ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េបានបញ្ជាក់សារជាថ្មីថា ដោយសារកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដៃគូអាទិភាព ក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការនិងជាដៃគូស្នូល ក្នុងគោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មីរបស់សាធារណរដ្ឋកូរ៉េនោះ សាធារណរដ្ឋកូរ៉េនឹងបន្តជួយនិង សហការជាមួយកម្ពុជាក្នុងវិស័យគ្រប់គ្រងទឹក សុខភាពសាធារណៈ ការដឹកជញ្ជូនការអប់រំនិងវិស័យចាំបាច់ ផ្សេងទៀតនៅកម្ពុជា។
ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុនរដ្ឋមន្ត្រីក្រសួង ការបរទេសកម្ពុជា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េបានកោតសរសើរចំពោះតួនាទីដ៏សកម្មរបស់កម្ពុជាក្នុងកិច្ច ប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅទ្វីបអាហ្វ្រិក និងមជ្ឈិមបូព៌ាដែលបានរួមចំណែកដល់ សន្តិភាព និងស្ថិរភាពក្នុងតំបន់ទាំងនោះ ហើយក៏បានថ្លែងអំណរគុណកម្ពុជាចំពោះតួនាទីយ៉ាងសកម្មក្នុងការ សម្របសម្រួលទំនាក់ទំនងក្នុងក្របខណ្ឌដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េនិងកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ។
លោក ឆុង អើយយ៉ុង បានបញ្ជាក់ជាថ្មីពីការគាំទ្រយ៉ាងពេញទំហឹងរបស់សាធារណរដ្ឋកូរ៉េ ដល់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ នៅខែ វិច្ឆិកា ឆ្នាំ ២០២១ និងការទទួលតំណែងជាប្រធានអាស៊ាននៅឆ្នាំក្រោយ ។
ក្នុងពេលអាហារថ្ងៃត្រង់រៀបចំដោយលោក ឆុង អើយយ៉ុង រដ្ឋមន្ត្រីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េក្នុងការពង្រីកជំនួយអភិវឌ្ឍន៍ក្រោគោលនយោ បាយឆ្ពោះទៅរកទិសខាងត្បូងថ្មី និងស្វាគមន៍គោលនយោបាយឆ្ពោះទៅរកទិសខាងត្បូងថ្មីបូក ដែលផ្តោតលើវិស័យសំខាន់ៗចំនួន ៧ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យសុខាភិបាល និងវេជ្ជសាស្ត្រ។
លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើររដ្ឋាភិបាល និងប្រជាជនកូរ៉េ ចំពោះការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យការស្តារសេដ្ឋកិច្ច-សង្គមមានសន្ទុះខ្លាំង និងបានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សកម្មរបស់សាធារណរដ្ឋកូរ៉េ ក្នុងក្របខ័ណ្ឌវ៉ាក់សាំងពហុភាគីនិយម។លោកក៏បានសំដែងនូវអំណរអរគុណរបស់កម្ពុជាចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានបរិច្ចាគ និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយយុទ្ធនាការចាក់វ៉ាក់សាំងទាន់ពេលវេលា នៅទូទាំងប្រទេស។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រទេសជិតខាង ដើម្បីជួយប្រទេសទាំងនោះប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរអរគុណដោយស្មោះចំពោះរដ្ឋាភិបាលកូរ៉េដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍ខ្មែរនៅកូរ៉េ។ ជាការឆ្លើយតបលោកឆុង អើយយ៉ុង បានថ្លែងអំណរគុណដល់សហគមន៍ខ្មែរនៅកូរ៉េ ដែលបានរួមចំណែកយ៉ាងវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការធ្វើពិពិធកម្មវប្បធម៌របស់កូរ៉េ។ សាធារណរដ្ឋកូរ៉េបានសន្យាថានឹងបង្កើនចំនួនកូតាពលករកម្ពុជា និងចំនួនអាហារូបករណ៍ដល់កម្ពុជា នាពេលអនាគត។
ក្នុងការដោះស្រាយបញ្ហាប្រឈម នៃបម្រែបម្រួលអាកាសធាតុលោក ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរសាធារណរដ្ឋកូរ៉េ ដែលទទួលបានភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលលើកទី ២ ស្តីពីភាពជាដៃគូដើម្បីការអភិវឌ្ឍបៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ កាលពីខែឧសភា កន្លងទៅ និងគាំទ្រយ៉ាងមុតមាំ ចំពោះគោលនយោបាយបៃតងថ្មី និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកូរ៉េស្តីពីអព្យាក្រឹតភាពកាបូនឆ្នាំ ២០៥០។
រដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ បានសម្តែងនូវការកោតសរសើរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរួមចំណែកដល់ភាពជោគជ័យ នៃកិច្ចប្រជុំកំពូលខាងលើ ដោយក្នុងពេលនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ពីតម្រូវការ នៃការអភិវឌ្ឍបច្ចេកវិទ្យាបៃតង។
ក្នុងកិច្ចប្រជុំទ្វេភាគីនៅព្រឹកថ្ងៃទី៨ ខែកញ្ញា លោក ឧបនាយករដ្ឋមន្ត្រី និងលោកឆុង អើយយ៉ុង បានកត់សម្គាល់ដោយការពេញចិត្តយ៉ាងខ្លាំងចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដែលឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ជាញឹកញាប់រវាងប្រទេសទាំងពីស្របពេលដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំក្រោយនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ដ៏ល្អដែលមានស្រាប់បន្ថែមទៀត ដើម្បីជាប្រយោជន៍រួម នៃប្រជាជាតិទាំងពីរ និងសម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាពីមធ្យោបាយ និងវិធីសាស្ត្រក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការងារ សុខាភិបាល បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន វិទ្យាសាស្ត្រនិងនវានុវត្តន៍ ទេសចរណ៍ ការអប់រំ និងបរិស្ថាន។
រដ្ឋមន្ត្រីទាំងពីរក៏មានការពេញចិត្ត ដោយបានកត់សម្គាល់ពីស្ថិរភាព នៃទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងកំណើននៃការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា ទោះបីជាមានការរីករាលដាល នៃជំងឺកូវីដ-១៩ ក៏ដោយ។ រដ្ឋមន្ត្រីទាំងពីរក៏មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណកូរ៉េ (CKFTA) ដែលនឹងត្រូវចុះហត្ថលេខានៅដើមខែតុលាខាងមុខនេះ នឹងជួយជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត ព្រមទាំងជួយពន្លឿនការស្តារសេដ្ឋកិច្ច នៃប្រទេសទាំងពីរឡើងវិញ នៅក្រោយវិបត្តិកូវីដ-១៩ ៕សរន