​ដោយ​៖​ដេប៉ូ​-ក្រញូង/​ភ្នំពេញ​៖ «​សាលារៀន និង​គ្រឹះស្ថាន​អប់​រំជា​កន្លែង​ប្រមូលផ្តុំ​មាន​លក្ខណៈ ងាយ ស្រួល​ក្នុងការ​បញ្ជ្រាប​ចំណេះដឹង​និង​ចំណេះធ្វើ​ក្នុង ចំណោម​កុមារ សិស្សានុសិស្ស និង​យុវជន ផ្លាស់ប្តូរ​ទម្លាប់ ផ្នត់គំនិត និង​ឥរិយាបថ​ពួកគេ​ចំពោះ​អនាម័យ និង​បរិស្ថាន​»​។ នេះ​គឺជា​ការ​ថ្លែង​បញ្ជាក់​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។​

​គូសបញ្ជាក់​នៅក្នុង​ពិធី​ប្រគល់ ជ័យលាភី​មេដាយមាស​សាលា​មេត្រី​បរិស្ថាន​ជូន​ដល់​សាលាបឋមសិក្សា​វត្ត​ចែង ស្ថិតនៅ​ក្នុងភូមិ​វត្ត​ចែង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​នៅ​ថ្ងៃទី​៩ ខែកញ្ញា លោក នេត្រ ភក្ត្រា បាន​មានប្រសាសន៍ថា​សាលា​វត្ត​ចែង​បានទទួល​នូវ​ជ័យលាភី​មេដាយមាស​ក្នុងការ​ប្រកួតប្រជែង​សាលា​មេត្រី​បរិស្ថាន​នេះ​គឺ​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹង ប្រែង និង​គំនិត​ច្នៃប្រឌិត​ខ្ពស់ និង​ភាពជា​អ្នកដឹកនាំ​របស់​ថ្នាក់ដឹកនាំ​សាលា​ដោយមាន​ការចូលរួម​គាំទ្រ​ពី​សិស្សានុសិស្ស មាតាបិតា សហគមន៍ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​រដ្ឋបាល​ខេត្តបាត់ដំបង​ដែល​បាន​ចូលរួម​គាំទ្រ​អនុវត្ត​នូវ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន​។

​លោក រដ្ឋលេខាធិការ​បាន​ថ្លែងថា ការខិតខំ ប្រឹងប្រែង​របស់​គ្រប់ភាគី​ពាក់ព័ន្ធ ឥឡូវនេះ​បានទទួល​ផ្លែផ្កា​គឺ​ការទទួលបាន​ជ័យលាភី​មេដាយមាស​សាលា​មេត្រី បរិស្ថាន​ដែល​នេះ​ជា​មោទកភាព​របស់​ខេត្តបាត់ដំបង និង ជាការ​ទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​លើ​ការ កសាង​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកបដោយ គុណភាព មាន​មេត្រីភាព​បរិស្ថាន និង​ផាសុកភាព​។​

​ទាក់ទិន​ក្នុង​រឿងនេះ លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់​បន្ថែមថា សាលា​មេត្រីភាព​បរិស្ថាន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យមាន​ការផ្លាស់​ប្តូរ ឥរិយាបថ​លើ​បរិស្ថាន និង​បាន​ចូលរួម​អប់រំ​បណ្តុះ​ស្មារតី ស្រឡាញ់ និង​គោរព​បរិស្ថាន​កាន់តែខ្លាំង​ឡើង​ក្នុង ចំណោម​ប្រជាជន និង​ក្តាប់​នូវ​មោទកភាព​ជាតិ គុណភាព​បរិស្ថាន​និង​និរន្តរភាព​បរិស្ថាន​ត្រូវបាន​ធានា ស្រប​នឹង​គោលដៅ​របស់​រាជរដ្ឋាភិបាល​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។

​លោក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​បានលើកឡើង​ដោយ​បញ្ជាក់ថា ការប្រឡងប្រណាំង​សាលា​មេត្រី​បរិស្ថាន​គឺជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់ និង​ជា​យន្តការ​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុងចំណោម​យន្តការ និង​វិធានការ​ជាច្រើន​ទៀត​ដែល​ក្រសួងបរិស្ថាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បាន​ខិតខំ​ជំរុញ​អនុវត្ត​ជា​បន្តបន្ទាប់​សំដៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ច​គាំពារ​បរិស្ថាន ការការពារ​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។​

