ដោយៈ ម៉េងឆៃ / ភ្នំពេញៈកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញ អ្នកឆ្លងកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា ក្នុងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី៥ ថ្ងៃទី៦ និងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៦៦៩នាក់។ នៅភ្នំពេញ មានអ្នកឆ្លងកូវីដ ប្រភេទ ដែលតា ច្រើនជាងគេ រហូតដល់ ១៩៩នាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ។ ក្នុងនោះ ដែលតា ក៏បានរាលដាលដល់ ២៤ខេត្តរាជធានីហើយ លើកលែងតែខេត្តកែបមួយប៉ុណ្ណោះ។
ក្រសួងសុខាភិបាលលើកឡើងថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ កូវីដ១៩ បំប្លែងថ្មី ដែលតា មានអ្នកឆ្លងសរុបចំនួន ៣៣២៣នាក់។ ក្នុងចំណោម ២៤ខេត្តរាជធានី ដែលឆ្លងដែលតា គឺនៅភ្នំពេញ មានច្រើនជាងគេ រហូតដល់ ១១១៣នាក់។
លទ្ធផលនៃការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា ជាបន្តបន្ទាប់ រហូតដល់ជាង ៣០០០នាក់នេះ ត្រូវបានក្រសួងសុខាភិបាល គូសបញ្ជាក់ថា វីរុស ដែលតា បាន និងកំពុងបន្តរាតត្បាត វាយលុកចូលក្នុងសហគមន៍របស់យើង ជាពិសេស នៅរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង កណ្តាល ព្រះវិហារ ត្បូងឃ្មុំ បាត់ដំបង កំពង់ធំ កំពង់ចាម ស្វាយរៀង មណ្ឌលគិរី ព្រះសីហនុ ពោធិ៍សាត់ និងបណ្តាខេត្តមួយចំនួនទៀត។
ក្រសួងសុខាភិបាលក៏បានប្រកាសថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នៅកម្ពុជា មានករណីឆ្លងកូវីដ១៩ ចំនួន ៥៨៩នាក់ ជាសះស្បើយ ៤៨០នាក់ និងស្លាប់ ២០នាក់។ ជារួម គិតត្រឹមថ្ងៃទី៨ ខែកញ្ញា នៅទូទាំងប្រទេស មានករណីឆ្លងកូវីដ១៩ សរុបចំនួន ៩៧៥២៤នាក់។ ករណីជាសះស្បើយ មានចំនួន ៩២៤៩៥នាក់ និងករណីស្លាប់សរុប មានចំនួន ២០០៧នាក់។
ទន្ទឹមនឹងកូវីដ១៩ បន្តរកឃើញក្នុងមួយថ្ងៃៗ ជិត ៦០០នាក់ និងស្លាប់រៀងរាល់ថ្ងៃ ជាង ១០នាក់ផង ហើយក្នុងនោះ ដែលតា ក៏បន្តវាយលុកដោយស្ងាត់ស្ងៀម នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានសម្រេច ដាក់ចេញនូវវិធានការដ្ឋបាល ដោយបន្តផ្អាកសកម្មភាពអាជីវកម្ម ដែលមានហានិភ័យខ្ពស់ ក្នុងរយៈពេល ១៤ថ្ងៃទៀត ចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងវិធានការរដ្ឋបាល បន្តរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែកញ្ញាតទៅ អាជ្ញាធររាជធានីភ្នំពេញ តម្រូវឱ្យផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលមិនទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ត្រូវបន្តធ្វើការបណ្តុះបណ្តាល តាមប្រព័ន្ធអនឡាញ អាជីវកម្មក្លឹបកម្សាន្ត គ្រប់ប្រភេទ ខារ៉ាអូខេ រង្គសាល បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លិបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។ ក្នុងនោះ អាជ្ញាធររាជធានីភ្នំពេញ ក៏ហាមឃាត់នូវការជួបជុំ ឬការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជន ដែលអ្នកចូលរួមលើសពី ១៥នាក់ឡើងទៅ។
