​ដោយៈ​សុផល​/​ភ្នំពេញៈវិស័យ​រដ្ឋ​និង​ឯកជន​បាន​សហការគ្នា​បណ្តុះបណ្តាល​អភិវឌ្ឍ​ធនធានមនុស្ស​លើ​ជំនាញ​បច្ចេកទេស​និង​ពង្រឹងគុណភាព​អប់រំ​ឱ្យ​សមស្រប​ទៅនឹង​តម្រូវការ​ទីផ្សារ​។​

​នា​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ ២០២១​នេះ នៅ​ទីស្តីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ភីអិលស៊ី​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ ការយោគយល់​ដើម្បី​រួមគ្នា​បណ្តុះបណ្តាល​ធនធាន​មនុស្ស​។​លោកស្រី ឥ​ម នីថា​រ៉ា រដ្ឋលេខាធិការ​ក្រសួង សាធារណការ​និង​ដឹកជញ្ជូន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ដោយ​លោក​ហឿន សំនៀង នាយក​វិទ្យាស្ថាន និង​លោក ង​ន សាំង ប្រធាន​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។​

​លោកស្រី​រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា​ការចុះ​អនុស្សរណៈ​យោគយល់​នាពេលនេះ​គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​រវាង​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន និង ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​លើ​ជំនាញ​បច្ចេកទេស ។​លោកស្រី​បាន​បន្ថែមថា​៖
​ក្រុមហ៊ុន​អ​អិ​ម​អេ​នឹង​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ជា​ដៃគូ​សហការ​របស់​វិទ្យាស្ថាន​ដំបូង​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ង​ន សាំង អគ្គនាយក​និង​ជា​តំណាង​នៃ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​បាន​ចាប់អារម្មណ៍​លើ​កិច្ចសហការ​ជាមួយនឹង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​ចូលរួម​ពង្រឹងគុណភាព​អប់រំ​ឱ្យ​សមស្រប​ទៅនឹង​តម្រូវការ​ទីផ្សារ
​និង​ផ្តល់ជំនួយ​បច្ចេកទេស​ដែលជា​គុណប្រយោជន៍​ដល់​និស្សិត​អាច​ផ្តល់ឱ្យ​និស្សិត​ទទួលបាន​នូវ​ភាពប្រសើរឡើង​ក្នុងឱកាស​ការងារ ជំនាញ ចំណេះដឹង និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​គូភាគី​ទៅវិញទៅមក​ផងដែរ​។​

​លោកស្រី​រដ្ឋលេខាធិការ បាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​នឹង​ផ្តល់​កិច្ចសហការ យ៉ាង ជិតស្និទ្ធ​ជាមួយ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដើម្បី​អភិវឌ្ឍ​ការអប់រំ និង​ស្រាវជ្រាវ លើ​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​បង្កើតឱ្យមាន​កម្មវិធី​ប​ណ្តុះ​បណ្តាល​កម្មវិធី​នានា​រួមគ្នា ផ្លាស់ប្តូរ ប្រើប្រាស់​ឧបករណ៍ គ្រឿង​បរិក្ខា សម្ភារ​សំណង់ និង​ធនធាន​រួមគ្នា និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ផ្សេងៗ​ទៀតផង​ដែរ​។​

​លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ ប្រឹងប្រែង និង​ការប្តេជ្ញាចិត្ត​របស់​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ភីអិលស៊ី (RMA Cambodia Plc)​ក្នុងទិសដៅ​ពង្រីក​លទ្ធភាព​ផ្តល់​ការបណ្តុះបណ្តាល​ដល់​និស្សិត​ឱ្យ បាន​កាន់តែ​ទូលំទូលាយ ជាក់លាក់ និង​រឹងមាំ​លើ​ជំនាញ ចំណេះដឹង និង​សីលធម៌ ស្របតាម​តម្រូវការ​របស់​សង្គម​។​

