​ដោយៈ គ្រញូង / បាត់ដំបងៈ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​រសៀល ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​ម៉ា​ទឹកកក ៣ ថង់ ទម្ងន់​ជិត ៣០ ក្រាម ទៅ​តុលាការ ក្រោយ​នគរបាល ស្រុក​រតនមណ្ឌល ចាប់ខ្លួនបាន កាល​ថ្ងៃទី​៦ កញ្ញា នៅ​ចំណុច​បឹង​ប្រវឹក ក្នុងភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​

​លោក​វរសេនីយ៍ឯក សន និល អធិការនគរបាល​ស្រុក​រតនមណ្ឌល បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ មានឈ្មោះ​
​ភឿ​ក ឈុនលី ហៅ ឡ​ម ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅក្នុង​ក្រុមទី​០៥ ភូមិ​ជាម​ន្ត្រី ឃុំ​ត្រែង ស្រុក​រតនមណ្ឌល​។ ចំណែក​វត្ថុតាង ដែល​ដកហូត​បានរួម​មាន ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ICE ចំនួន ៣ ថង់ ទម្ងន់​ជិត ៣០ ក្រាម ទាំង​សម្បក ទូរស័ព្ទដៃ ចំនួន ១​គ្រឿង និង​ជញ្ជីង​ថ្លឹង ថ្នាំញៀន​១​។​

​លោក​អធិការ​ស្រុក បាន​បញ្ជា់​ថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​អនុវត្តតាម​បទបញ្ជា របស់លោក ឧ​ត្ត​ម​សេនីយ៍ ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង និង​មានការ​សម្រប សម្រួល​នីតិវិធី ពី​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​។​

​បច្ចុប្បន្ននេះ សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានរៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​អនុវត្ត​តាមច្បាប់ នៅ​រសៀល​ថ្ងៃទី​៧ ខែកញ្ញា នេះហើយ​៕