ដោយៈ គង់ហេង/ ត្បូងឃ្មុំៈ បុរសអាយុ ៤៩ ឆ្នាំម្នាក់បានទាញដំបងឈើវាយសំពងក្បាលលើបុរសម្នាក់ទៀតរហូតស្លាប់ ខណៈដែលបុរសជារងគ្រោះបានដើរទៅក្បែរ បុរសជាជនសង្ស័យនៅចំណុចផ្ទះបាត់បែកមួយស្ថិតនៅភូមិក្រូច ឃុំត្រមូង ស្រុកមេមត់ នៅរសៀលថ្ងៃទី៧ កញ្ញាម្សិលមិញ។

ក្រោយពីកើតហេតុមន្រ្តីនគរបាលបានចុះទៅស៊ើបអង្កេតករណីឃាតកម្មខាងលើ ដើម្បីឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់នោះទើបដឹងថា គឺមនុស្សមានសតិមិនគ្រប់ ដែលមានឈ្មោះ តៃ អាយុ ៤៩ ឆ្នាំរស់នៅភូមិកើតហេតុ។

មន្រ្តីនគរបាលបានបញ្ជាក់ថាៈ ចំណែកជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតមានអាយុ ៤៣ ឆ្នាំឈ្មោះ សឿន វ៉ាន់ឌី ក៏រស់នៅភូមិកើតហេតុដែរ។ ដោយឡែកក្រោយពីការសួរចម្លើយជនសង្ស័យជាឃាតករ បានទទួលតែឈ្មោះ តៃ កើតឆ្នាំ១៩៧២ គឺមិននិយាយអ្វីផ្សេងទាំងអស់។

ប្រភពនោះបានបន្តថា ប៉ុន្តែទោះជាយ៉ាងណា លោក គង់ រតនា ជាព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូង ខេត្តត្បូងឃ្មុំបានបញ្ជាឱ្យឃាត់ខ្លួនឈ្មោះ តៃ នៅម៉ោងជាង ៤ រសៀលថ្ងៃដដែល កសាងសំណុំរឿងតាមនីតិវិធី៕