ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើកឡើងថា​ប្រទេស​មេគង្គ​និង​សាធារណរដ្ឋ​កូរ៉េ​គួរ​ត្រៀម​នូវ​ផែនការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ថ្នាក់​តំបន់​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធានា​ឱ្យបាន​នូវ​ភាព​ធន់​និង​និរន្តរភាព​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​កិច្ចសហប្រតិបត្តិការ កាន់តែ​រឹងមាំ​រវាង​រដ្ឋ​និង​ឯកជន ការពង្រឹង​សមត្ថភាព​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ការលើកកម្ពស់​ការតភ្ជាប់​ផ្នែក​ទន់​និង​រឹង ដើម្បី​សម្របសម្រួល​ពាណិជ្ជកម្ម​និង​ការវិនិយោគ ថាមពលបៃតង និង​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល នៅក្នុង​អនុតំបន់​មេគង្គ​។

​ការលើកឡើង​របស់​ប្រមុខ​ការទូត​កម្ពុជា​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគ្គង​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១១ នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ កាលពី​រសៀល​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២១​។​កិច្ចប្រជុំ​នេះ​ក៏មាន ការអញ្ជើញ​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ ពី​បណ្ដា​ប្រទេស​មេគង្គ​ផ្សេងទៀត រួមមាន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ។​

​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​បាន​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនភាព​ដែលមាន​កន្លងមក​នៃ​កិច្ចសហប្រតិបត្តិការ មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ផ្អែកលើ​សសរស្តម្ភ​ទាំង​៣ ដែល​រួមមាន​ប្រជាជន​វិបុលភាព និង​សន្តិភាព ព្រមទាំង​វិស័យ​អាទិភាព​ទាំង​៧ នៃ​សេចក្តីថ្លែងការណ៍​ទន្លេមេគង្គ​-​ទន្លេ​ហាន​៖ (i) វប្បធម៌ និង​ទេសចរណ៍ (ii) ការអភិវឌ្ឍ​ធនធានមនុស្ស (iii) កសិកម្ម និង​អភិវឌ្ឍន៍ជនបទ (iv) ហេដ្ឋារចនាសម្ព័ន្ធ (v) បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ (ICT) (vi) បរិស្ថាន និង (vii) បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​មិនមែន​ប្រពៃណី​។

​រដ្ឋមន្ត្រី​ទាំងអស់​បាន​បន្ត​ការប្តេជ្ញាចិត្ត​ក្នុងការ​សម្របសម្រួល​ប​ន្ថែ​ម​ទៀត​នូវ​ការដាក់​ឲ្យ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៃ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ ក្នុង​កិច្ចការ​អភិបាលកិច្ច ការពង្រឹង​កិច្ចសហប្រតិបត្តិការ ការចូលរួម​របស់​វិស័យ​ឯកជន និង​ការជំរុញ​ការវិនិយោគ​បន្ថែមទៀត​នៅក្នុង​វិស័យ​ឧស្សាហកម្ម និង​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល នាពេល​អនាគត នៅក្នុង​អនុតំបន់​មេគង្គ ពិសេស​នៅក្នុង​វិស័យសេដ្ឋកិច្ច​បែប​ឌីជីថល ច្រកចេញ​-​ចូលជាតិ​តែមួយ ពាណិជ្ជកម្ម អេឡិចត្រូនិក សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បណ្តាញ​ប្រព័ន្ធ 5G ដែល​ធានាបាន​នូវ​សុវត្ថិភាព បញ្ញា​សិប្បនិម្មិត និង​ទិន្នន័យ​ធំ ដោយ​គិតគូរ​ពិចារណា​ទៅលើ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​ថ្មីៗ​នានា​ដែល​កំពុងតែ​កើតមាន​។

​អង្គប្រជុំ​បាន​ឯកភាព​ពន្យារ «​ឆ្នាំ​ផ្លាស់ប្តូរ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​» ដល់​ឆ្នាំ​២០២២ ដើម្បី​ជំរុញ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ការផ្លាស់ប្តូរ​វប្បធម៌ និង​ការយល់ដឹង​គ្នា​ទៅវិញទៅមក តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​ក្នុងចំណោម​ប្រទេស​ទាំង​៦ ដោយ​រង់ចាំ​ការអនុម័ត​ពី​ប្រមុខ​ដឹកនាំ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​កូរ៉េ​លើក​ទី​៣​។ លើសពីនេះ រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ បាន​ស្វាគមន៍​ដោយ​ក្តីសង្ឃឹម​ខ្ពស់​ចំពោះ​វេទិកា​ធុរកិច្ច​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី ៩ ដែល​នឹងត្រូវ​រៀបចំឡើង​នៅ​ប្រទេស​កម្ពុជា នា​អំឡុងពេល​ចុងឆ្នាំ​នេះ​។​

​ក្នុងឱកាស​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​ពី​តួនាទី​សំខាន់​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​គោលនយោបាយ​ឆ្ពោះទៅ​ភាគខាងត្បូង​បូក​ថ្មី ក្នុងការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​អនុតំបន់​មេគង្គ​។ តាមរយៈ​ការប្តេជ្ញាចិត្ត​រួមគ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​តម្រូវ​ក្នុងការ​ព​ន្លឿ​ន​នូវ​ដំណើរ​ការចាក់​វ៉ាក់សាំង ដោយ​ប្រកាន់​ភ្ជាប់​គោលការណ៍​បរិ​យា​ប័ន្ន និង​មិនមាន​ការរើសអើង​។ ចំពោះ​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​ដំណាក់កាល​ដំបូង​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ឯកឧត្តម​បានលើកឡើង​បន្ថែមទៀតថា ប្រទេស​សមាជិក​ទាំងអស់​ត្រូវ​រៀបចំ​ផែនការ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​តាមរយៈ​ការទទួលស្គាល់​នូវ​ប័ណ្ណ​ចាក់​វ៉ាក់សាំង បញ្ជរ​ត្រួតពិនិត្យ និង​ធ្វើតេស្ត PCR ប្រកបដោយ​ប្រសិទ្ធភាព​នៅតាម​ព្រលានយន្តហោះ និង​ច្រកព្រំដែន​ទាំងអស់ និង​ប្រព័ន្ធ​តាមដាន​និង​ត្រួតពិនិត្យ​បណ្តាញ​ជំងឺ​កូ​វីដ​-១៩​។
​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រី​ទាំងអស់​បានអនុម័ត​លើ​សេចក្តីប្រកាស​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១១ និង​បានអនុម័ត​ការអនុវត្ត​គម្រោង​ចំនួន ៧ សម្រាប់​ឆ្នាំ​២០២១ ក្រោម​មូលនិធិ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​ជុំ​ទី​៥ ទៅដល់​បណ្តា​ប្រទេស​
​មេគង្គ សាធារណរដ្ឋ​កូរ៉េ និង​វិទ្យាស្ថាន​មេគង្គ (MI)​។​
​កិច្ចប្រជុំ​នេះ​ត្រូវបាន​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា​គួរ​ជាទី​មោទនៈ តាមរយៈ​ការយល់ឃើញ​រួមគ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​នានា ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​ការប្ដេជ្ញាចិត្ត​ក្នុង​ការកសាង​ភាព​ធន់​សម្រាប់​សេដ្ឋកិច្ច​ក្នុង​តំបន់​៕ សរន​