​ដោយៈ​បូកគោ​/​កំ​ពតៈ​គម្រោង​វិនិយោគ​ផ្នែក​ទឹកស្អាត​របស់​ក្រុមហ៊ុន​ស៊ិន​ហ៊ួ​រ​ឡុង​វ៉​ធើ​អ៊ី​ន​ដា​ស្ទ្រី​មាន​ទីតាំង​ស្ថិតក្នុង​ក្រុង​កំពត​កំពុង​រៀបចំ​សំណើ​ដាក់ចូល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​ស្នើសុំ​ដំណើរការ​នា​ចុង​ឆ្នាំនេះ​ក្នុងការ​ចំណាយ​ទុន​ប្រមាណ​១,៣​លាន​ដុល្លារ​ដែល​ផលិត​ទឹកស្អាត​បាន​៥.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​។​

​ក្នុង​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្តកំពត​បានបញ្ជាក់​ថា​គម្រោង ស្នើសុំ​វិនិយោគ​សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​របស់​ក្រុមហ៊ុន​ស៊ិន​ហ៊ួ​រ​ឡុង​វ៉​ត​ថឺ​អ៊ី​ន​ដា​ស្ទ្រី​.​ខេ​ម​បូ​ឌា​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​។ ទីតាំង​ង​នោះ​ជា​ដី​មួយផ្នែក​របស់​រោងចក្រ​ផលិត​ទឹកស្អាត​ចៃ​កា (JICA )​ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​ឧស្សាហកម្ម​ខេត្តកំពត​។

​លោកស្រី​អភិបាលរង​ខេត្ត​បាន​បន្តថា ក្រុមហ៊ុន​គ្រោង​វិនិយោគ​ប្រមាណ​១,៣​លាន​ដុល្លារ​ដែលមាន​សមត្ថភាព អាច​ផលិត​ទឹកស្អាត​បាន​៥.០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ចែកចាយ​បន្ត​។ គម្រោង​នេះ​នឹង​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រមាណ​៥៤​នាក់​ហើយ​អាច​ដំណើរ​ការផលិត​នា​ចុង ឆ្នាំ​២០២១​ខាងមុខ​។​

​លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ទឹកស្អាត​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ជំរុញ​វិស័យ​រដ្ឋ និង ឯកជន​ដើម្បី​ឆ្លើយតប​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​។ ដោយឡែក​ការវិនិយោគ ផ្នែក​ផលិត​ទឹកស្អាត​ក្នុង​ខេត្តកំពត​នេះ​ជា​គម្រោង​ដ៏​មាន​សារសំខាន់​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​នានា​ជាមួយ​រដ្ឋបាលខេត្ត​។​

​លោក​អភិបាលខេត្ត​បន្តថា​សមិទ្ធផល​នេះ​នឹង​បានជា​ប្រយោជន៍​ក៏ដូចជារ​ឆ្លើយតប​តម្រូវការ​ទឹកស្អាត​ខណៈដែល​សព្វថ្ងៃ​ខេត្តកំពត​កំពុង​ត្រូវការ​ទឹកស្អាត​បន្ថែមទៀត​សម្រាប់​ផ្គត់ផ្គង់​ពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់គ្រាន់​។ ម្ល៉ោះហើយ មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ក្រុមការងារ​អនុគណៈកម្មការ​វិនិយោគ​ព្រមទាំង​ក្រុមហ៊ុន​ត្រូវយក ចិត្ត​ក្នុងការ​រៀបចំ​កសាង​ឯកសារ​ឱ្យ​បា​ឆាប់​ដើម្បី​ដាក់ជូន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​៕​សរន​