ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ថ្នាក់ដឹកនាំនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧កាលពីព្រឹក ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១បានចុះពិនិត្យមើលស្ថានភាពទឹកលិចនៅតាមបណ្តាគោលដៅនីមួយៗក្នុងភូមិសាស្រ្តរបស់ប៉ុស្តិ៍នគរបាល។

លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈខាងលើបានដឹកនាំកម្លាំងចុះពិនិត្យមើលស្ថានភាពដែលទឹកលិច នៅតាមបណ្តាគោលដៅនីមួយៗក្នុងភូមិសាស្រ្ត របស់ប៉ុស្តិ៍នគរបាលការពារព្រំដែនអូរកំបុតនិងប៉ុស្តិ៍នគរបាលការពារ ព្រំដែនគោកខ្វាវ។គឺលិចដោយជំនន់ទឹកភ្លៀងនិងទឹកហូរពីតំបន់ខ្ពស់ជើងនៃច្រមុះភ្នំដងរែកធ្លាក់ចុះមកទឹកដីកម្ពុជាដែលទាបជាង។

មន្ត្រីនគរបាលថា គោលដៅឈរជើងនៃប៉ុស្តីខាងលើបានត្រូវទឹកលិចហើយ ។

លោក នៃ ពៅ មេឃុំគោករមៀតប្រាប់កាសែតរស្មីកម្ពុជាព្រលប់ថ្ងៃទី៩ខែកញ្ញាថាជំនន់ទឹកភ្លៀងនិងទឹកធ្លាក់ពីខាង ទឹកដីថៃបានចុះមកទឹកដីកម្ពុជាមែន។

ក្នុងនោះភូមិសាស្ត្រចុងខាងជើងនៃឃុំគឺភូមិបឹងតាស្រី(មហោស្រព)ដែលជាប់នឹងអូរកំបុតមានប្រភពនៅច្រមុះជួររភ្នំដងរែក មកទល់ពេលនេះ ទឹកទើបឡើងបាន០,៥ម៉ែត្រទេ។ដូច្នេះ ស្ថានភពទឹកមិនទាន់គម្រាមកំហែងឬលិចលំនៅឋាន ទីធ្លាភូមិនិងស្រែចម្ការរបស់ពលរដ្ឋនៅឡើយទេ៕សរន