ដោយៈវ៉ៃកូ/ស្វាយរៀងៈ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​និងជា​ប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិតនិងលោក ម៉ែន វិបុល សមាជិក​គណៈកម្មាជិកកណ្តាល​និងជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១​នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិត។

លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិតបានបញ្ជាក់ថា សំណង់ អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតដែលត្រូវសាងសង់ពេលនេះមានបណ្តោយប្រវែង១៦,១៩ម៉ែត្រ,ទទឹង៨ម៉ែត្រ ធ្វើអំពីបេតុងប្រក់ក្បឿងនិង មានបំពាក់ឧបករណ៍ គ្រឿងសម្ភារបរិក្ខា របង ខ្លោងទ្វាររបង​ព័ទ្ធជុំវិញ ប្រវែង១៩០ម៉ែត្រ ដែលគ្រោងចំណាយជាង៨ម៉ឺនដុល្លារអាម៉េរិក។

លោក លឹមសៀងហេងក្នុងនាមថ្នាក់ដឹកនាំនៅក្រុងបាវិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអនសមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន​កម្ពុជានិង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀងអស់លោកលោកស្រីជាថ្នាក់ដឹកនាំ​ព្រមទាំង​សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភគាំទ្រទាំងថវិកានិងសម្ភារក្នុងការកសាងនូវសមិទ្ធផល​ផ្សេងៗ​នៅក្រុងបាវិតជាពិសេសគឺអគារគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតនាពេលនេះ៕សរន