ដោយៈមុនីរ័ត្ន/ភ្នំពេញ : អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាចប់អាណត្តិលោកវរនាវីឯក Ivan Stadchenko បាន សម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងគ្រប់គ្រងស្ថានភាព នៃជំងឺកូវីដ១៩យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍។លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងទ័ពជើងគោកនៅក្នុងកិច្ចការដ៏មានសារៈសំខាន់ចាំបាច់ចំពោះមុខនេះ។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ជម្រាបលាជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនៅទីបញ្ជាការកងទ័ពជើង គោកនៃកងយោធពលខេមរភូមិន្ទកាលពីព្រឹកថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២១ ។

ប្រភពបញ្ជាក់ថាក្នុងជំនួបនេះអនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីដែលបញ្ចប់អាណត្តិបានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតដែលតែងបានជួយគាំទ្រនិងបង្កលក្ខណៈដល់ការបំពេញបេសកកម្មការទូតយោធារបស់លោកទទួលបានជោគជ័យ។ជាពិសេសការសម្របសម្រួលផ្តល់លទ្ធភាពលើកិច្ចសហការនានាជាមួយបណ្តាស្ថាប័ន-កងឯកភាព ចំណុះកងទ័ពជើងគោក។

ចំណែកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានថ្លែងអំណរ គុណចំពោះលោកវរនាវីឯក Ivan Stadchenkoដែល បានខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យក្នុងអាណត្តិការងារកន្លងមក ដោយសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈនិងពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អរវាងយោធា និង យោធានៃប្រទេសទាំងពីរ។លោកក៏បានយកឱកាសនេះសម្តែងនូវការអរគុណចំពោះប្រទេសរុស្ស៊ីដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ជាពិសេសជំនួយលើការអភិវឌ្ឍធនធានមនុស្ស ទាំងក្នុងស្ថាប័នស៊ីវិល និងយោធាហើយដែលជំនួយក្នុងវិស័យនេះក៏បានបន្តមកដល់សព្វ ថ្ងៃនេះ។

ចំណែកលោកវរនាវីឯក Vitaly Luchshev អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីថ្មីប្រចាំនៅកម្ពុជាវិញបានសម្តែង នូវក្តីរីករាយដែលបានទទួលការតែងតាំងឱ្យមកបំពេញការងារនៅកម្ពុជានិងបានជម្រាបជូនថាជាមួយនឹងបទពិសោធន៍ដែលលោកមានជាច្រើនឆ្នាំនៅក្នុងតំបន់អាស៊ានលោកនឹងខិតខំប្រឹងប្រែងសម្របសម្រួលបន្តអនុវត្តទិសដៅកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ក្នុងឱកាសនេះដែរអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្តាំផ្ញើនូវការថ្លែងអំណរគុណចំពោះលោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី ដែលកាលពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅ បានផ្តល់នូវគ្រឿងឥស្សរិយយស “ថ្នាក់មិត្តភាព-Order of Friendship”ជូនចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេ្ទសក៍ដ៏ឆ្នើមក្នុងការជំរុញនិងពូនជ្រុំ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសនិងប្រជាជននៃប្រទេសទាំងពីរតាំងពីអតីតកាលរហូតមកដល់ បច្ចុប្បន្ន៕ សរន