ដោយៈចាន់តូ/ភ្នំពេញ: នារីម្នាក់បានស្លាប់ បន្ទាប់ពីជិះម៉ូតូលឿនសង្ស័យដេញចាប់ចោរឆក់ ដែលឆក់ ទ្រព្យសម្បត្តិរបស់ខ្លួន បានជ្រុលទៅប៉ះដៃចង្កូតជាមួយម៉ូតូកង់បីមួយគ្រឿងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ ចំណែកម៉ូតូដួលអូសជិត៥០ ម៉ែត្រ។ កាលពីវេលាម៉ោង ៨និង១០នាទីយប់ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះវីឡា មួយកន្លែងតាមបណ្ដោយផ្លូវ១៩៧៨ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សពជនរងគ្រោះមានឈ្មោះ សុឹម ស្រីចាន់ ភេទស្រី អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់តុ ស្នាក់នៅម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានស្រុកកំណើត នៅឯខេត្តតាកែវ ដោយជិះម៉ូតូ zoomer x (ហ្ស៊ូមមើរអ៊ិច) ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ ១FH ៣៥០៩ តែម្នាក់ឯង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូ មួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៧៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ដោយឃើញជិះដេញតាមជនសង្ស័យមួយក្រុមដែរជិះម៉ូតូនៅខាងមុខ ដោយសង្ស័យថាជាករណីឆក់ ទ្រព្យសម្បត្តិជនរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុជនរងគ្រោះបើកគេចពីម៉ូតូកង់បីមួយគ្រឿងបញ្រ្ចាស់ទិសដៅគ្នា ជ្រុលមកខាងឆ្វេងដៃ គួបផ្សំមេឃកំពង់តែភ្លៀងផងក៏ជ្រុលទៅបុកនឹងម៉ូតូកង់បីមួយគ្រឿងទៀត បើកបញ្ច្រាស់ទិសដៅគ្នាបណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម៉ូតូដួលអូសជិត៥០ម៉ែត្រពីជនរងគ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះមកដល់ហើយធ្វើការវាស់វែងយកម៉ូតូរកគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខជាបណ្ដោះអាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ។ដោយឡែក សពលោកគ្រូពេទ្យបានយកសំណាកពិនិត្យដោយគ្មានជំងឺកូវីដ១៩ សមត្ថកិច្ចក៏ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