ដោយៈ ជា សីហៈ/ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៅថ្ងៃនេះបានដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី ៧ ប្រកបដោយជោគជ័យហើយបានមានប្រសាសន៍ថា សម្តេចទន្ទឹងរង់ចាំជួបពិភាក្សាគ្នាម្តងទៀតនៅក្នុងកិច្ចប្រជុំកំពូលតំបន់នេះ នៅប្រទេសចិននាឆ្នាំ ២០២៤ខាងមុខ ។
ថ្លែងនៅក្នុងសុន្ទរកថាបិទបញ្ចប់កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី ៧ នៅព្រឹកនេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា វាជាកិត្តិយសនិងសេចក្តីរីករាយដ៏ធំធេងរបស់សម្តេចដែលបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះបានយ៉ាងជោគជ័យ ។
សម្តេចបានបន្ថែមថា“ ខ្ញុំជឿជាក់ថាអ្នកនឹងយល់ស្របជាមួយខ្ញុំថាទោះបីជាមានឧបសគ្គ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ ១៩ ក៏ដោយក៏កិច្ចប្រជុំកំពូលនេះទទួលបានជោគជ័យដូចការរំពឹងទុក” ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ជាថ្មីម្តងទៀតសម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមនិងការរួមចំណែកដ៏សំខាន់នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលនេះបានយ៉ាងជោគជ័យ ។
សម្តេចតេជោ បានបញ្ជាក់ថា “ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នាមានសុខភាពល្អ នឹងជួបគ្នាម្តងទៀតនៅកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី ៨ ដែលនឹងប្រព្រឹត្តទៅនៅសាធារណរដ្ឋប្រជាមានិតចិនក្នុងឆ្នាំ ២០២៤” ។
កិច្ចប្រជុំកំពូលនេះ គឺតែងតែរៀបចំឡើងរៀងរាល់ ៣ ឆ្នាំម្តង ។ កិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទីមួយ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០០២ នៅរាជធានីភ្នំពេញខណៈកិច្ចប្រជុំកំពូលលើកទី ៦ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយនៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៨ ។ ថ្ងៃនេះជាលើកទី ២ ហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។
មហាអនុតំបន់ទន្លេមេគង្គមាន ប្រទេសចំនួន ៦ជាសមាជិក រួមមាន កម្ពុជា ចិន (ជាពិសេសខេត្តយូណាននិងតំបន់ស្វយ័តក្វាងស៊ីឈួន ) ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