ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជូនដំណឹង ពីការដាក់ចែកចាយលក់ នៃឧបករណ៍តេស្តរហ័ស ប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test សម្រាប់សាធារណជន។
បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឱ្យដឹង ថាៈ កន្លងមក ក្រសួង បានចែកចាយឧបករណ៍ តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ SD Biosensor (Standard Q) ផលិតនៅប្រទេសកូរ៉េ និង Healgen Antigen Papid Test ផលិតនៅប្រទេសចិន ជូនក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន។ ជាមួយគ្នានេះ ដើម្បីបន្ត ចូលរួមទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដើម្បីសន្សំសំចៃ ការចំណាយ ក្រសួង បានស្វែងរកឧបករណ៍ តេស្តរហ័សប្រភេទថ្មី អង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យ។
ក្រសួងប្រៃសណីយ៍ បានលើកឡើង ដោយបញ្ជាក់ថាៈ ចំពោះ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និងសាធារណជន អាចបញ្ជាទិញចាប់ពី ១ ប្រអប់ ឡើងទៅ នូវឧបករណ៍តស្ករហ័ស ចំនួន ២ ប្រភេទ ដូចខាងក្រោម៖
១. ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ Asan Easy Test ផលិតនៅប្រទេសកូរ៉េ ១ប្រអប់ មាន ២៥ ឧបករណ៍តេស្ត ហើយ ១ ឧបករណ៍តេស្ត តម្លៃ ២,៩ ដុល្លារអាមេរិក (ត្បារយកសំណាក ពីក្នុងរន្ធច្រមុះ),
២. ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ Healgen Antigen Rapid Test ផលិតនៅប្រទេសចិន ១ប្រអប់ មាន ២០ ឧបករណ៍តស្ត ហើយ ១ ឧបករណ៍តេស្ត តម្លៃ ២ ដុល្លារអាម៉េរិក (ត្បារយកសំណាក ពីក្នុងរន្ធច្រមុះ)។
ជាមួយគ្នានេះ ក្រសួងបានបញ្ជាក់បន្ថែមថាៈ ដើម្បីបញ្ជាទិញឧបករណ៍ តេស្តរហ័ស ទាំងពីរប្រភេទ ខាងលើ សូមចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលមានតំណភ្ជាប់ www.mptc.gov.kh/rt ឬ www.store.tovpet.com ឬអញ្ជើញមក ដោយផ្ទាល់ នៅទីស្តីការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋានៈ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧៕/V