ដោយៈ​សុផល/​ភ្នំពេញ​:​យោងតាម​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ យានយន្ត​ដឹកជញ្ជូន​ខ្សាច់​ធុន​ធ្ងន់​ចំនួន​ប្រាំមួយ​គ្រឿង ត្រូវបាន​ផាកពិន័យ និង​ឃាត់ទុក​ចំនួន​មួយឆ្នាំ​។​ក្នុងនោះ​រថយន្ត​ចំនួន​ប្រាំ​គ្រឿង​ត្រូវបាន​រក្សាទុក​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តរតនគិរី ។​ចំណែក​មួយគ្រឿង​ទៀត ឃាត់ទុក​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ ។​

សកម្មភាព​ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់(រូបថតក្រសួង)

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០២១​ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដឹកនាំ​ដោយ​លោក​សេង ឈួន រដ្ឋលេខាធិការ អមដំណើរ​ដោយ លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ លោក គឹម សាន់ អនុរដ្ឋលេខាធិការ សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ បានធ្វើ​ការឃាត់​ត្រួតពិនិត្យ​យានយន្ត​ដឹក​ខ្សាច់​ចំនួន​ប្រាំ​គ្រឿង ដែល​ដឹក​លើស​ចាប់ពី ១៥​តោន ដល់
២២​តោន បានធ្វើការ​ផាកពិន័យ និង​ឃាត់ទុក​រយៈពេល​មួយឆ្នាំ​ដោយសារ​ផ្ទុក​ទម្ងន់​លើសពី ២០​ភាគរយ នៃ​ទម្ងន់​អនុញ្ញាត អនុលោម​តាម​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

​គួររំលឹកថា ប្រតិបត្តិការ​នេះ​ធ្វើ​នៅលើ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​អូរ​កន្សែង ឃុំ​បឹង​កន្សែង ស្រុក​បាន​លុង ខេត្តរតនគិរី​។
​ដោយឡែក យានយន្ត​ដឹក​ខ្សាច់​ធុន​ធ្ងន់ ផ្ទុក​ទម្ងន់​សរុប ៧០​តោន មួយគ្រឿង​ទៀត ដែល​ផ្ទុក​លើស​៣០​តោន បានធ្វើការ​ផាកពិន័យ និង​ឃាត់ទុក​រយៈពេល ឆ្នាំ​នៅ​មន្ទីរ​សាធារណការ​ខេត្តកំពង់ស្ពឺ​ដោយសារ​ផ្ទុក​ទម្ងន់​លើសពី ២០​ភាគរយ នៃ​ទម្ងន់​អនុញ្ញាត អនុលោម​តាម​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

​ក្រសួង​សាធារណកា​រប្រកាស​រំលឹក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ម្តង​ហើយ ម្តង​ទៀតថា​ក្រសួង​នឹង​បន្ត​អនុវត្តតាម​បទ​ប្បញ្ញត្តិ​ច្បាប់​យ៉ាង​តឹងរ៉ឹង ដើម្បី​ទប់ស្កាត់​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​យ៉ាង​ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​សរន

សកម្មភាព​ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់(រូបថតក្រសួង)