ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: អាជ្ញាធរខេត្ត និងស្រុកកំពង់លែង បានប្រកាសជូនព័ត៌មាន ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងថាៈ ចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឃុំសំរោងសែន ដែលស្ថិតក្នុងស្រុកកំពង់លែង ត្រូវបានបិទខ្ទប់មិន ឱ្យប្រជាពលរដ្ឋ ក្នុងឃុំ បន្តការចេញចូល ពីកន្លែងមួយ ទៅកន្លែងមួយនោះឡើយ បន្ទាប់ពីនៅក្នុងឃុំសំរោងសែន ក្រុមគ្រូពេទ្យ បានរកឃើញ អ្នកវិជ្ជមានកូវីដ ១៩ បំប្លែងថ្មី ប្រភេទដែលតា (Delta) ជាកសិករ ចំនួន ២ នាក់ ។
អ្នកដែលវិជ្ជមានកូវីដ១៩ បំប្លែងថ្មី ប្រភេទ ដែលតា (Delta) ចំនួន ២នាក់នោះ មានឈ្មោះ គង់ ខ ភេទស្រី អាយុ៥៣ឆ្នាំ និងឈ្មោះ គង់ ឃុំ ភេទស្រី អាយុ ៦៣ ឆ្នាំ មានទីលំនៅ ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ។
ប្រធានក្រុមដឹកនាំក្រុមគ្រូពេទ្យ ចុះយកសំណាក លោក វេជ្ជបណ្ឌិត ងិន ចាន់សារ៉េត បានអោយដឹងថាៈ ព្រឹកមិញនេះ ក្រុមគ្រូពេទ្យ បានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ បំប្លែងថ្មី ប្រភេទដែលតា លើមនុស្សប្រុសស្រី ៥ នាក់ មាននគបាល ២ នាក់ កសិករ ២ នាក់ និងអាជីវករផ្សារលើ ១ នាក់ ។
លោក ហ៊ិន ចាន់សារ៉េត ធ្លាប់បានអោយដឹងថាៈ កន្លងទៅ ខេត្តកំពង់ឆ្នាំង បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បំប្លែងថ្មី ប្រភេទដែលតា មាន ១០ ករណី ហើយក៍ជាក្តីព្រួយបារម្ភផងដែរ។
ក្នុងនោះ មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ រួមគ្នាអនុវត្ត តាមវិធានការ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៣ កុំ ៣ ការពារ។
ក្នុងករណីដឹងថា ខ្លួនបានប្រាស្រ័យទាក់ទង ជាមួយនឹងអ្នកជំងឺកូវីដ ១៩ បំប្លែងថ្មី ប្រភេទដែលតា សូមប្រញាប់រួសរាន់ ទំនាក់ទំនងទៅកាន់ គ្រូពេទ្យ ឬមណ្ឌលសុខភាពណា ដែលនៅជិត ដើម្បីយកសំណាក៕/V