ដោយៈប.ជ័យ/បន្ទាយមានជ័យៈអាជ្ញាធរខេត្តបន្ទាយមានជ័យលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យថែរក្សាព្រៃឈើនិងបានកោតសរសើរលើកទឹកចិត្តព្រមទាំងគាំទ្រពេញបន្ទុកចំពោះសកម្មភាពបែបនេះ។ការថ្លែងនេះសំដៅការអភិរក្សនិងអភិវឌ្ឍន៍ព្រៃឈើទំហំប្រាំបីហិកតានៅចំណុចគោកខ្នាំងក្បែរអាងនាភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងកាលពីថ្មីៗនេះ ខណៈដែលមានការអមដំណើរដោយលោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត លោកយឹម សំណាង អភិបាលស្រុកអូរជ្រៅនិងក្រុមការងារឆៀងទៅទស្សនាទីនោះ បន្ទាប់ពីបំពេញបេសសកម្មពិនិត្យវាយតម្លៃសាលារៀននៃគ្រឹះស្ថានសិក្សាចំណេះទូទៅរដ្ឋដែលត្រៀមបើកដំណើរការឡើងវិញនិងពិនិត្យស្ថានភាពទឹក ។

លោកអ៊ុំរាត្រី បាននិយាយថា បច្ចុប្បន្នភាពដីព្រៃឈើភាគច្រើនបានក្លាយជាដីផលិតភាពកសិកម្មលំនោឋាននិង ការអភិវឌ្ឍផ្សេងៗ។ការអភិរក្សនិងអភិវឌ្ឍន៍ជាព្រៃឈើបែបធម្មជាតិហើយប្រែក្លាយជារមណីយដ្ឋានសហគមន៍ដូច្នេះពិតជាប្រសើរណាស់។

លោក ចាន់ ឆឺន មេភូមិកូបតូច ក៏ដូចលោកបៅ សំអឿន មេឃំគុត្តសតប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី៩ខែកញ្ញា ថា ព្រះសង្ឃខ្មែរ អាម៉េរិកាំងដើមអំបូរលាវព្រះនាម សូរ សែងគង់នៅវត្តចាន់ស៊ីសាមគ្គីរតនារាម រដ្ឋកាលីហ្វនីញ៉ា និងសហគមន៍ក៏ដូចអាជ្ញាធរភូមិកូបតូចឃុំគុត្តសតស្រុកអូរជ្រៅបានផ្តួចផ្តើមនិងបង្កើតព្រៃសហគមន៍គោកខ្នាំងនេះកាពីឆ្នាំ១៩៩៩ មានទំហំប្រាំមួយហិកតា ។តមកព្រះតេជគណបានផ្ញើបច្ច័យមកឱ្យទិញដីដីស្រែជាប់នោះពីរហិកតា ទៀត ដើម្បីថែរក្សានិងដាំបន្ថែមឈើព្រៃធម្មជាតិ ។តមកទៀត ក៏បានកសាងសាលាឆទានមួយនៅក្នុងនោះ ។

លោកចាន់ ឆឺន និងលោកបៅ សំអឿន ក៏ដូចប្រជាសហគមន៍បានឱ្យដឹងបន្តថា ទោះបច្ចុប្បន្នមិនមានព្រៃឈើ ក្តីក៏ទីនោះបានក្លាយជារមណីយដ្ឋានធម្មជាតិមួយរបស់សហគមន៍ភូមិកូបតូច។ក្នុងនោះភ្ញៀវក្នុងស្រុកបានទៅលេងហូរហែរ នៅព្រៃនិងទឹកនៅអាងកូបតូចក្បែរខាងនោះ ៕សរន