​ដោយ ៖ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ កងកម្លាំង​ចម្រុះ​កំពុងតែ​ត្រៀមខ្លួន​រួចជាស្រេច​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ ពិសេស​គឺ​ទឹកជំនន់ ។ នេះ​ជាការ​បញ្ជាក់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង និង​ជា នាយសេនាធិការ​យោធភូមិភាគ​ទី​៥ និង​ជា​ប្រធាន​គ្រប់គ្រង​សន្តិសុខ និង​សណ្តាប់ធ្នាប់​គោលដៅ​ច​ត្តា​ឡី​ស័ក​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩ យោធភូមិភាគ​ទី​៥​កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១​។

​លោក​បាន​ថ្លែង​ខណៈ​ថ្នាក់ដឹកនាំ​ខេត្ត​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​លើ​ភូមិសាស្ត្រ​ជំនន់​ទឹកភ្លៀង ស្ថិតក្នុង​ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ភូមិសាស្ត្រ​ផ្សេងទៀត​តាម​មាត់​អូរ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​​ត្រៀមលក្ខណៈ​ជួយ​ដល់​ប្រជា​ពល​ជួប​គ្រោះធម្មជាតិ​ជាយថាហេតុ ។​

​លោក​មេបញ្ជាការរង​បាន​បន្តថា បើ​ក្នុងករណី​មាន​ភ្លៀង​ធ្លាក់​និង​ទឹកជំនន់​នៅ​បន្តទៀត ស្ថានភាព​នឹង​ហក់​កើនឡើង​ដែល​នឹង​ធ្វើអោយប៉ះពាល់​មុនគេ​ដល់​ប្រជាពលរដ្ឋ​ដែលរ​រស់នៅក្នុង​ប៉ែក​ខាងត្បូង​ក្រុង​ប៉ោយប៉ែត​យោងតាម​បទបញ្ជា ថ្នាក់ដឹកនាំ​កងទ័ព​គ្រប់លំដាប់​ថ្នាក់ មេបញ្ជាការ​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ កម្លាំង​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ត្រៀម​ជាស្រេច​ក្នុង​ការជួយ​អន្តរាគមន៍ សហការ​នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច យុវជន​សង្គ្រោះ​ប្រជាពលរដ្ឋ បើ​មាន​គ្រោះធម្មជាតិ​កើតឡើង ៕​