ដោយ៖ ឡុង ដានី, រី លក្ខិណា និង គាត ស្រីឡែន បុគ្គលិកមជ្ឈមណ្ឌលឯកសារ កោះថ្ម ខេត្តត្បូងឃ្មុំ/ភ្នំពេញ៖ថ្មីៗនេះ ក្រុមការងារគម្រោងប្រវត្តិសាស្ត្រគ្រួសារ រួមមាន ឡុង ដានី, រី លក្ខិណា និង គាត ស្រីឡែន ទៅសម្ភាសន៍ប្រជាជននៅក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ គម្រោងនេះនឹងផ្តល់ការយល់ដឹងកាន់តែច្បាស់លាស់អំពីប្រវត្តិសាស្ត្រខ្មែរក្រហមនៅក្នុងគ្រួសារ ក្រៅពីការសិក្សារៀនសូត្រនៅក្នុងកម្មវិធីសិក្សាផ្លូវការនៅតាមសាលាចំណេះទូទៅរបស់រដ្ឋ ដែលជាមធ្យោបាយដើម្បីការពារក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិពីអំពើប្រល័យពូជសាសន៍។ ខាងក្រោមគឺជាសាច់រឿងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៖
ខ្ញុំឈ្មោះ ប៉ច សាំង អាយុ ៦៦ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀង មានស្រុកកំណើតនៅភូមិទំពូក ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃខ្ញុំរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ ព្រះ ប៉ច និងម្ដាយឈ្មោះ មិច ទៀន។ ខ្ញុំមានបងប្អូនចំនួន៥នាក់ ស្រីចំនួន១នាក់។ បងប្អូនប្រុសចំនួន២នាក់បានស្លាប់ដោយសារតែទៅធ្វើទាហាននៅភូមិភាគបូព៌ា។ កាលពីក្មេងខ្ញុំបានរៀនសូត្របានរយៈពេល ២ឆ្នាំនៅវត្តកន្ទួត ។ ខ្ញុំឈប់រៀននៅឆ្នាំ១៩៧៣ ក្រោយពីឈប់រៀនខ្ញុំបានចូលធ្វើជាឈ្លបនៅក្នុងឃុំជាំតាម៉ៅ ដែលមាននាទី យាមការពារប្រជាជនក្នុងភូមិ។ ឆ្នាំ១៩៧៤ ខ្ញុំចូលធ្វើជាយោធាស្រុកមេមត់ គណ:ស្រុកមេមត់ឈ្មោះ ញឹក ហួន។ តា ចាន់ គឺជាប្រធានតំបន់២១។ បន្ទាប់ពីរំដោះឆ្នាំ១៩៧៥ ខ្ញុំផ្លាស់ទៅនៅតំបែ និងនៅមន្ទីរស១០០ ដែលមានតា សឿង និង តាដែន គឺជាប្រធាន និងអនុប្រធានយោធាតំបន់២១។ បន្ទាប់មកខ្ញុំត្រូវបានបញ្ជូនមកការពារព្រំដែននៅក្នុងឃុំចាន់មូល។ នៅឆ្នាំ១៩៧៧ កងទ័ពមជ្ឈិមបានហៅកងទ័ពដែលមានឋានៈចាប់ពីប្រធាន «ខ» ប្រធាន «គ» ប្រធាន «ឃ» ទៅប្រជុំនិងចាប់ដាក់ឡានយកទៅសម្លាប់ចោល។ ចំណែកខ្ញុំគឺជាកូនចៅដែលគ្មានឋានៈអ្វីគេមិនបានចាប់នោះទេ។ ខ្ញុំក៏ដូរខោអាវ និងយកកាំភ្លើងទៅកប់ក្នុងដី ហើយមកត្រឡប់មកធ្វើជាកងចល័តវិញ។ ក្រោយមកពួកនិរតីបន្តស្រាវជ្រាវរហូតដឹងពីសមាសភាពរបស់ខ្ញុំធ្លាប់ធ្វើយោធា ពួកនិរតីបានចាប់ខ្ញុំទៅមន្ទីរសន្តិសុខ ដែលមានគ្នាសរុប៣០នាក់។ ពេលនៅក្នុងមន្ទីរសន្តិសុខ ខ្មែរក្រហមបញ្ជាឲ្យធ្វើការងារគាស់គល់ឈើ ធ្វើស្រែ។ ពេលនោះមានអ្នកទោសបានលួចដំឡូង ហើយត្រូវសន្តិសុខចាប់យកទៅសម្លាប់។ នៅពេលដែលវៀតណាមចូលមក ទម្លាក់គ្រាប់បែកនៅស្រែរនាម។ ពួកសន្តិសុខរត់អស់ ទើបខ្ញុំបានរួចខ្លួន និងធ្វើដំណើរមកដល់ស្ទឹងត្រង់ជាមួយកងទ័ព និងប្រជាជនផ្សេងៗទៀត។ ពេលមកដល់ស្ទឹងត្រង់ ប្រជាជនចែកបាយឲ្យហូបគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ ខ្ញុំបានសុំឡានកងទ័ពវៀតណាមជិះត្រឡប់មកស្រុកកំណើតវិញ។ ឆ្នាំ១៩៨៨ ទើបខ្ញុំរៀបការ។
ខ្ញុំឈ្មោះ តូច រឿង ភេទប្រុស អាយុ៦៧ឆ្នាំ គឺជាជនជាតិស្ទៀង។ រឿង មានស្រុកកំណើតនៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ សព្វថ្ងៃរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុករបស់ខ្ញុំឈ្មោះ វ៉ិក និងម្តាយឈ្មោះ ភេម។ ខ្ញុំគឺជាកូនទី២ក្នុងចំណោមបងប្អូន៦នាក់ ស្រីចំនួន២នាក់ និងប្រុសចំនួន៤នាក់។ ប្រពន្ធរបស់ខ្ញុំឈ្មោះ ពៅ ញ៉ាក់ និងមានកូនចំនួន៧នាក់ ស្រី៥នាក់ និងប្រុស២នាក់។ កាលពីតូចៗខ្ញុំរៀនបានតិចតួច ព្រោះគ្មានសាលារៀន មានតែរៀននៅវត្តលោក។ ខ្ញុំធ្លាប់បានទៅស៊ីឈ្នួលចៀរជ័រកៅស៊ូឲ្យបារាំង។ ទីតាំងចម្ការកៅស៊ូបារាំងនៅឡាំបោ ដែលមានចម្ងាយពីភូមិរបស់ខ្ញុំប្រមាណជា២គីឡូម៉ែត្រ។ កម្មករនៅក្នុងចម្ការកៅស៊ូមាន បងប្អូនជនជាតិចាម និងជនជាតិវៀតណាម និងជនជាតិខ្មែរដែលមកពីភូមិផ្សេងៗ។ ភូមិខ្ញុំកាលពីដើមមានប្រជាជនប្រហែល២០ខ្នងផ្ទះ និងប្រើប្រាស់ភាសាស្ទៀង។ ពេលមានជំងឺម្តងៗអត់មានពេទ្យទេនៅក្នុងភូមិ ឪពុកម្តាយខ្ញុំប្រើប្រាស់ថ្នាំបុរាណ និងរកគ្រូស្ដោះផ្លុំ ឬបញ្ជាន់អារក្ខ។ នៅឆ្នាំ១៩៧០ ខ្ញុំទាន់ការលក់អង្ករឲ្យយៀកកុងនៅតាមព្រំដែន។
