ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ សមត្ថកិច្ចនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យម្នាក់ ដែលជាជនជតិចិន ជាប់ពាក់ព័ន្ធនឹងបទល្មើស រក្សាទុក ដឹកជញ្ជូន និងជួញដូរ គ្រឿងញៀន ដោយខុស ច្បាប់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាង អយ្យការ បើកការស៊ើបសួរ តាមនីតិវិធី។
សមត្ថកិច្ច បានអោយដឹងថាៈ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាល មន្ទីរប្រឆាំង គ្រឿងញៀន បានចុះបង្ក្រាប ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ គ្រឿងញៀន ដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំញៀន បានប្រមាណជិត ២ គីឡូក្រាម ។
សមត្ថកិច បានបន្តថាៈ ជនសង្ស័យឈ្មោះ ហេង សុខសាន្ត ភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិខ្មែរ ដើមកំណើតចិន។
សូមបញ្ជាក់ថា ករណីបង្ក្រាប ខាងលើនេះ កើតឡើងនៅវេលាម៉ោង ២២ ដោយកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោក វរសេនីយ៍ឯក យឹម សែន នាយករងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ក្រោមការសម្របសម្រួល នីតិវិធីពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប នៅចំណុច ផ្លូវលេខ១១១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាង សារធាតុញៀន ប្រភេទអុិចស្តាសុី (MDMA) ទម្ងន់សុទ្ធ ១៩៩៩,០៩ ក្រាម (ជិត ២ គីឡូក្រាម) ។ បច្ចប្បន្ន ជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យការ បើកការស៊ើបសួរ នៅឡើយ៕/V