ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: នៅពេលនេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អប់រំ កំពុង​រៀបចំ​បើក​សាលារៀន​ឡើងវិញ​។ សាលារៀន ដែល​ត្រូវ​បើក​ឡើងវិញ ដំបូង​មុនគេ​នេះ គឺ​ផ្តោតលើ​ថ្នាក់​ទី​៩ និង​ទី​១២ ដែល​ត្រូវ​ប្រឡង នៅ​ខែវិច្ឆិកា និង​នៅ​ខែធ្នូ​ខាងមុខ​។

​តាម​ខេត្ត​រាជធានី បាន​ប្រជុំ​ពិនិត្យ និង​កំណត់​សាលារៀន​ណា ដែល​ត្រូវ​បើកទ្វារ​ឡើងវិញ ក្រោយ​បិទ​ផ្អាក​ច្រើន​ខែ​មកហើយ ដោយសារតែ​កូ​វីដ​១៩​។ ក្នុងនោះ នៅ​ខេត្តមណ្ឌលគិរី សាលារៀន​មួយចំនួន បាន​បើក​ឲ្យ​សិស្ស​ចូលរៀន​ឡើងវិញ ចាប់តាំងពី​ថ្ងៃទី​៦​កញ្ញា ហើយ​នៅ​ខេត្ត​ផ្សេងទៀត ក៏​ត្រៀម​នឹង​បើក​សាលារៀន​ផងដែរ​។​

​នៅពេលនេះ ទោះបីជា​ប្រទេស​យើង នៅមាន​អ្នក​ឆ្លង​កូ​វីដ​រាល់ថ្ងៃ ដែល​ក្រសួងសុខាភិបាល ប្រកាស​រកឃើញ​ជាង ៤០០​នាក់ ទៅ​ជាង ៥០០​នាក់ ក្នុងមួយ​ថ្ងៃៗ ហើយ​មាន​អ្នកស្លាប់ មួយ​ថ្ងៃៗ ជាង ១០​នាក់ នៅ​ទូទាំងប្រទេស​ក៏ដោយ ក៏ប៉ុន្តែ​ប្រជាជន​យើង​សព្វថ្ងៃ ហាក់ដូចជា ស៊ាំ​នឹង​កូ​វីដ ដូច​ករណី​ស៊ាំ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ដូច្នោះ​ដែរ​។

​រាល់ថ្ងៃផ្ទុះ​ឆ្លង​កូ​វីដ នៅ​កន្លែង​ណាបិទ​កន្លែង​នោះ ហើយ​ធ្វើតេស្តរ​កកូ​វីដ បើ​មាន​អ្នក​ឆ្លង យកទៅ​ព្យាបាល​។ អ្នក​ប៉ះពាល់​នឹង​អ្នកជំងឺ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។ ផ្ទះ ឬ​សហគមន៍ ឬ​កន្លែង​នោះ ត្រូវ​បិទទ្វារ​។ ដល់កំណត់​ចប់​ច​ត្តា​ឡី​ស័ក បើក​ដំណើរការ​ផ្ទះ សហគមន៍ កន្លែង ឬ​ក្រុមហ៊ុន​នោះ​ឡើងវិញ​។​

​ទន្ទឹមនឹងនោះ នាពេល​ចុង​ក្រោយនេះ សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង គឺ​ប្រជាពលរដ្ឋ​យើង ចាប់ផ្តើម​ដើរលេង​ជា​បណ្តើរៗ​ឡើងវិញ បន្ទាប់ពី​តំបន់​ទេសចរណ៍​ជាច្រើន បានអនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ ក្រោម​ការគ្រប់គ្រង​ប្រកបដោយ​ភាព​ហ្មត់ចត់ និង​ប្រយ័ត្នប្រយែង ពិសេស​ការពង្រឹង​ការអនុវត្ត​វិធានការ «៣-​កុំ និង ៣-​ការពារ​»​។

​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​ទី​១ នៅ​ខែកញ្ញា គឺ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ កន្លងមក​ថ្មីៗ​នេះ មាន​ភ្ញៀវទេសចរ ដើរលេង​កម្សាន្ត​ជាង ៥​ម៉ឺន​នាក់ ដែល​ស្ទើរតែ​ទាំងអស់ សុទ្ធសឹង ជា​ភ្ញៀវទេសចរ​ជាតិ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​យើង ចាប់ផ្តើម​ចេញ​ដើរលេង​ឡើងវិញ ជា​លក្ខណៈ​គ្រួសារ​ទាំង​ឡានៗ​។ គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែលមាន​អ្នកទេសចរ ទៅលេង​ច្រើនជាងគេ រួមមាន​៖ ខេត្តកំពត ខេត្ត​កែប និង​ខេត្តសៀមរាប ជាដើម​។​

​ចរន្ត​ប្រជាពលរដ្ឋ ចេញ​ដើរលេង រួមទាំង​ស្ថានភាព​កូ​វីដ​ធូរស្បើយ​ផង នាពេលនេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នឹង​បន្ត​ពិភាក្សា​ជាមួយ​អាជ្ញាធរខេត្ត​រាជធានី ដើម្បី​បើក​ដំណើរការ​សកម្មភាពរ​មណី​យ​ដ្ឋា​ន និង​គោលដៅ​ទេសចរណ៍​ឡើងវិញ ដោយ​ឈរលើ​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ ពិសេស​ដើម្បី​ត្រៀម​ក្នុង​រដូវ​ភ្ជុំបិណ្ឌ នឹង​ចាប់ផ្តើម​កាន់បិណ្ឌ ពីថ្ងៃ​ទី​២២ ខែកញ្ញា រហូតដល់​ថ្ងៃទី​៦​តុលា និង​ចូលរួម​ត្រៀម​រៀបចំ​ការបើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ នៅពេល​ខាងមុខ​ផងដែរ​។​