ខ្ញុំឈ្មោះ ពៅ ញ៉ាក់ ភេទស្រី អាយុ៦៣ឆ្នាំ គឺជាជនជាតិដើមភាគតិចស្ទៀង និងរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្ដាយឈ្មោះ ងែ ឡាញ់ និងឪពុកឈ្មោះ ពៅ ចប។ ខ្ញុំមានបងប្អូន ចំនួន៧នាក់គឺប្រុស ចំនួន៤នាក់ និងស្រីចំនួន៣នាក់។ កាលពីក្មេងខ្ញុំបានរៀនសូត្រត្រឹមថ្នាក់ទី២ នៅវត្តកន្ទួត ដែលនៅស្ថិតក្បែរផ្ទះ។ ខ្ញុំរៀនអក្សរលេខបានត្រឹមចេះអាន សរសេរបន្តិចបន្តួចប៉ុណ្ណោះ។ បន្ទាប់មកខ្ញុំឈប់រៀនមកជួយធ្វើការងារម្ដាយខ្ញុំវិញ។ ម្ដាយខ្ញុំកាលនោះគាត់ឧស្សាហ៍ឈឺ ខ្ញុំមើលប្អូនតូចៗ នឹងជួយធ្វើស្រែចំការម្ដាយរបស់ខ្ញុំ។ ក្រោយមកក្នុងឆ្នាំ ១៩៧០ នៅក្នុងភូមិបានកើតមានសង្គ្រាម រដ្ឋប្រហារ កាលនោះ ឪពុករបស់ខ្ញុំបានទៅចូលរួមធ្វើបាតុកម្ម។ នៅពេលគាត់ត្រឡប់មកផ្ទះវិញ គាត់បាននិយាយប្រាប់ខ្ញុំថា មានគេមកឃោសនាឲ្យទៅទទួលសម្ដេចឪ។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន ថ្មីមករស់នៅក្នុងភូមិរបស់ខ្ញុំ រស់នៅតាមផ្ទះប្រជាជន និងធ្វើស្រែធ្វើចម្ការដូចប្រជាជនទូទៅដែរ។ នៅឆ្នាំ១៩៧៦ ខ្ញុំត្រូវខ្មែរក្រហមឲ្យទៅលើប្រព័ន្ធភ្លឺស្រែនៅឃុំជាំតាម៉ៅ នៅទីនោះមានមនុស្សប្រហែលជា១០០នាក់។ នៅពេលទៅធ្វើការនៅទីនោះ ខ្ញុំនៅឆ្ងាយពីឪពុកម្តាយហើយខ្ញុំបានសុំខ្មែរក្រហមមកលេងឪពុកម្តាយ។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបាននាំខ្ញុំទៅធ្វើជាកងទ័ពនារីនៅឃុំចាន់មូល។ កងទ័ពនារីមានសមាជិកប្រហែល១០០នាក់។ ខ្មែរក្រហមបានចាត់តាំងកងទ័ពនារីធ្វើការងារដូចជាអ្នកដាំបាយ ធ្វើម្ហូបសម្រាប់កងទ័ពបុរសដែលទៅសមរភូមិ។ ខ្ញុំធ្វើការនៅទីនោះបានមួយវស្សា ខ្មែរក្រហមជម្លៀសខ្ញុំទៅក្រចេះ ទៅដល់ទីនោះ ខ្មែរក្រហមបានឲ្យខ្ញុំសែងអ្នករបួស និងសាកសពកងទ័ព។ កាលនោះខ្ញុំសែងអ្នករបួសនៅស្រែស្រណុក ស្រុកឆ្លូង។ ក្នុងសាកសពម្នាក់ត្រូវសែងដោយនារីពី៣នាក់។ ១៩៨០ ខ្ញុំបានរៀបការជាមួយប្ដីរបស់ខ្ញុំ។
ខ្ញុំឈ្មោះ សេក អ៊ូច ភេទស្រី អាយុ៦៧ឆ្នាំ។ ខ្ញុំមានទីកន្លែងកំណើតនៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ប៉ុន្តែប្ដូរទៅជាខេត្តត្បូងឃ្មុំ។ សព្វថ្ងៃខ្ញុំរស់នៅភូមិដដែល។ ខ្ញុំមានម្ដាយឈ្មោះ កែវ និងឪពុកឈ្មោះ នៅ។ ប្ដីរបស់ខ្ញុំឈ្មោះ ស សារូ។ ខ្ញុំមានកូនចំនួន៧នាក់ គឺប្រុស៤នាក់ ស្រី៣នាក់។ កាលពីក្មេងខ្ញុំរៀនសូត្របន្តិចបន្តួចនៅពេលយប់ នៅសាលាវត្តកន្ទួត។ នៅម៉ោង៧យប់ខ្ញុំ និងក្មេងក្នុងភូមិនាំគ្នាដើរទៅវត្តកន្ទួតដើម្បីរៀនអក្សរ។ ខ្ញុំឈប់រៀនក្នុងឆ្នាំ១៩៧០ ដោយសារសង្គ្រាម។ ខ្ញុំឃើញមានទាហានអាមេរិកចូលមកដល់ក្នុងភូមិ។ ប្រសិនប្រជាជនណាម្នាក់មានជំងឺ ទាហានអាមេរិកយកទៅព្យាបាល និងចាក់ថ្នាំឲ្យប្រជាជនគ្រប់គ្នា។ ថ្ងៃមួយខ្ញុំឈឺគ្រុនក្តៅ ទាហានអាមេរិកនាំខ្ញុំទៅព្យាបាល ចាក់ថ្នាំ និងឲ្យថ្នាំលេប។
