ដោយៈ វណ្ណៈ / ព្រះសីហនុៈ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ អញ្ជើញពិនិត្យ សកម្មភាព ចាក់វ៉ាក់សាំងដូសទី១ ទី២ និងដូសទី៣ ឬដូសជម្រុញ ជូនប្រជាពលរដ្ឋ និងមន្ត្រីជួរមុខ នៅសាលាបឋមសិក្សា អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងពិធីបិទយុទ្ធនាការ ចាក់វ៉ាក់សាំងកូវី-១៩ ជូនប្រជាពលរដ្ឋ អាយុចាប់ពី ១៨ ឆ្នាំឡើង នៅសាលាខេត្តព្រះសីហនុ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថាៈ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋ សរុបមានចំនួន ៣០៧.៨១៧ នាក់ ស្រី ១៤៣.៣២៣ នាក់ ក្នុងនោះ ប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើង សរុបចំនួន ២២៨.៣៧៧ នាក់ ស្រី ១០៣.៧៨៣ នាក់ ។ កន្លងមក វ៉ាក់សាំង ដែលមន្ទីរសុខាភិបាល ខេត្តព្រះសហីនុ ទទួលបានសរុប ចំនួន ២៩៥.៥៨៤ ដូស ក្នុងនោះ មានដូចជា៖ -Sinopharm ចំនួន ១៧៦.៧៨៨ ដូស -Covishield ចំនួន ១៥.០០០ ដូស -Sinovac ចំនួន ១២.៦៧៨ ដូស -Sinovac សម្រាប់កុមារ និងយុវវ័យពី ១២ ដល់១៨ឆ្នាំ ចំនួន ៦៧.២៦៤ដូស -AstraZeneca 3rd dose (អង់គ្លេស)ចំនួន ៥.៦២៤ដូស
-AstraZeneca 3rd dose (ជប៉ុន) ចំននួ ១៨.២៣០ដូស។
ខេត្តព្រះសីហនុ មានមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តចំនួន ១៩ ទីតាំង និងមានក្រុមគ្រូពេទ្យ ព្រមទាំងក្រុមការងារចម្រុះ ចាក់វ៉ាក់សាំងកូវីដ-១៩ សរុបចំនួន ១.៨១៧ នាក់។ លទ្ធផលនៃ ការចាក់វ៉ាក់សាំង កូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង សរុបចំនួន ២២៣,១៧០នាក់ ស្មើនឹង ៩៧,៧២គាគរយ នៅសល់ ៥,២០៧ នាក់ ។
លោក អភិបាលខេត្ត បានបន្តថាៈ ខេត្តព្រះសហីនុ បានបិទបញ្ចប់យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំង ក្រុង ស្រុក ទូទាំងខេត្ត និងបើកដំណើរការ មណ្ឌលចាក់វ៉ាក់សាំង អចិន្ត្រៃយ៍ចំនួន មួយមណ្ឌល គឺសាលាបឋម និងអនុវិទ្យាល័យតេជោ សែន កម្មករ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ សម្រាប់ចាក់ជូន ប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង និងកុមារ ចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលមិនទាន់បាន ចាក់វ៉ាក់សាំងកូវីដ-១៩ ។
លោកស្រី ឱ វណ្ណឌីន បានមានប្រសាសន៍ ថ្លែងអំណរគុណ រដ្ឋបាលខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញការងារ សម្របសម្រួល ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង កូវីដ-១៩ ទទួលបានលទ្ធផល យ៉ាងរលូន ដែលមានក្រុមគ្រូពេទ្យ កងយោធពលខេមរភូមិន្ទ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA គ្រូពេទ្យលោក សាយ ឈុំ គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យ វិស័យឯកជនផ្សេងទៀត ដែលបានចូលរួម យុទ្ធនាកាចាក់វ៉ាក់សាំង កូវីដ-១៩នេះ ។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថាៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្អូន ប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស មានដូចជាមន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើម ព្រោះការចាក់វាក់សាំង គឺជាគន្លឹៈសំខាន់ ក្នុងការការពារជំងឺកូវីដ-១៩ ។ លោកស្រី ក៏បានសំណូមពរ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលបាន វ៉ាក់សាំងដូសទី១ ទី២ និងទី៣ កុំភ្លេចខ្លួន ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននៅវិធានការណ៍ ៣ កុំ និង ៣ កាពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕/V