​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​ជូនដំណឹង អំពី​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៤ ខែកញ្ញា​ថាៈ ព្រះរាជាណាចក្រ​កម្ពុជា ទទួល​នូវ​ឥទ្ធិពល ពី​បាតុភូត​ជ្រលង សម្ពាធ​ទាប​ឥណ្ឌា​ខ្លាំង ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ ពី​ប្រទេស​ភូមា កាត់​ប្រទេស​ថៃ ឡាវ និង វៀតណាម រួច នឹង​ចុះ​បន្តិច មកលើ​ប្រទេស​កម្ពុជា ខ្យល់មូសុង​និរតី បក់​ក្នុង​ល្បឿន​មធ្យម ទៅ​បង្គួរ ខ្យល់​សមុទ្រ ( Sea Breeze ) ហើយនឹង​វិ​សម្ពាធ ចំនួន​ពីរ ដែល​មួយ ស្ថិតនៅ​ខាងកើត ក្បែរ​ប្រទេស​ហ្វីលីពីន ដែល​បច្ចុប្បន្ន បាន​បំប្លែង​ខ្លួន ទៅជា​ព្យុះ ទី​១៣ ឈ្មោះ កុន​សុន ( STS CONSON ) ដែល​នឹងមាន​ដំណើរ​ឆ្ពោះ ទៅ​ប្រទេស​វៀតណាម​ខាងជើង និង​វិ​សម្ពាធ​មួយទៀត ស្ថិតនៅក្នុង​សមុទ្រ ភាគ​ខាងកើត ហ្វីលីពីន ធ្វើដំណើរ​ទៅលើ មិនមាន​ឥទ្ធិពល មកលើ​កម្ពុជា​យើង​ទេ ។​

​ក្នុង​សេចក្តីជូនដំណឹង ខាងលើ បានបញ្ជាក់​ថាៈ ស្ថានភាព​បែបនេះ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប កណ្តាល មាន​សីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សា​សេ សីតុណ្ហភាព អតិបរមា ពី ៣១ ទៅ ៣៣ អង្សា​សេ ផ្ទៃមេឃ​អួរ​អាប់ នឹង​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​បង្គួរ ទៅ​ខ្លាំង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​។ ទន្ទឹម​នោះ ប​ណ្កា​ខេត្ត​មួយចំនួន មាន​ជាអាទិ៍ ដូចជា ខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់​, ខេត្តកំពង់ធំ​, ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,​ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។​

​សម្រាប់​បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២២ ទៅ ២៤ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ២៩ ទៅ ៣១ អង្សា​សេ​។ ផ្ទៃមេឃ​អួរ​អាប់ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អ​អ្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។ ផ្ទៃមេឃ​អួរ​អាប់ មាន​ពពក អ័ព្ទ​ច្រើន អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី បង្គួរ​ទៅ​ខ្លាំង លាយឡំ​ទៅដោយ ផ្គរ រន្ទះ​ខ្យល់​កន្ត្រាក់ និង​រលក​ខ្ពស់ៗ ។ ទន្ទឹម​នោះ នៅក្នុង​ភូមិសាស្ត្រ នៃ​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ក៏​អាច​នឹង​មាននូវ ជំនន់​ទឹកភ្លៀង​ផងដែរ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់ សាធារណជន ឱ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​គ្រោះថ្នាក់ ដែល​អាច​កើតមាន​ជាយថាហេតុ ពី​បាតុភូតធម្មជាតិ​នេះ​៕/V​