​ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានស្នើ​ឱ្យ ធនាគារពិភពលោក​ពិនិត្យ​លទ្ធភាព​លើ​ការរៀបចំ​កម្មវិធី​ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​មួយចំនួន​ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ដែល​បច្ចុប្បន្ន​បាន​បណ្តាលឱ្យ​មនុស្ស​ពី​បួន​ទៅ​ប្រាំ​នាក់​ស្លាប់​និង​រងរបួស​ពី​១០​ទៅ​១៥​នាក់ ជា​រៀងរាល់ថ្ងៃ​នៅលើ​ដងផ្លូវ និង​បញ្ហា​គំនូស​ចរាចរណ៍​និង​សញ្ញា​ចរាចរណ៍​គ្រប់​ផ្លូវ​ទាំងអស់​នៅ​កម្ពុជា​ដើម្បី​ជួយ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យនៅ​កម្រិត​ទាប​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​ស្នើ​ធនាគារពិភពលោក​ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​បំពាក់​ប្រព័ន្ធគ្រប់គ្រង​យានយន្ត ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ដោយ​ស្វ័យប្រវត្តិ ឬ​ហៅថា AI Camera and Weigh in Motion Sensor Centralized Data base Solution System នៅតាម​ទីតាំង​ផ្លូវជាតិ​សំខាន់ៗ​ដែល​ប្រព័ន្ធ​នេះ​មាន​អត្ថប្រយោជន៍​ជួយ​កាត់ បន្ថយ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត កំណត់ បង្ក​ឱ្យ​ផ្លូវ​ឆាប់​ខូច​មុន​អាយុកាល មាន​សមត្ថភាព​អាច​ចាប់​ល្បឿន យានយន្ត ដឹង​ពី​ល្បឿន អត្តសញ្ញាណ ​និង​ទម្ងន់​ផ្ទុក​របស់​យានយន្ត​ដឹកជញ្ជូន​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​និង​បាន​អញ្ជើញ​លោកស្រី​នាយិកា​ចុះទៅពិនិត្យ​ដោយផ្ទាល់​នូវ​ការបំពាក់​ប្រព័ន្ធ​នេះ​នៅ​ទីតាំង​មួយកន្លែង​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បានស្នើ​ដូច្នេះ​ចំពោះ​លោកស្រី Maryam Salim នាយិកា​គ្រប់គ្រង​ថ្មី​នៃ​ការិយាល័យ​ធនាគារ ពិភពលោក​ប្រចាំ​កម្ពុជា​ក្នុងជំនួប​ប្រជុំពិភាក្សា​តាម រយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​កាលពី​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០២១​។​

​សូម​ជម្រាបជូន​ថា​៖ លោកស្រី Maryam Salim ទើប​ទទួលបាន​ការតែងតាំង​ពី​ធនាគារពិភពលោក​ជា​នាយិកា គ្រប់គ្រង​ថ្មី​នៃ​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ជំនួស​លោកស្រី Inguna Dobraja ដែល​ត្រូវ​ផ្លាស់​ទៅ បម្រើការ​នៅ​សាធារណរដ្ឋ​ម៉ុ​ល​ដូ​វ៉ា​( Moldova) បន្ទាប់ពី​បាន​ដឹកនាំ​ការិយាល័យ​ធនាគារ​ពិភព លោក​ប្រចាំ​កម្ពុជា អស់​រយៈពេល​មួយ​អាណត្តិ​កន្លងមក​។​លោកស្រី Maryam Salim​មានបទពិសោធន៍​ការងារ​អស់​រយៈពេល ជាង​២០​ឆ្នាំ​ក្នុង ធនាគារពិភពលោក មុនពេល​លោកស្រី​ត្រូវបាន​ផ្លាស់​មក​កម្ពុជា​លោកស្រី​បាន​កាន់តំណែង​ជា នាយិកា​គ្រប់គ្រង​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​អាល់​បា​នី​ផងដែរ​។​

​នៅក្នុង​ជំនួប​អន​ឡាញ​នោះ លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​យ៉ាង​ជ្រាល ជ្រៅ​ចំពោះ​លោកស្រី​នាយិកា ដែល​ទើប​ទទួលបាន​ការតែងតាំង​ក្នុង​មុខដំណែង​ដឹកនាំ​នៅក្នុង​ធនាគារ ពិភពលោក​ប្រចាំ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ដល់​ធនាគារពិភពលោក​ដែល បានផ្ដល់​ការគាំទ្រ និង​ទំនាក់ទំនង​ល្អ​លើ​ការងារ​ស្ដារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​នៅ​កម្ពុជា​ឱ្យមាន ការរីកចម្រើន​។​

