​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ កំណាត់​ផ្លូវ ២ ខ្សែ ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ​៦​អា រហូតដល់​មហាវិថី​ឈ្នះ ឈ្នះ ស្ថិតនៅ​សង្កាត់​បាក់​ខែង និង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ស្ថាបនា យ៉ាង​មមាញឹក ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​ចុងឆ្នាំ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​។​

​ដើម្បី​ជំរុញ​ការងារ នៃ​ការស្ថាបនា​ផ្លូវ ទាំង ២ ខ្សែ​នេះ ឲ្យ​បាន​លឿន ទៅតាម​គម្រោង ដែល​បាន​គ្រោងទុក លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិភាក្សា​មួយ ទៅលើ​បញ្ហា​បច្ចេកទេស និង​ផលប៉ះពាល់ ជាមួយ​បងប្អូន ប្រជាពលរដ្ឋ ដែល​រស់នៅ ប៉ះពាល់​នឹង​គម្រោង នៃ​ការស្ថាបនា​ផ្លូវ​ទាំង ពីរ​ខ្សែ​នេះ​។​

​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈកម្មការ​ដឹកនាំ នៃ​ការស្ថាបនា​ផ្លូវ ទាំង ២ ខ្សែ​នេះ បាន​ជំរុញ​ឲ្យ​អនុគណៈកម្មការ បច្ចេកទេស ដែល​ដឹកនាំ​ដោយ​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង រាជធានី និង​លោក មាន ចាន់​យ៉ា​ដា ដែលជា​អនុគណៈកម្មការ​ដោះស្រាយ​ផល​
​ប៉ះពាល់ ត្រូ​ង​អនុវត្ត​ការងារ​នេះ ឲ្យ​បាន​លឿន និង​ទាន់ពេលវេលា ដើម្បី​ឲ្យ​ក្រុមការងារ នៃ​ការស្ថាបនា​ផ្លូវ អនុវត្ត​ការងារ ឲ្យ​បាន​លឿន មិនមាន​ការរាំងស្ទះ ។ ចំពោះ​ផលប៉ះពាល់ នៃ​ការស្ថាបនា​ផ្លូវ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការដោះស្រាយ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប៉ះពាល់ ។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថាៈ កំណាត់​ផ្លូវ ២ ខ្សែ ចាប់ពី​ចំណុច​ផ្លូវជាតិ​លេខ ៦​អា រហូតដល់​មហាវិថី​ឈ្នះ ឈ្នះ ស្ថិតនៅ​សង្កាត់​បាក់​ខែង និង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ក្នុង​១​ខ្សែៗ មាន​ប្រវែង​ជិត ១០ គីឡូម៉ែត្រ ដែលមាន​ទ​ទឺង ១៥ ម៉ែត្រ សាងសង់ អំពី​បេតុង​ឆ្អឹង​ដែក ដែលមាន​ចិញ្ចើមផ្លូវ ២ ម៉ែត្រ សងខាង​។​

​ក្រៅពី​ការស្ថាបនា​ផ្លូវ​នេះ យើង​ក៏​ដាក់​បណ្តាញ​លូ នៅ​សងខាង​ផ្លូវ ទំហំ​ជាង ១ ម៉ែត្រ ហើយ​ខ្សែ​ផ្លូវ​ខ្លះ យើង​ដាក់លូ​ជា អក្ស​អ៊ុយ (U) នៅ​កណ្តាល​ទ្រូងផ្លូវ​តែម្តង ដើម្បី​រំដោះ​ទឹក​ជូន​ប្រជាពលរដ្ឋ​។​

​គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា បាន​កំពុងធ្វើដំណើរ ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) នៅ​ឆ្នាំ ២០២៣ ខាងមុខ ។ នៅពេលនេះ កម្ពុជា កំពុង​ត្រៀម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា និង​គុណភាព​កីឡាករ ផងដែរ ខណៈ ពហុ​កីឡដ្ឋាន​ថ្មី​សន្លាង​មួយ ឈ្មោះ ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ បាន​នឹង​កំពុង​បង្អួតរាង យ៉ាង​ថ្មី​សន្លាង​នោះ​។​

​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ នៅ​កម្ពុជា មិន​ត្រឹម​ជា​មុខមាត់​ខ្មែរ ប៉​ណ្ណោះ​ទេ តែ​វា​ជា​ឱកាស​កម្ពុជា ស្តារ​វិស័យ​ទេសចរណ៍ ខ្លួន​ផង និង​អាស៊ាន​ផង ៕/V​