​ក្រោយ​ចៅ​ស្លាប់​ដោយ​រន្ទះបាញ់​ជីដូន​ចាស់​ទទួលបាន​ផ្ទះមួយ​ខ្នង​

1073
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ផ្ទះ​ឈើ​ទំ​ហ៊ំ​សមល្មម​មួយ​ខ្នង​និង​ត្រូវ​សង់​ជូន​ស្ត្រី​ចំណាស់​អាយុ​៧៥​ឆ្នាំ​ម្នាក់​ដែល​កំពុង​រស់នៅ​ម្នាក់ឯង​ក្នុងភូមិ​អូ​អាម​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។​បន្ទាប់ពី​ស្ត្រី​ចំណាស់​រូបនោះ​បាន​បាត់បង់​ចៅប្រុស​បង្កើត​ម្នាក់​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​។

​ការផ្តល់​ជួន​ផ្ទះ​ដល់​ស្ត្រី​ចំណាស់​នេះ​គ្រា​ដែល​លោក​ស្វាយ​សំ​អ៊ាង​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​២២​ឧសភា​បាន​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព​ឈ្មោះ ឡុ​ក វៃ អាយុ​២១​ឆ្នាំ ត្រូវជា​ចៅ​បង្កើត​របស់​ស្ត្រី​ចំណាស់​ហង់ ឆៃលី ដែល​រងគ្រោះ​ដោយសារ​រន្ទះបាញ់​កាលពី​ទី​២២​ខែឧសភា ឆ្នាំ​២០១៨​។​

​លោក​ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួមទាំងសមាជិកសមាជិកាអនុសាខាស្រុកនិងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បាន​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព និង​នាំយក អំណោយ​មនុស្សធម៌​មួយចំនួន​រួមមាន​៖ អង្គរ ៧៥​គីឡូក្រាម ឃី​ប​១​កញ្ចប់ គ្រឿងឧបភោគ បរិភោគ និង ថវិកា​៧៣​ម៉ឺន​រៀល ផ្តល់ជូន​ស្ត្រី​ចំណាស់​ម្នាក់​ដែល​ត្រូវជា​ជីដូន​បង្កើត​របស់​សព​។
​ម្យ៉ាងទៀត ដោយ​ឃើញ ស្ថានភាព​ស្ត្រី​ឈ្មោះ ហង់ ឆៃលី អាយុ​៧៥​ឆ្នាំ ដែល​រស់នៅ​អាស្រ័យ​ផ្ទះ​អ្នកជិតខាង​លោក​ស្វាយ សំ​អ៊ាង បានឱ្យ​ក្រុមការងារ​រក​ដី​មួយកន្លែង និង​សាង​សង់ផ្ទះ​១​ខ្នង​ជូន​គាត់ ដើម្បីឱ្យ​ស្ត្រី​នោះ​មាន​លំនៅស្ថាន​ស្នាក់​នៅបាន​សមរម្យ​។

ជាងនេះទៅទៀត លោក​អភិបាលខេត្ត​បាន​ផ្តាំផ្ញើរ​ទៅ​អនុសាខា​ស្រុក ត្រូវ​ពិនិត្យ មើល និង​ថែទាំ​គាត់​(​ស្ត្រី​)​ឱ្យបាន​ល្អ ហើយក៏​សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ អាកាសធាតុ នៅពេល​មាន​ភ្លៀង ផ្គរ​រន្ទះ ជាពិសេស មិនត្រូវ​ប្រើប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​នៅក្រោម ដើមឈើ​នោះទេ​។ ព្រោះ​អាច​បង្ករ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ ក៏ដូចជា​បាត​បង់​ដល់​អាយុជីវិត​មនុស្ស​ផងដែរ​។

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​មាន​ករណី​រន្ទះបាញ់​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ ខណៈដែល​ជនរងគ្រោះ​កំពុង​ជ្រក​ក្រោម​ដើម​គរ​ស្ថិតនៅ​ភូមិ​អូរ​អាម​ឃុំ​ស្រែ​ខ្ទុ​ម​ស្រុក​កែវ​សីមា​ខេត្តមណ្ឌលគិរី​។

លោក ស៊ុន ប៊ុនធឿន អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ឡុ​ក វៃ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ (​ជា​មនុស្ស​វិកល​ច​រិ​ក​) មាន​ទីលំនៅ ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោក​បន្ថែមថា ក្រោយពី​សមត្ថកិច្ច​នគ​របាល បាន​ចុះ​ពី​ធ្វើការ​ពិនិត្យ​នៅ​កន្លែងកើតហេតុ​សាកសព ពិនិត្យឃើញថា​ពិតជា​ជនរងគ្រោះ​បាន​ស្លាប់ ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន​។ សមត្ថកិច្ច​បានប្រគល់​សព​ជូន​ដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​ក្រោយ​ចៅ​ស្លាប់​ដោយ​រន្ទះបាញ់​ជីដូន​ចាស់​ទទួលបាន​ផ្ទះមួយ​ខ្នង​