​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ តាម​ការព្យាករណ៍ នៅ​ម៉ោង​ប្រមាណ ៤ កន្លះ នា​ល្ងាច​ថ្ងៃទី​០៧ ខែកញ្ញា នេះ ក្បួន​រថយន្ត​ដឹក​ផ្លែ​មៀន​ប៉ៃលិន (​ផ្លែ​តា​ង៉ែ​ន​) ជាច្រើន​គ្រឿង របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា សម្រាប់​លក់​ជូន​ពុក​ម៉ែ​បងប្អូន នៅ​ខាង​ខេត្ត​ព្រះសីហនុ នឹងធ្វើ​ដំណើរ​ទៅដល់​ទី​រួម​ខេត្ត ត្រៀម​រៀបចំ​ថ្លឹង​លក់​ជូន​អតិថិជន​តាម​សំណូមពរ​។​

​បើតាម​ការអះអាង​រប​ស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ផ្ទាល់​បានឱ្យដឹងថា​៖ “​ម៉ោង 4:40 ល្ងាច​នេះ​ក្បួន​ឡាន​នឹង​ទៅដល់ ខេត្ត ព្រះសីហនុ សូម​អញ្ជើញ​ពុក​ម៉ែ​បងប្អូន​ទៅ​ទិញ​មៀន​ប៉ៃលិន និង​មៀន​បាត់ដំបង តម្លៃ 1900​រៀល ទីតាំង ផ្សារ​ភូមិ ក្បែរ​វិមានឯករាជ្យ​”​។​

​យុទ្ធនាការ​ដឹកជញ្ជូន​ផ្លែ​មៀន​ពី​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង តាម​រថយន្ត​ដោយផ្ទាល់​របស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា និង​ក្រុមការងារ ទៅ​លក់​ក្នុងតម្លៃ​ខាតដើម ជូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដើម្បីឱ្យ​អ្នក​កំពង់សោម​បាន​ភ្លក់​រសជាតិ​ផ្លែឈើ​ខ្មែរ​យើង និង​បានរួម​ចំណែក​រំលែក​ទីផ្សារ​ក្នុងស្រុក ខណៈដែល​កសិផល​ធម្ម​ជាតិ​របស់​ប្រជាកសិករ​ខ្មែរ​មួយ​ប្រភេទ​នេះ កំពុង​ខ្វះ​ទីផ្សារ​នាំចេញ​ទៅ​ក្រៅប្រទេស​។​

​គួរ​រំលឹក​ផងដែរ​ថា ការចុះ​ប្រមូល​ទិញ​ដល់​ចម្ការ និង​បែងចែក​ផ្ទាល់​របស់ អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា នៅពេលនេះ ស្របតាម​ការចង្អុលបង្ហាញ​ដោយផ្ទាល់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងការ​លើកស្ទួយ និង​រក​ដំណោះស្រាយ​បញ្ហា​ខ្វះ​ទីផ្សារ​ជូន​ប្រជាកសិករ​ឱ្យបាន​ទាន់ពេលវេលា​៕​