​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទោះបីជា​ព្យុះ​ទី​១៣ កុង​សុន មិនមាន​ឥទ្ធិពល​ខ្លាំង​ដូច​ការ​ព្យាករ​យ៉ាងណា​ក៏​ទឹកទន្លេ​មេគង្គ​នៅតែ​បន្ត​ងើបឡើង​សន្សឹមៗ​ពេញ​មួយ​សប្តាហ៍​ទៀត ដោយសារ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ស្មើ​ក្នុង​កម្រិត​ពី​២០​ទៅ​៣០​មី​លី​ម៉ែត្រ​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​និង​បើ​ព្យុះ​មិន​ប្រែប្រួល​ទេ ទឹកទន្លេ​នេះ​នឹង​ហក់​ឡើង​ខ្លាំង​ភ្លាមៗ​។​

​លោក​ម៉ៅ ហាក់ មន្ត្រី​ជំនាញ​ជលសា​ស្ត្រ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១​ថា ព្យុះ​ទី​១៣​កុន​សុន​អាចមាន ឥទ្ធិពល​ទឹកភ្លៀង​ខ្សោយ​ដល់​តំបន់​អាង​ទន្លេមេគង្គ​លើ គឺ​មិន​ច្រើន​ដូច​ការរំពឹងទុក​ពីដំបូង​នោះទេ ដោយសារ​ព្យុះ​ទី​១៤ ចាន់ធូ កើត​មាក​ក្រោយ​មាន​ឥទ្ធិពល​ខ្លាំង​ស្រូប​ព្យុះ​ទី​១៣​ឱ្យ​ចុះខ្សោយ​។ ទោះជា​យ៉ាងណា​ទឹកទន្លេ​មេគង្គ​នៅតែ​បន្ត​ងើបឡើង​សន្សឹមៗ​យ៉ាងតិច​មួយ​សប្តាហ៍​ទៀត អាច​នាំឱ្យ​ទឹកទន្លេ​មេគង្គ​នៅ​ចតុមុខ​ឡើងដល់​កម្ពស់​លើសពី​៦​ម៉ែត្រ​។​


មន្ត្រី​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មេគង្គ​លើ​មាន​ភ្លៀង​ធ្លាក់​ស្មើ​គ្រប់កន្លែង​រាល់ថ្ងៃ​ក្នុង​កម្រិត​ពី​២០ ទៅ​៣០​មី​លី​ម៉ែត្រ ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ​នៅ គ្រប់​ស្ថានីយ​ងើប​ឡើងជា​លំដាប់​ដោយ​មិនមាន​សញ្ញា​អាសន្ន​ទេ តែបើ​ព្យុះ​ទី​១៣​ដើរចូល​មកដល់​តំបន់​អាង​ដូច​ការ​ព្យាករ​ពីដំបូង​នោះ អាច​នឹងមាន​ជំនន់​កើតឡើង​ភ្លាមៗ​។ ទោះ ជា​យ៉ាងណា​ព្យុះ​នេះ​នៅតែមាន​ដំណើរ​ទៅ​តំបន់​អាង​គ្រាន់តែ​ក្នុង​កម្រិត​ណាមួយ​មិនមែនជា​ព្យុះ​។​

