ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង អនុ​ញ្ញា​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា​។​

​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះបានបញ្ជាក់​ថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន លោកគ្រូ​-​អ្នកគ្រូ បុគ្គលិក​អប់រំ មាតាបិតា​-​អាណាព្យាបាល សិស្សានុសិស្ស និង​សាធារណជន​ទាំងអស់​ថា អនុវត្តតាម​ខ្លឹមសារ នៃ​សេចក្តីណែនាំ​លេខ ៤៦ អយក​.​ស​ណន ចុះ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្តីពី​ការបង្រៀន​និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន នៅ​ភូមិសាស្ត្រ ដែលមាន​ហានិភ័យ​ទាប រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ពុធ ទី​១៥ ខែកញ្ញា ឆ្នាំ​២០២១ នេះ​តទៅ និង​ក្រោយ​ពេលដែល​គ្រឹះស្ថានសិក្សា​នីមួយៗ បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​»​។​

​ដោយឡែក ចំពោះ​គ្រឹះស្ថានសិក្សា​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​បឋមសិក្សា គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ឯកជន​នីមួយៗ ត្រូវ​ស្នើសុំ​គោលការណ៍​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ រីឯ​គ្រឹះស្ថានសិក្សា​សាធារណៈ មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ត្រូវ​ស្នើសុំ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​អំពី​កម្រិត​ហានិភ័យ​ទៅតាម​ស្ថានភាព ជាក់ស្ដែង​មុននឹង​សម្រេច​អនុញ្ញាត ឬ ត្រូវ​រក្សា​ស្ថានភាព​ដដែល​។​
​ទន្ទឹមនឹងនេះ ចំពោះ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ទាំងឡាយ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថាន​សឹ​ក្សា​ឡើងវិញ ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ចុះ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២១ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​សេចក្តីណែនាំ​លេខ ០២៣ ស​ណន ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕​សរន