​លោកនាយក​វិទ្យាស្ថាន​បាន​ជម្រាបជូន​ផងដែរ​ថា កន្លងមក​វិទ្យាស្ថាន​តេ​ជោ សែន​បាន​ចុះ​អនុស្សរណៈ​ជាមួយ​បណ្តា ដៃគូ​នានា​ក្នុង​វិស័យ​ពាក់ព័ន្ធ​ក្នុងនោះ​រួមមាន​៖​វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា សាលា Jhajaing ប្រទេស​ចិន
​និង​នៅ​ថ្ងៃ​ខាងមុខ​វិទ្យាស្ថាន​នឹង​ចុះ​អនុស្សរណៈ​ជាមួយ​សាលា​ភូមិន្ទ​រដ្ឋបាល សមាគម​ភស្តុភារ​កម្ម​កម្ពុជា ក្រុមហ៊ុន PPD សាកលវិទ្យាល័យ Chang An University​ប្រទេស​ចិន​ព្រមទាំង​បណ្តា​ដៃគូ​ផ្សេងៗ​ទៀត​ក្នុងទិសដៅ ពង្រីក​ភាព ជា​ដៃគូ​ខាងក្រៅ ដើម្បី​ពង្រឹង​ខាងក្នុង​។​

​បន្ថែម​ពីលើ​នេះ នាយក​វិទ្យាស្ថាន​បាន​លើកឡើងថា​៖ ការបណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ផ្តោតលើ​គុណ​តម្លៃ​សំខាន់​ចំនួន​បី​គឺ​៖
​ទី​១. ជំនាញ ទី​២. ចំណេះដឹង និង​ទី​៣. សីលធម៌ ជាមួយនឹង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​បណ្តុះបណ្តាល​និស្សិត​ឱ្យមាន​ជំនាញ​ច្បាស់ លាស់ ចំណេះដឹង​ទូលំទូលាយ
​អាចធ្វើ​ការ​ជាមួយ​អ្នកដទៃ​ប្រកបដោយ​សីលធម៌ គុណធម៌ អត្តចរិត ចរិយា​សម្បត្តិ និង​គុណ​តម្លៃ​ត្រឹមត្រូវ ក្នុងឋាន​:​ជា​អ្នក​បន្តវេន​ប្រកបដោយ​សក្តានុពល
​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​អនាគត​កម្ពុជា​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ដឹកជញ្ជូន​។​

​ការបង្កើត​វិទ្យាស្ថាន​នេះ​ឡើង ក្នុង​គោលបំណង​បណ្តុះបណ្តាល​កូន​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​បន្តបន្ទាប់ ទៀត​ឱ្យមាន​សមត្ថភាព​ចេះ​សាងសង់​ផ្លូវ ស្ពាន ឆ្លងកាត់​ទន្លេមេគង្គ
​ទន្លេបាសាក់ ទន្លេសាប ដោយ​ខ្លួនឯង និង​មាន​គុណភាព​ជូន​ជាតិ​មាតុភូមិ​នាពេល​អនាគត​ដូច​បុព្វបុរស​យើង​នា​សម័យមុន
​ដែលមាន​សមត្ថភាព​ក​សាង​ប្រាង្គ​ប្រាសាទ​ដ៏​ស្រស់បំព្រង និង​មាន​គុណភាព​ជាប់​បាន​រាប់រយ​ពាន់​ឆ្នាំ និង​ថែមទាំង​ល្បីល្បាញ​ពាសពេញ​សាកលលោក​ទៀតផង​។​

​គួរ​កត់សម្គាល់ថា ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​មួយ​មាន​ភាពល្បីល្បាញ និង​មានការ ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ និង​មាន​ឯកទេស​ផ្នែក​វិស្វកម្ម​យានយន្ត
​បច្ចេកទេស ឧបករណ៍​ធុន​ធ្ងន់ ក៏ដូចជា​បាន​ចូលរួម​យ៉ាងសកម្ម​គាំទ្រ​ដល់​សកម្មភាព​សង្គម​ទាំងឡាយ​៕​សរន​.mara