​ទន្ទឹមនឹង​កំណើន​អ្នកទេសចរ​នេះ កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ ក្រសួងទេសចរណ៍ បានដាក់​ឲ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិ​អប្បបរមា ហៅ​កាត់​ថា SOP តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ ចំនួន ៤ រួមមាន​៖ អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ អាជីវកម្ម​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​។ វិធានការ​នេះ ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​អាជីវកម្ម និង​ធានាបាន​នូវ​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ស្របតាម​វិធានការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​យ៉ាងណាក៏ដោយ កំណើន​អ្នកទេសចរ​នាពេលនេះ ក៏​នៅតែ​ទាមទារ​ជា​ចាំបាច់​នូវ​ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩​។ ពិនិត្យ វាស់​កម្តៅ​អ្នកទេសចរ ការពាក់​ម៉ាស រក្សា​គម្លាត​សុវត្ថិភាព និង​លាងដៃ​ញឹកញាប់​នឹង​អាល់កុល ជែ​ល ឬ​សាប៊ូ និង​ទឹកស្អាត គឺជា​វិធានការ​សាមញ្ញ និង​ចាំបាច់​។ កន្លែង​សម្រាក​កម្សាន្ត​ទាំងនោះ ក៏​ត្រូវតែ​មិនមែនជា​កន្លែង​បិទ​ជិត និង​ប្រើ​ម៉ាស៊ីន​នោះឡើយ​។ ចំនួន​មនុស្ស ក៏​មិនត្រូវ​ច្រើន រហូតដល់​ថ្នាក់​ប្រជ្រៀត​គ្នា​ទេ​។​

​ក្រៅពី​អាជ្ញាធរ​សមត្ថកិច្ច ដែលមាន​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍ ចេញ​នូវ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា ហៅ​កាត់​ថា SOP តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​រមណីយដ្ឋាន ភោជនីយដ្ឋាន និង​សហគមន៍​ទេសចរណ៍ អនុវត្ត​ហើយ គឺ​អ្នកទេសចរ​យើង ក៏​ត្រូវតែ​ការពារ និង​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។ ការ​ដើរលេង​ពេលនេះ គួរតែ​ធ្វើជា​លក្ខណៈ​គ្រួសារ តាម​ម៉ូតូ ឬ​ឡាន​គ្រួសារ​ផ្ទាល់ខ្លួន ហើយ​ជួបជុំ​ទទួលទាន​អាហារ ក៏​ជា​លក្ខណៈ​គ្រួសារ តាមបែប​ពិ​កនិច ដោយ​វេច​ខ្ចប់​ម្ហូបអាហារ​ស្រាប់ៗ យក​ពី​ផ្ទះ ឬ​ទិញ​តាមផ្លូវ ហើយ​រក​កន្លែង​សមគួរ ក្រោយ​ដើមឈើ វាល​ណា ជួបជុំ​ទទួលទាន ក៏មាន​សុវត្ថិភាព និង​អាច​សន្សំ​លុយ​បាន​ខ្លះ​ថែមទៀត​។​

​ទៅដល់​រមណីយដ្ឋាន ឬ​តំបន់​ទេសចរណ៍ ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​។ គម្លាត​សុវត្ថិភាព ជា​កត្តា​សំខាន់ និង​ពាក់​ម៉ាស​ជានិច្ច អាល់កុល ជែ​ល ត្រូវមាន​ជាប់ដៃ ដើម្បី​បាញ់​លាង​សម្អាត​ដៃ​ឲ្យ​ញឹកញាប់​។​

​ម្ចាស់​ហាង អ្នកគ្រប់គ្រង​រមណីយ​ដ្ឋា​ន និង​សហគមន៍​ទេសចរណ៍ ក៏ត្រូវ​ប្រយ័ត្ន​ជាងគេ ព្រោះថា បើសិនជា​នៅ​កន្លែង​នោះ មាន​អ្នក​ឆ្លង​កូ​វីដ គឺ​ច្បាស់​ណាស់​ថា នឹងត្រូវ​បិទ​ផ្អាក​ដំណើរការ​ទាំងស្រុង ហើយ​ត្រឹមតែ​បិទ​ផ្អាក មិន​អី​ទេ តែបើ​ដល់​ថ្នាក់​ឆ្លង​កូ​វីដ​ដល់​បុគ្គល ឬ​ក្រុមគ្រួសារ​ម្ចាស់​ហាង​ថែមទៀត​នោះ គឺ​រឹតតែ​ធ្ងន់ធ្ងរ​។ បើ​ចាំបាច់ ការធ្វើ​តេស្ត​កូ​វីដ ក៏​ជា​លក្ខខណ្ឌ​តម្រូវ​មួយ សម្រាប់អ្នកទេសចរ រួមទាំង​ការបង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង នៅពេល​ចូល​រមណីយដ្ឋាន ឬ​តំបន់​ទេសចរណ៍​ណាមួយ​។​

​ដូច្នេះ​ពេលនេះ មានតែ​រួមគ្នា ដើម្បី​រស់នៅ​ជាមួយ​កូ​វីដ​។ កូ​វីដ ដែល​មិនដឹង​ចប់​ពេលណា​ទេ​? តែ​យើង​ម្នាក់ៗ ពិសេស​អ្នករកស៊ី មុខរបរ​ការងារ​នា​នា អ្នក​បើកហាង អាហា​រដ្ឋា​ន រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និង​សហគមន៍​តំបន់​ទេសចរណ៍ ជាដើម គឺ​ត្រូវ​ការបើក​ដំណើរការ​ឡើងវិញ ដើម្បី​បាន​ចំណូល​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​៕​សរន