​ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ​២០២១​បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ អំពី​បទដ្ឋាន​គតិយុត្ត​បច្ចុប្បន្នភាព​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា​សម្រាប់​សេវាកម្ម ស្នាក់នៅ​ទេសចរណ៍​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ទេសចរណ៍​សហគមន៍​-​អេកូ​ទេសចរណ៍​និង​រមណីយដ្ឋាន​ទេសចរណ៍ ក្រោម​អធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប​និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ តាមដាន​ការ អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិក​ក្រុមការងារ ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និង​លោក លោកស្រី តំណាង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប​តំណាង​សមាគម​ចុងភៅ​កម្ពុជា​ប្រចាំ​ខេត្តសៀមរាប និង​លោក លោកស្រី​ប្រធាន​សហគមន៍​ទេសចរណ៍​ទាំងអស់​ក្នុង​ខេត្តសៀមរាប ។​

​អង្គប្រជុំ​បានធ្វើការ​ផ្សព្វផ្សាយ​នូវ​ប្រកាស និង​សេចក្តីណែនាំ ទាក់ទង​នឹង​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍ សេវាកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ និង​ប្រកាស ​និង​សេចក្តីណែនាំ​សម្រាប់​រមណីយដ្ឋាន និង​សហគមន៍​-​អេកូ​ទេសចរណ៍ ។​

​ទាក់ទង​នឹង​វិធាន​សុវត្ថិភាព​ទេសចរណ៍ លោក​អភិបាលរង​បាន​លើកឡើងថា​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍​ដែល​កំពុងបើក​ដំណើរការ​ទាំងអស់​ត្រូវ​ប្រ​ត្តិ​ប​ត្តិ​ការ​អាជីវកម្ម​របស់ខ្លួន​ឱ្យ​ស្របតាម​ប្រកាស និង​សេចក្តីណែនាំ​ស្តីពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ស្តង់ដារ​អ​ប្បរមា ​ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងទេសចរណ៍​។​ក្រុមការងារ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ដោយផ្ទាល់​ដល់​ប្រតិបត្តិ​ករ​ទេស​រណ៍​ទាំងអស់​ក្នុង​ខេត្ត​ឱ្យ​យល់ដឹង និង​អនុវត្ត​នូវ​ប្រកាស ​និង​សេចក្តីណែនាំ​របស់​ក្រសួងទេសចរណ៍ ស្របតាម “​គន្លង​ប្រក្រតីភាព​ថ្មី​”​។​

​សម្រាប់​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​ត្រូវ​កំណត់​ឱ្យបាន​នូវ​សមត្ថភាព​ផ្ទុក​អតិបរមា ដែល​អាច​ទទួលភ្ញៀវ​ក្នុងពេល​តែមួយ ដោយ​អនុលោម​តាម​ស្តង់ដារ​គម្លាត​សុវត្ថិភាព និង​ត្រូវធ្វើ​ការចុះឈ្មោះ​ភ្ញៀវ​ចូល​ទស្សនា​ជាប្រចាំ ជាពិសេស​អនុវត្ត​ឱ្យបាន​នូវ​ការ​ស្កេ​ន QR Code ទប់ស្កាត់​កូ​វីដ​-១៩ ។​ចំណែក​គ្រប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំងអស់​ដែល​បើក​ដំណើរការ​នឹង​ទទួលបាន​នូវ​ឡា​ប៊ែ​ល​បញ្ជាក់​ពី​សុវត្ថិភាព​បន្ទាប់​ការចុះ​វាយតម្លៃ​របស់​ក្រុមការងារ​អំពី​ការអនុវត្ត​នូ​វប្រ​កាស និង​សេចក្តីណែនាំ​របស់​ក្រសួងទេសចរណ៍ ស្របតាម “​គន្លង​ប្រក្រតីភាព​ថ្មី​” ៕​សរន​.mara