ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្ត កំពង់ឆ្នាំង រួមដំណើរដោយលោក អម សុភា ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីជាច្រើនរូប បានចុះត្រួតពិនិត្យ លើកទី២ ក្នុងការសាងសង់លំនៅដ្ឋាន និងឣណ្ដូងទឹក ដល់គ្រួសារ រងគ្រោះ ដោយអគ្គិភ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់គ្រួសារ ចំនួន២ នៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។ ការសាងសង់លំនៅដ្ឋាន និងអណ្តូង សម្រេចបានប្រមាណ ៨០ ភាគរយហើយ ហើយនឹងបញ្ចប់ការសាងសង់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។
ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកន្លងមក សម្តេចតែងតែនឹករលឹក និងគិតគូរពីសុខទុក្ខរបស់ បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក គ្រប់ទីកន្លែង ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ។
លោក ស៊ុន សុវណ្ណារិទ្ធិ ក៏មានប្រសាសន៍ផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ សូមថែរក្សាសុខភាពឲ្យបានល្អ ត្រូវអនុវត្ត តាមការណែនាំរបស់ ក្រសួងសុខាភិបាល អនុវត្តតាមអនុសាសន៍របស់ សម្តេចប្រមុខរាជរដ្ឋាភិ បាល គឺ ៣ ការពារ ៣ កុំ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា និងអំពាវនាវឱ្យប្រជាពលរដ្ឋ មិនទាន់ទៅចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ លោកបានចែកអំណោយជូនគ្រួសារ ជួបការលំបាក និងរងផលប៉ះពាល់ ដោយសារជំងឺកូវីដ ចំនួន ១០ គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម, មី១កេស, ត្រីខ១យួរ និងទឹកសុទ្ធ ១កេស ៕/V