អាជ្ញាធរ​អប្សរា​ចុះ​ពិនិត្យ​សំណើរ​សាងសង់​ប្រជាជន​រងគ្រោះ​ដោយសារ​ខ្យល់ព្យុះ​នៅក្នុង​ឧទ្យាន​អង្គរ​

1134
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: ឆ្លងកាត់​ការចុះពិនិត្យ​ក្នុង​រយៈពេល​២​ថ្ងៃ ក្រុមការងារ​សហគម​ន៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា សម្រេច​ឲ្យ​ជួសជុល និង​សាងសង់​សំណង់ ដល់​ប្រជាជន​ក្នុង​តំបន់​អង្គរ ដែល​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់ព្យុះ​។​

​តាម​ការចុះពិនិត្យ​ជាក់ស្តែង ស្រុក​អង្គរធំ បាន​ឧបត្ថម្ភ​គ្រឿង​បរិភោគ​ដល់​ជនរងគ្រោះ​ដោយ​ខ្យល់ព្យុះ​ចំនួន​២​គ្រួសារ​នៅ​ភូមិ​ភ្លង់ និង​ភូមិ​សំរោង ។ លើសពីនេះ​ទៀត ក្រុមការងារ​ក៏បាន​សម្រេច​អនុញ្ញាតឱ្យ​ជួសជុលផ្ទះ​នៅ​នឹង​ទីតាំង​០១​ករណី ដែល​ស្ថិតនៅ​ភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ។​

​ដោយឡែក​នៅក្នុង​ស្រុក​ពួក បាន​ចុះ​ពិនិត្យ​និង​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​សាង់សង់​និង​ជួសជុល​ឡើងវិញ​នូវ​ករណី​ផ្ទះ​ដួលរលំ​ទាំងស្រុង​១០​ករណី​និង​ខូចខាត​ដំបូល​៥​ករណី ដោយសារ​គ្រោះធម្មជាតិ​បណ្តាល​ពី​ខ្យល់​ខ្លាំង​នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត​។​

​រីឯ​ស្រុក​ប្រាសាទបាគង ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ការស្នើសុំ​ជួសជុលផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង ឃុំ​បាគង ដោយ​សម្រេច​អនុញ្ញាត​ឲ្យ​ជួសជុលផ្ទះ​តូចតាច​នៅ​ទីតាំង​ផ្ទាល់​ចំនួន​១៤​ករណី ចំណែកឯ​០៤​ករណី​ទៀត ម្ចាស់​ពុំទាន់​មានលទ្ធភាព​ធ្វើ​និង​ម្ចាស់ផ្ទះ​មិន​នៅ​។ ក្រុមការងារ​ក៏បាន​ទៅពិនិត្យ​និង​អនុញ្ញាតឱ្យ​សាងសង់​ផ្ទះបាយ​ឡើងវិញ​ដែល​បាន​ដួលរលំ​ដោយសារ​មាន​ខ្យល់ នៅ​ភូមិ​រលួស​ខាងលិច ចំនួន​០២​ករណី​ថែមទៀត​។​

​ក្រុម​សហគមន៍​បញ្ជាក់ថា នេះ​ជា​ទឹកចិត្ត​នៃ​ការចែករំលែក​និង​ជួយសង្គ្រោះ​ដល់​ប្រជាជន​ក្នុង​តំបន់​អង្គរ​ដែល​ជួប​គ្រោះអាសន្ន​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ មាន​ក្រ ឬ​ជាតិ​សាសន៍​អ្វី​នោះឡើយ​។ អាជ្ញាធរ​ជាតិ​អប្សរា​តែង​យកចិត្តទុកដាក់​ពី​ការរស់នៅ សុខទុក្ខ និង​ការរៀប​សាងសង់​ផ្សេងៗ​ដល់​អ្នកស្រុក​ក្នុង​តំបន់​ឱ្យស្រប​ទៅតាម​គោលការណ៍ និង​លើកកម្ពស់​ផ្នែក​អប់រំ រួមទាំង​សុខុមាលភាព​របស់​ប្រជាជន​ផងដែរ​៕ ល​