​តាម​ព្រឹត្តិប័ត្រ​ព័​ត៍​មាន​និង​ព្យាករណ៍​កម្ពស់​ទឹក ដែល​ចេញ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​៩ ខែកញ្ញា​បង្ហាញឱ្យឃើញថា នៅ​ខេត្តស្ទឹងត្រែង ទឹក មាន​កម្ពស់​៦,៣៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៨ ខែកញ្ញា ០,២៥​ម៉ែត្រ នៅ​ខេត្តក្រចេះ ទឹក​មាន​កម្ពស់​១៤,៧៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៨ ខែកញ្ញា ០,៤៩​ម៉ែត្រ នៅ​ខេត្ត​កំពង់ ចាម​ទឹក​មាន​កម្ពស់​៨,៥៩​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៨ ខែកញ្ញា ០,១៤​ម៉ែត្រ នៅ​រាជធានី ភ្នំពេញ​ទឹក​មាន​កម្ពស់​៥,១៣​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៨ ខែកញ្ញា ០,០៧​ម៉ែត្រ នៅ​អ្នក​លឿង ទឹក​មាន​កម្ពស់​៣,៦២​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៨ ខែកញ្ញា ០,០៧​ម៉ែត្រ នៅ​ទន្លេ បាសាក់​កោះ​ខែល ទឹក​មាន​កម្ពស់​៤,៧៥​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៨ ខែកញ្ញា ០,០៦ ម៉ែត្រ នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​មាន​កម្ពស់​៤,២៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​៨ ខែកញ្ញា ០,០៨​ម៉ែត្រ នៅ​បឹង​ទន្លេសាប​កំពង់​លួង ទឹក​មាន​កម្ពស់​៣,៤៧​ម៉ែត្រ ខ្ពស់ ជាង​ថ្ងៃទី​៣១ ខែសីហា​០,០៤​ម៉ែត្រ​។​
​តាម​ការ​ព្យាករ​ដដែល​សម្រាប់​ថ្ងៃទី​១២ ខែកញ្ញា នៅ​ស្ទឹងត្រែង ទឹក​អាច​ឡើង់ដល់​៦,៧៤​ម៉ែត្រ នៅ​កំពង់ចាម​ទឹក​អាច ឡើងដល់​៩,២១​ម៉ែត្រ និង នៅ​ចតុ​មុខទឹក​អាច​ឡោះ​ង​ដល់​កម្ពស់​៥,៥២​ម៉ែត្រ​។
​ការ​ព្យាករ​កាលពីដើម​រដូវវស្សា​ទឹកទន្លេ​មេគង្គ​នៅ​ចតុមុខ​អាច​ឡើងដល់​កម្ពស់​៩,៣០​ម៉ែត្រ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២១ បាន​ជូនដំណឹង​អំពី​ស្ថានភាព​អាកាសធាតុ​សម្រាប់​ពីថ្ងៃ​ទី​១៤ ខែកញ្ញា​ថា ព្រះរាជាណាចក្រ​កម្ពុជា​ទ​ទួល​នូវ​ឥទ្ធិពល​ពី​បាតុភូត​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ខ្លាំង ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ​ពី​ប្រទេស​ភូមា កាត់​ប្រទេស​ថៃ ឡាវ និង វៀតណាម​រួច​នឹង ចុះ​បន្តិច​មកលើ​ប្រទេស​កម្ពុជា ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​មធ្យម​ទៅ​បង្គួរ ខ្យល់​សមុទ្រ ( Sea Breeze )​ហើយនឹង​វិ​សម្ពាធ​ចំនួន​ពីរ ដែល​មួយ​ស្ថិតនៅ​ខាងកើត​ក្បែរ​ប្រទេស​ហ្វីលីពីន​ដែល​បច្ចុប្បន្ន​បាន​បំប្លែង​ខ្លួន​ទៅជា​ព្យុះ ទី​១៣ ឈ្មោះ​កុន​សុន​( STS CONSON ) ដែល​នឹងមាន​ដំណើរ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​ខាងជើង និង​វិ​សម្ពាធ​មួយទៀត​ស្ថិតនៅក្នុង​សមុទ្រ​ភាគ​ខាងកើត​ហ្វីលីពីន ធ្វើដំណើរ​ទៅលើ​មិនមាន​ឥទ្ធិពល​មកលើ​កម្ពុជា​យើង​ទេ ។​
ក្នុង​សេចក្តីជូនដំណឹង​ខាងលើ​បាន​បញ្ជាក់ថា​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ សីតុណ្ហភាព​អតិបរមា​ពី​៣១​ទៅ​៣៣​អង្សា​សេ ផ្ទៃមេឃ​អួរ​អាប់​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​ទន្ទឹម​នោះ​ប​ណ្កា​ខេត្ត​មួយចំនួន​មាន​ជាអាទិ៍​ដូចជា​ខេត្តបាត់ដំបង ,​ខេត្តពោធិ៍សាត់​, ខេត្តកំពង់ធំ​ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,​ខេត្តស្វាយរៀង និង​រាជធានី​ភ្នំពេញ អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២២​ទៅ​២៤​អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩​ទៅ​៣១​អង្សា​សេ​។ ផ្ទៃមេឃ​អួរ​អាប់ អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤​ទៅ​២៦​អ​អ្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២​ទៅ​៣៤​អង្សា​សេ​។​ផ្ទៃមេឃ​អួរ​អាប់​មាន​ពពក អ័ព្ទ​ច្រើន អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង លាយឡំ​ទៅដោយ ផ្គរ រន្ទះ​ខ្យល់​កន្ត្រាក់ និង​រលក​ខ្ពស់ៗ ។ ទន្ទឹម​នោះ​នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត ក៏​អាច​នឹង​មាននូវ​ជំនន់​ទឹកភ្លៀង​ផងដែរ ។​

​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ពី​ដែល​អាច​កើតមាន​ជាយថាហេតុ​បាតុភូតធម្មជាតិ​នេះ​៕​