នៅឆ្នាំ១៩៧៣ ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាទាហានកងទ័ពរំដោះ ខ្ញុំត្រូវផ្លាស់ទៅនៅ តោញក្នុងឃុំរូង។ នៅទីនោះខ្ញុំបានជួយធ្វើស្រែប្រជាជន។ ប្រធានគ-២ ឈ្មោះយាយម៉ៅ និងប្រធានគ-១ ឈ្មោះ យាយសេង។ ក្រោយមកទៀតនៅឆ្នាំ១៩៧៥ ខ្ញុំ និងអង្គភាពត្រូវផ្លាស់មករស់នៅភូមិ ងើ ធ្វើស្រែជាមួយប្រជាជនបានរយៈពេល១ខែ អង្គភាពរបស់ខ្ញុំត្រូវត្រឡប់មកនៅភូមិបេងកោងវិញ។ ខ្ញុំជួយធ្វើការងារដាំស្រូវជាមួយអ្នកភូមិរហូតដល់ឆ្នាំ១៩៧៧។ នៅពេលកងទ័ពមជ្ឈិមចូលមកចាប់ យាយម៉ៅ និងយាយសេង នៅបេងកោង ខ្ញុំបានរត់បែកពីក្រុម មករកឪពុកម្តាយនៅជំនុំពល។ ខ្ញុំស្នាក់នៅផ្ទះប្រជាជន។ ក្រោយមកខ្ញុំត្រូវជម្លៀសទៅក្រចេះ។ នៅពេលកងទ័ពវៀតណាមចូលមក ខ្ញុំដើរត្រឡប់មកផ្ទះជាមួយបងប្រុសរបស់ខ្ញុំ។
ខ្ញុំឈ្មោះ ខៀវ ប៉ិច ភេទស្រី អាយុ៧៤ឆ្នាំ។ ខ្ញុំគឺជាជនជាតិដើមភាគតិចស្ទៀង និងរស់នៅក្នុងភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ម្ដាយរបស់ខ្ញុំឈ្មោះ អៀន និងឪពុកឈ្មោះ ខៀវ។ ខ្ញុំមានបងប្អូនចំនួន៧នាក់ ស្រី៦នាក់ និងប្រុស១នាក់។ ខ្ញុំមិនបានរៀនសូត្រទេ ព្រោះគ្មានសាលា ហើយខ្ញុំត្រូវនៅផ្ទះជួយការងារឪពុកម្តាយធ្វើចម្ការ និងដាំស្រូវ។ នៅពេលទំនេរខ្ញុំតែងតែទៅចម្ការកៅស៊ូរបស់បារាំងនៅឡាំបោ ដើម្បីបេះបន្លែ បេះល្ពៅ យកមកធ្វើម្ហូប។ ខ្ញុំរៀបការនៅមុនរដ្ឋប្រហារ។ បន្ទាប់ពីរៀបការរួច ខ្ញុំនិងប្ដីរត់ចូលព្រៃដើម្បីគេចពីទម្លាក់គ្រាប់បែក។ ខ្ញុំពួនតាមព្រៃឫស្សី ពេលនោះខ្ញុំមានកូនមួយ ខ្ញុំរត់ឱប កូនមុជបន្លាឫស្សីដោយភ័យខ្លាចសំឡេងយន្តហោះទម្លាក់គ្រាប់។ កាលនោះទាហានអាមេរិកមានបន្ទាយនៅខាងកើតភូមិ។ នៅឆ្នាំ១៩៧៣ នៅក្នុងភូមិ ប្រជាជនធ្វើស្រែប្រវាស់ដៃ ក្រោយមកមិនបានប៉ុន្មាន ខ្មែរក្រហមបានឲ្យប្រជាជនហូបបាយរួម។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមឡើងកាន់អំណាច