ដូច្នេះមកដល់ពេលនេះ កូវីដ ពិសេសដែលតា នៅតែបន្តឆ្លងរាលដាល ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងកូវីដ បានឡើងដល់ជិត ៦០០នាក់ ខណៈដែលតា ក៏កើនឡើងច្រើន ហើយច្រើនជាងគេ នៅភ្នំពេញតែម្តង។ ទន្ទឹមនឹងនេះ រាជធានីភ្នំពេញ គ្រោងនឹងបើកសាលារៀនឡើងវិញ ចាប់ពីថ្នាក់ទី៩ ដល់ថ្ងៃទី១២ ចាប់ពីថ្ងៃទី១៥ ខែកញ្ញាតទៅ។ តែតាមរយៈកិច្ចប្រជុំ នៅថ្ងៃទី៩កញ្ញានេះ គឺអភិបាលរាជធានីភ្នំពេញ បានតម្រូវធ្វើតេស្តរកកូវីឌ លើគ្រូ និងបុគ្គលិកសិក្សា ចាប់ពីថ្ងៃទី១០ ខែកញ្ញាតទៅ។
ក្នុងនោះ ទាំងគ្រូ និងទាំងសិស្ស ដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ត្រូវតែចាក់វ៉ាក់សាំងរួច ទើបអនុញ្ញាតឲ្យចូលសាលារៀន នៅពេលសាលាបើកឡើងវិញ នាពេលខាងមុខនេះ។ ក្នុងគ្រូបង្រៀន មកដល់ពេលនេះ ក៏ត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង ដូសទី៣ រួចរាល់ហើយ។ រីឯសិស្សវិញ ក៏បានចាក់វ៉ាក់សាំង គ្រប់ ២ដូសហើយ ពោលគឺកុមារអាយុត្រឹម ១២ឆ្នាំ គឺចូលរៀននៅមធ្យមសិក្សា ថ្នាក់ទី៦ ហើយ។
យ៉ាងណាក៏ដោយចុះ ទោះបីជាគ្រូ និងសិស្ស បានចាក់វ៉ាក់សាំងគ្រប់ ២ដូស និងគ្រប់ ៣ដូសហើយក៏ដោយ ក៏នៅតែបន្តអនុវត្តនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ នោះគឺពាក់ម៉ាសទាំងអស់គ្នា ទាំងគ្រូ ទាំងសិស្ស និងទាំងអស់គ្នា មិនថា ក្នុងសាលារៀន ឬនៅក្រៅសាលាឡើយ។ វាស់កំដៅនៅច្រកចូលសាលា ហើយរក្សាគម្លាតសុវត្ថិភាព ដែលសាលារៀន បានរៀបចំហើយ ក្នុង ១ថ្នាក់ ដាក់សិស្ស ត្រឹមតែ ១៥នាក់ ហើយឃ្លាតពីគ្នា ដោយ ១តុ មានសិស្សតែម្នាក់ ហើយថ្នាក់រៀន ត្រូវបើកទ្វារ បង្អួច ឬក៏រៀននៅទីសមគួរ ដែលមិនមែនជាបន្ទប់បិទជិត និងមិនប្រើម៉ាស៊ីនត្រជាក់នោះទេ។
ការធ្វើតេស្តមុនចូលរៀន ក៏ត្រូវបានអនុវត្ត ហើយពេលនេះ ធ្វើមុនគេ នៅរាជធានីភ្នំពេញ ខណៈដែលនៅតាមខេត្តផ្សេងទៀត ក៏បានបើកសាលារៀនឡើងវិញ និងបានរៀបចំត្រៀមបើកសាលារៀនឡើងវិញ ជាបន្តបន្ទាប់។ ក្នុងនោះ នៅខេត្តមណ្ឌលគិរី បើកសាលារៀនមុនគេ នៅថ្ងៃទី៩ និងថ្ងៃទី១២ ចាប់តាំងពីថ្ងៃទី៦ ខែកញ្ញា។ រីឯនៅខេត្តព្រះសីហនុ ក៏សម្រេចថា នឹងបើកសាលារៀន ៥កន្លែង នាថ្ងៃទី១៣កញ្ញា។
ដូច្នេះមិនថា នៅភ្នំពេញ ឬនៅខេត្តណាណាទេ ពេលបើកសាលារៀនឡើងវិញ គឺកុំភ្លេចថា កូវីដនៅតែឆ្លងរៀងរាល់ថ្ងៃ ពិសេស ដែលតា។ ដូច្នេះសូមកុំភ្លេចខ្លួនឲ្យសោះ មិនថា គ្រូ ឬសិស្សទេ សូម្បីមហាជនផ្សេងទៀត គ្រប់ៗរូប ក៏ត្រូវបន្តអនុវត្តវិធានការ ៣កុំ និង៣ការពារ ជាប់ជានិច្ច៕សរន