​ជាមួយគ្នា​នោះ​ផងដែរ លោកស្រី​នាយិកា បាន​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ការរីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ នេះ
​ជាពិសេស​សមិទ្ធផល​ស​ម្រេច​បាន​លើ​ការបំពេញ​ការងារ​ក្នុង​ភាពជា​ដៃគូ​រយៈពេល​កន្លងមក​ជាមួយ ក្រសួង​លើ​វិស័យ​ដឹកជញ្ជូន ការងារ​គ្រប់គ្រង​ទឹក​កខ្វក់ និង​សមិទ្ធផល​សម្រេចបាន​គួរឱ្យកត់សម្គាល់​ផ្សេង ទៀត ហើយ​លោកស្រី​នាយិកា​សង្ឃឹម​ជឿជាក់ថា​៖ ការបំពេញ​តួនាទី​របស់លោក​ស្រី​ក្នុង​អាណត្តិ​រយៈពេល
៤​ឆ្នាំ​នៅ​កម្ពុជា​នេះ នឹង​បន្ត​ភាពជា​ដៃគូ​រឹងមាំ​ថែមទៀត ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​។​

​ទាក់ទង​នឹង​ការកសាង​សមត្ថភាព លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​លោកស្រី​នាយិកា​ថា​៖ ក្រសួង បាន​បង្កើត​វិទ្យាស្ថាន​តេ​ជោ សែន សាធារណការ និង​ដឹកជញ្ជូន ដែល​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​លើ​ជំនាញ វិស្វកម្ម​ផ្លូវថ្នល់ ស្ពាន បាន​សហការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បាន​ចុះ​អនុស្សរណៈ​ជាមួយ
​សាកលវិទ្យាល័យ​បរទេស​មួយចំនួន និង​គ្រោង​ចុះ​អនុស្សរណៈ​បង្កើន​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន RMA Group និង​សមាគម​ភស្ដុភារ​កម្ម​កម្ពុជា​(CLA)​ផងដែរ ដើម្បី​កសាង​សមត្ថភាព​សម្រាប់​វិទ្យាស្ថាន ហើយ បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានបង្ហាញ​ពី​បំណង​ចង់​សហការ​ជាមួយ​ធនាគារពិភពលោក​លើ
​ការស្វែងរក​សាស្ត្រាចារ្យ និង​អ្នកជំនាញ​ល្អៗ​បន្ថែមទៀត ដែល​អាច​ផ្តល់​ការបង្រៀន​ដោយផ្ទាល់ ឬ​តាម​អន ឡាញ​ដល់​និស្សិត​របស់​វិទ្យាស្ថាន​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​លោកស្រី​នាយិកា​ផងដែរ​អំពី​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប និង​បាន​ស្នើឱ្យ​ធនាគារពិភពលោក​សហ​កា​រលើ​ការងារ ពាក់ព័ន្ធ​នឹង​យានជំនិះ​ដើរ​ដោយ​ថាមពល​អគ្គិសនី​(EV)​ដើម្បី​បរិស្ថាន​ស្អាត​នៅ​ខេត្តសៀមរាប ជាពិសេស តំបន់​អង្គរ
​នៅពេល​កម្ពុជា​បើក​ទេសចរណ៍​ឡើងវិញ​ក្រោយពី​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ បាន ធូរស្រាល​។​

​ជាការ​ឆ្លើយតប លោកស្រី​នាយិកា បានធ្វើការ​កត់សម្គាល់ និង​សម្តែង​ចំណាប់​ចំពោះ​សំណើ​នានា​ដែល
​លោក​ទេសរដ្ឋមន្ត្រី​បានលើកឡើង​ទាក់ទង​ទៅនឹង​គម្រោង​អភិវឌ្ឍន៍​នានា​របស់​ក្រសួង និង​បាន​គូស បញ្ជាក់ថា​៖ ក្រុមការងារ​នឹងធ្វើ​ការពិនិត្យ​ពិចារណា និង​សម្រប​ស​ម្រ​ល​ចំពោះ​សំណើ​ទាំងនោះ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ លោក​ទេសរដ្ឋមន្ត្រី បាន​អញ្ជើញ​លោកស្រី​នាយិកា​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី ដឹកជញ្ជូន​អាស៊ាន​(ATM) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១-១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​កម្ពុជា​ធ្វើ ជា ម្ចាស់ផ្ទះ​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ និង​គ្រោង​អញ្ជើញ​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​(ITF)
​និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​ចូលរួម​កិច្ចប្រជុំ​នេះ​ផងដែរ ហើយ​ជាការ​ឆ្លើយតប​លោកស្រី​នាយិកា បាន​ឯកភាព​និង​ត្រៀមលក្ខណៈ ចូលរួម​តប​តាម​ការអញ្ជើញ​របស់​ឯក​ឧ​ត្ត​ម​ទេសរដ្ឋមន្ត្រី​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ផងដែរ​ថា​៖ ក្រសួង​ទើប​ទទួលបាន​គោលការណ៍​ឯកភាព​ពីស​ម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ដាក់បញ្ចូល ប្រទេស​កម្ពុជា​ជា​សមាជិក​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​(ITF) ហើយ​កម្ពុជា​គឺជា​ប្រទេស​អាស៊ាន​តែមួយគត់
​ដែល​បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​នេះ​៕​សរន​