ដោយ:ប​.​ជ័យ / បន្ទាយមានជ័យ:​កាលពី​រសៀល​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​មន្ទីរសុខាភិបាលខេត្តបន្ទាយ មានជ័យ​មានពិធីផ្ទេរ​ភារកិច្ច តែងតាំង​ប្រធាន អនុប្រធាន​មន្ទីរពេទ្យ​ខេត្តមិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី​។ពិធីនេះ បានរៀបចំឡើងជាលក្ខណៈ​ផ្ទៃក្នុង​ដោយពុំមានការអញ្ជើញភ្ញៀវពីក្រៅចូលរួមទេដោយប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​លី សុ​វណ្ណា​រឹទ្ធិ អភិបាលរង​ខេត្ត តំណាង​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ចូលរួម​ដោយ​លោក​វេជ្ជបណ្ឌិត ​ឡេ ច័ន្ទ​សង្វាត ប្រធាន​ម​ន្ទី​រ​សុខាភិបាល​ខេត្ត​។​

​យោង​ដីកា​ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ​របស់​រដ្ឋ​បាល​ខេត្តបន្ទាយមានជ័យ​ថ្ងៃទី​០៧​ខែកញ្ញា​ឆ្នាំ​២០២១ ចុះហត្ថលេខា​ដោយ​លោក ​អ៊ុំ រាត្រី ដែល​អាន​ដោយ​លោក ​វ៉ន វណ្ណា នាយក​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​បានឱ្យដឹងថា​ បានតែងតាំង​លោក​ ទុ បារាំង ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ ពី​អនុប្រធាន ឡើងជា​ប្រធានមន្ទីរពេទ្យ​ខេត្តមិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី ​និង​លោក គៀត ម៉េង​ហៀ​ង ក្របខ័ណ្ឌ​មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់ជា​អនុប្រធាន​។​ចំណែក​លោក​វេជ្ជបណ្ឌិត​ច័​ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ប្រធាន​ចាស់​ដែល​ត្រូវ​បាន​ផ្ទេទៅ​បម្រើ​ការងារ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត ។​

​លោក​ ទុ បារាំង បានធ្វើ​សេចក្តី​ប្តេជ្ញាចិត្ត​ថា​នឹង​ខិតខំ​បំពេញការងារ​ទ្វេរឡើង​ឱ្យបាន​លទ្ធផល មាន​ប្រសិទ្ធិភាព​និង​ប្រកបដោយ​ការទទួលខុសត្រូវ ។​

​លោក​អភិបាលរង​ខេត្ត​បានទទួល​ស្គាល់​ស្នាដៃ​ប្រធាន​ចាស់​និង​សង្ឃឹមថា លោក​ប្រធាន អនុប្រធាន​ថ្មី​នឹងសម្រេច បាន​ស្នាដៃ​ថ្មី​និង​កើនឡើង​បន្ថែមទៀត ។​

សូម​រំលឹកថា រឿងហេតុ​ដែល​ឈានដល់​ដកហូត​តំណែង​លោក​វេជ្ជបណ្ឌិត​ច័ន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ពី​ប្រធាន​ម​ន្ទីររ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី​នេះ​បាន​កើតឡើង​ក្រោយ​​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ទៅ​បរិច្ចាគ​ឈាម​ដើម្បី​ជួយ​វរៈសេនីយ៍ទោ​ម្នាក់​ជា​អង្គរក្ស​សម្តេច​តេ​ជោ​ដែល​រលាក​ខ្នែងពោះវៀន​ក​ម្រិត​ធ្ងន់ ហើយ​ត្រូវ​វះកាត់​។​ប៉ុន្តែ​ក្នុង​ឃ្លាំង​ឈាម​នៃ​មន្ទីរពេទ្យ ថា​ គ្មាន​ឈាម ៕​សរន