​លោក​បាន​លើកឡើងថា ការប្រឡងប្រណាំង​សាលា​មេត្រី​បរិស្ថាន​នឹង​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​អនុវត្ត​គោ​លន​យោ បាយ​ជាតិភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​លើ​ចំណុច​ទី​៦ ដែល​លើកឡើង​អំពី​ភូមិ​ឃុំ​សង្កាត់​ត្រូវតែ​«​មាន​អនាម័យ​ល្អ សោភ័ណភាព និង​បរិស្ថាន​ល្អ​»​ដែល​សំដៅលើ​ការ​មាន​វិធានការ​ក្នុងការ​គ្រប់គ្រង ថែរក្សា និង​ការពារ​ធនធានធម្មជាតិ និង​បរិស្ថាន អនាម័យ​ក្នុងភូមិ​ឃុំ​សង្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​យន្តការ​ដោះ ស្រាយ​សំរាម ធ្វើឱ្យ​ភូមិ​ឃុំ​សង្កាត់​មាន​សោភ័ណភាព និង​ផាសុកភាព​។ ជាមួយគ្នានេះ រៀបចំ​ឱ្យមាន​ការបញ្ជ្រាប​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​អំពី​ច្បាប់ គោលការណ៍ និង​វិធានការ​នានា​ស្តីពី​ការថែរក្សា​បរិស្ថាន រួមទាំង​វិធីសាស្ត្រ នៃ​ការរក្សា​សុខភាព អនាម័យ សុវត្ថិភាព​ចំណីអាហារ​ជាដើម​។

​លោក ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​ទៅកាន់ អាជ្ញាធរ​ស្រុក​-​ក្រុង​ក្នុង​ខេត្ត​ដោយ​ជំរុញ​ឱ្យ​បន្ត​ខិតខំ​រៀនសូត្រ​ពី​គម្រូ​របស់​សាលាបឋមសិក្សា​វត្ត​ចែង ដើម្បី​យកទៅ​ធ្វើការ ផ្សព្វផ្សាយ​និង​រៀបចំ​ក្នុងស្រុក​ក្រុង​របស់ខ្លួន​ឲ្យ​បាន​ក្លាយជា​សាលា​គម្រូ​ប្រកបដោយ​បរិស្ថាន​អនាម័យ និង​សោភ័ណ​ភាពល្អ ក្នុងស្រុក​ក្រុង​របស់ខ្លួន​ឲ្យ​បានល្អ​ប្រសើរ​ថែមទៀត ដើម្បី​ឈានឆ្ពោះ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​ដ​ណ្តើ​ជ័យលាភី​សាលា​មេត្រី​បរិស្ថាន នៅ​បណ្តា​ឆ្នាំ​ខាងមុខ​ទៀត​។

​ដោយឡែក លោកនាយក​សាលាបឋមសិក្សា​វត្ត​ចែង​ដែល​ទទួលបាន​ជ័យលាភី​បានបង្ហាញ​នូវ​មោទកភាព​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រហូត ទទួលបាន​ការទទួល​ស្គាល់​ថ្នាក់ជាតិ​ថា​ជា​សាលា​ដែលមាន​មេត្រីភាព​បរិស្ថាន​។​

​ព្រមជាមួយ​គ្នា លោក នេត្រ ភក្ត្រា បាន​ថ្លែង​ឱ្យដឹង​បន្ថែម​ដែរ​ថា ការប្រកួតប្រជែង​សាលា​មេត្រី​បរិស្ថាន​ដែល​ក្រសួងបរិស្ថាន​និង​ក្រសួង​អប់រំ​បាន​សហការ​រៀប​ចំនេះ មិនមែន​ជាការ​បន្តុះបង្អាប់​ចំពោះ​សាលារៀន​ដែល​មិន​បានទទួល​ជ័យលាភី​សាលា​មេត្រី​បរិស្ថាន​នោះទេ តែ​នេះ​គឺជា​ចលករ​ជំរុញ និង​លើកទឹកចិត្ត​បន្ថែម​ដល់​សាលារៀន​ទាំងអស់​បន្ត​វប្បធម៌​ស្រឡាញ់ ថែរក្សា និង​គាំពារ​បរិស្ថាន ហើយក៏​ជា​ឱកាស​ចែករំលែក​បទពិសោធ​និង​រៀនសូត្រ​ឧ​ត្ត​មា​នុ​វត្ត​ពីគ្នា​ទៅវិញទៅមក​ផងដែរ​។

​សូមបញ្ជាក់ថា ក្រុមហ៊ុន Smart បាន​ឧបត្ថម្ភ​ដល់​រង្វាន់​ជ័យលាភី​សាលា​មេត្រី​បរិស្ថាន​ទាំង​៦៕