ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋាន ប្រាសាទកោះកេរ រួមជាមួយប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបចេ្ចកទេស នៃនាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យា បានចុះសិក្សា ត្រួតពិនិត្យ វាយតម្លៃ និងចងក្រឯកសារ លើប្រាសាទសំខាន់ ចំនួន៦ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។
អាជ្ញាធរជាតិព្រះវិហារ បានបង្ហោះក្នុងបណ្តាញសង្គម នៅយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះថាៈ រួមមាន ប្រាសាទគោកគ្រង ប្រាសាទបឹងខ្នារ ប្រាសាទក្ទម្ព ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និងប្រាសាទ ដងទង់។ ប្រាសាទកោះកេរ មានទីតាំងក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងន័យនេះ គឺដើម្បីស្វែងយល់ពី ស្ថានភាពបច្ចុប្បន្ន កម្រិតហានិភ័យ របស់ប្រាសាទនីមួយៗ និងរៀបចំ ចងក្រងឯកសារ ស្តីពីផែនការអនុវត្តន៍ រយៈពេលខ្លី និងរយៈពេលវែង សម្រាប់ការងារអភិរក្ស និងជួសជុល នាពេលខាងមុខ៕/V