រដ្ឋមន្ត្រីការបរទេសអាមេរិក៖ សហរដ្ឋអាមេរិកនឹងទម្លាក់ចោលការពិភាក្សាជាមួយកូរ៉េខាងជើងប្រសិនបើកិច្ចព្រមព្រៀងដំណើរការទៅមិនល្អ

1227
ចែករម្លែក

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ផមផេវ បាននិយាយកាលពីថ្ងៃពុធទី២៣ឧសភាថា សហរដ្ឋអាមេរិកត្រៀមខ្លួនដើរចេញពីជំនួបចរចាជាមួយកូរ៉េខាងជើងប្រសិនបើការចរចានៅពេលខាងមុខស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះ ធ្វើទៅដោយខុសទិសដៅនោះ។

លោក ម៉ៃ ផមផេវ បាននិយាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិកថា “កិច្ចព្រមព្រៀងមិនល្អ គឺមិនមែនជាជំរើសនោះទេ។ ប្រជាជនអាមេរិកកំពុងផ្តល់ការជឿទុកចិត្តលើយើង ដើម្បីសម្រេចកិច្ចការដ៏ត្រឹមត្រូវនេះ។ ប្រសិនបើ កិច្ចព្រមព្រៀងត្រឹមត្រូវមិនស្ថិតនៅលើតុនោះ យើងនឹងដើរចេញ ” ។

លោក ម៉ៃ ផមផេវ បាននិយាយថាយុទ្ធនាការអាមេរិកដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងមានផ្លែផ្កា។ លោកបន្តថា ” ជំហររបស់យើងនឹងមិនផ្លាស់ប្តូរទេ រហូតទាល់តែយើងមើលឃើញនូវការបោះជំហានដ៏គួរឱ្យជឿជាក់ដែលឆ្ពោះទៅរកការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ”។

នៅពេលត្រូវបានចោទសួរនោះ លោក ម៉ៃ ផមផេវ បាននិយាយថាសហរដ្ឋអាមេរិកមិន មានបំណងធ្វើសម្បទានដល់រដ្ឋាភិបាលក្រុងព្យុងយ៉ាងក្នុងការចរចារ រវាង ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១២ខែ មិថុនានៅប្រទេសសិង្ហបុរី នោះទេ ៕ដោយ៖សុខា/SN
លោក ម៉ៃ ផមផេវ ស្ថិតនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការបរទេសរបស់សភាអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ

ទីតាំងផ្សាយពាណិជ្ជកម្ម