ដោយ​:​សុខុម​/​ក្រចេះ: ​អារាម​មាន​អាយុកាល​រាប់រយឆ្នាំ​មួយកន្លែង ពេលនេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង កំពុង​ខ្វះខាត​ថវិកា​ដើម្បី​សង់​ព្រះវិហារ​ថ្មី​។ វត្ត​នេះ​អ្នកស្រុក​ហៅថា ព្រះវិហារ​លាវ ។​វត្ត​នេះ​ស្ថិតក្នុង ភូមិ​កែង​ប្រាសាទ ឃុំ​សំបូរ ស្រុក​សម្បូណ៌​ខេត្តក្រចេះ​។​វត្ត​មួយ​នេះ​ពុំមាន​ព្រះសង្ឃ​គង់នៅ​ទេ​កាលពីមុន​ដោយសារ ខ្វះខាត​ថវិកា​សាងសង់​ព្រះវិហារ សាលាឆាន់ ឲ្យ​បាន​សមរម្យ ដូច​វត្ត​ដទៃ​។​

គណៈ​មេគណ​ខេត្ត អាជ្ញាធរ​ខេត្តក្រចេះ បានរៀបចំ​ព្រះវិហារ​លាវ​ក្នុង​វត្ត​អារាម​មួយ​នេះ​ឡើងវិញ​។​គណៈកម្មការ បាន​ចាត់តាំង​ព្រះចៅអធិការ​វត្ត​ប​ច្ឆា​ក្រុង​ក្រចេះ​ព្រះនាម​ធឹង​ច័ន្ទ​ត្រា​ចុះជួយ​ការងារ​រៀបចំ​វត្ត​បូរាណ​ឈ្មោះ​ព្រះវិហារ​លាវ​ដាក់​ព្រះសង្ឃ​ឲ្យ​នៅ​គង់​ចំនួន​៥​អង្គ​ក្នុង​ឆ្នាំ​២០២១​។​

ព្រះចៅអធិការ ​ធឹង​ ច័ន្ទ​ត្រា មាន​សង្ឃដីកា​ថា វ​ត្ត​ព្រះវិហារ​លាវ​មាន​អាយុកាល​ចាប់ពី ៣០០ ទៅ​ក្រោម​៥០០​ឆ្នាំ​និង ​ឆ្លងកាត់​ច្រើន​សម័យកាល​។​ថែមទាំង​មាន​ប្រវត្តិ​ទាក់ទង​នឹង​​ពុទ្ធបដិមាសង់​អំពី​ឈើ​អណ្តែត​តាម​ទឹក​ដង​ទន្លេមេគង្គ​មកពី​ស្រុក​លាវ​ហើយ​បាន​លើក​ព្រះ​ពុទ្ធរូប​នោះមក​កសាង​ក្លាយជា​ព្រះវិហារ​និង​បានដាក់​ឈ្មោះថា​”ព្រះវិហារ​លាវ”​អ្នកស្រុក​បាន​ហៅ​ឈ្មោះ ​ព្រះវិហារ​លាវ ​តាំងពី​ពេលនោះ​មក​។​

តាអាចារ្យ​បាន​ឲ្យ​ដឹង​ទៀតថា​ព្រះ​ពុទ្ធបដិមា​ដែល​សង់​អំពី​ឈើ​អណ្ដែត​តាម​ទឹក​ពី​ស្រុក​លាវ​ហើយ​អ្នកស្រុក​រៀបចំ​ដាក់​នៅ​ព្រះវិហារ​លាវ​មួយ​នេះ​បាន​បាត់​នៅ​សម័យកាល​របប​ប៉ុលពត​និង​បាន​សង់​រូបសំណាក​ឈើ​ព្រះពុទ្ធ​រូប​ថ្មី​ជំនួស​វិញ​។​

ដោយ​មើលឃើញ​ពី​ភាពលំបាក​ឃើញ​ព្រះវិហារ​សង់​អំពី​ឈើ​នៅ​ទីទួល​មួយ​កណ្ដាល​ទីប្រជុំជន​ក្នុង​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង​ទើប​មាន​ពុទ្ធបរិស័ទ​ឯកឧត្តម​លោកជំទាវ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​មួយចំនួន​បាន​ជួយឧបត្ថម្ភ​កសាង​។​
តែ​ទោះបីជា​យ៉ាងណា​ការកសាង​វត្ត​បុរាណ​មួយ​នេះ​នៅតែ​ជួប​ការខ្វះខាត​មិនទាន់បាន​សាងសង់​ព្រះវិហា​សាលា ឆទាន​ដើម្បី​ព្រះសង្ឃ​គង់នៅ​នោះឡើយ​។​

ព្រះចៅអធិការ​វត្ត​ព្រះនាម​ ធឹង​ ច័ន្ទ​ត្រា​ មាន​សង្ឃដីកា​ថា​​សុំ​បិណ្ឌ​បាត្រ​ដល់​ឯកឧត្តម​លោកជំទាវ​ពុទ្ធបរិស័ទ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជួយ​កសាង​វត្ត​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​ស្ថិតនៅក្នុង​ឃុំ​សំបូរ​ខេត្តក្រចេះ​នេះ​ផង​។​ដើម្បី​ជាការ​ចូលរួមចំណែក​អភិវឌ្ឍន៍​លើ​វិស័យ​ព្រះពុទ្ធសាសនា​៕​សរន