយ៉ាងណា ទាំង ក្រសួងសុខាភិបាល ទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ តែងតែបានប្រកាន់ គោលជំហរផ្សព្វផ្សាយ អប់រំ ណែនាំ ជាមុនសិន ហើយនឹងអាចឈានដល់ ការប្តឹងទៅតុលាការ លុះណាតែ ក្រុមហ៊ុនទាំងនោះ មិនព្រមរាងចាល ឬ នៅតែបំពានលើ បម្រាមទាំងឡាយ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ។
បើតាមច្បាប់ស្តីពី ការត្រួតពិនិត្យថ្នាំជក់ ក្រុមហ៊ុន ឬ បុគ្គលទាំងឡាយណា បំពានលើបម្រាមទាំងនេះ នឹងត្រូវទទួលការព្រមាន ជាលិខិត ពិន័យជាប្រាក់ និង អាចឈានដល់ ការដកសិទ្ធិធ្វើអាជីវកម្ម ក្នុងករណីក្រុមហ៊ុន ឬ បុគ្គលទាំងនោះ នៅតែបំពានលើបម្រាម ឬ នៅតែមិនរាងចាល ។
លោកមេធាវី កែវ សុខគា បានបញ្ជាក់ថាៈ ស្ថាប័នសាធារណៈ អាចទទួលយកអំណោយ ពីក្រុមហ៊ុនថ្នាំជក់ បានតែក្នុងករណីមួយប៉ុណ្ណោះ គឺអំណោយទាំងនោះ គ្មានភ្ជាប់ឈ្មោះរបស់ ក្រុមហ៊ុនថ្នាំជក់ គ្មានភ្ជាប់និម្មិតសញ្ញា ក្រុមហ៊ុនថ្នាំជក់ ឬ សសញ្ញាសម្កាល់ នៃ ផលិតផលថ្នជក់ ។ តាំងពីការតាក់តែងច្បាប់ ក៏ដូចជា ការអនុវត្តច្បាប់ស្តីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែរ សុក្រុមហ៊ុនថ្នាំជក់ តែងតែបង្កឧបសគ្គរារាំង ដល់ដំណើរការទាំងនោះ ហេតុនេះ សូមក្រសួងស្ថាប័ន ពាក់ព័ន្ធ មេត្តាជំរុញ និង គាំទ្របន្ថែមទៀត ដល់ការងារទាំងឡាយ របស់អ្នកអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់នៅ កម្ពុជា ៕/V