ខ្ញុំត្រូវខ្មែរក្រហមចាត់តាំងឲ្យធ្វើស្រែនៅក្នុងភូមិមួយរយៈ។ ក្រោយមកទៀត ខ្មែរក្រហមឲ្យខ្ញុំមើលក្មេងៗនៅក្នុងកង។ ខ្ញុំមើលថែក្មេងដែលមានអាយុចន្លោះពី៧ទៅ៨ឆ្នាំ។ ក្រោយមកនៅឆ្នាំ១៩៧៨ ខ្ញុំនិងក្រុមគ្រួសារត្រូវខ្មែរក្រហមជម្លៀសទៅខេត្តក្រចេះ។ ពេលទៅដល់ក្រចេះ ខ្ញុំត្រូវខ្មែរក្រហមចាត់ឲ្យធ្វើការងារលើកប្រព័ន្ធភ្លឺស្រែ និងទំនប់។ ខ្ញុំធ្វើការងារមិនបានប៉ុន្មាន ខ្មែរក្រហម ចាត់ឲ្យខ្ញុំទៅមើលក្មេងៗម្ដងទៀត ។ នៅពេលរំដោះឆ្នាំ១៩៧៩ ខ្ញុំបានត្រឡប់មកស្រុកកំណើតវិញ។ ខ្ញុំធ្វើដំណើរមកជាមួយប្ដី និងកូនតូចរបស់ខ្ញុំ។ នៅតាមផ្លូវប្តីរបស់ខ្ញុំឈឺរហូតព្រោះគាត់គ្មានកម្លាំងនិងគ្មានអាហារហូប។ ខ្ញុំគ្រាហ៍ប្ដី និងពរកូនមករហូត។ ខ្ញុំឈប់សម្រាកនៅ កាត់ដៃមួយខែ។ កាលនោះប្រជាជនឲ្យខ្ញុំធ្វើជ្រូកក្នុងទ្រុងដើម្បីធ្វើម្ហូប។ ខ្ញុំស្នាក់នៅទីនោះរយៈពេល១ខែរង់ចាំឲ្យប្ដីរបស់ខ្ញុំមានកម្លាំង។ ក្រោយមកយើងមកដល់ស្រុកកំណើត។
ខ្ញុំឈ្មោះ សឿ យេន ភេទប្រុស អាយុ៧៤ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ ខេត្តកំពង់ចាម (សព្វថ្ងៃខេត្តត្បូងឃ្មុំ)។ ឪពុករបស់ខ្ញុំឈ្មោះ ហែម សឿ និង ម្តាយឈ្មោះ ឃ្លោក មី។ ខ្ញុំមានបងប្អូន ចំនួន៨នាក់ ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ មាស មឿន និងមានកូន៥នាក់។ កាលពីសង្គមចាស់ខ្ញុំរៀននៅសាលាវត្ត ក្រោយមកខ្ញុំបួសបាន៤វស្សានៅវត្តតំបែរ។ ខ្ញុំសឹកនៅពេលដែលកើតមានរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ នៅឆ្នាំ១៩៧០។ ខ្ញុំសឹកបានរយៈពេល៣ខែ នៅក្នុងភូមិរបស់ខ្ញុំមានការជ្រើសរើសយុវជនឲ្យចូលបម្រើជាកងទ័ពរំដោះ ដោយនាំគ្នាចូលព្រៃនៅតំបែរដែលជាមូលដ្ឋាន។ មុនដំបូង មានការបង្ហាត់បង្រៀនពីកងទ័ពវៀតណាមខាងជើង ឈ្មោះ ណាំប៊ិញ។ ព្រៃដែលខ្ញុំនៅហ្វឹកហាត់នោះត្រូវបានស្គាល់ឈ្មោះថា ព្រៃសង្វាក់ ដោយនៅខាងក្នុងមានប្រក់សឹ្លកទ្រាំងធ្វើជាជំរំ។ យើងនាំគ្នាត្រួសត្រាយស្មៅឲ្យទៅជាវាល សម្រាប់ហាត់លូន ក្រាប និងប្រើប្រាស់កាំភ្លើង។ ដំបូងគឺយើងហ្វឹកហាត់ម្ខាងគឺជាខ្មាំង ម្ខាងទៀតគឺជាកងទ័ពរៀនបាញ់កាំភ្លើងឈើ និងគប់ដុំដី។ ពេលដែលហ្វឹកហាត់ស្ទាត់ជំនាញរយៈពេលមួយឆ្នាំ ទើបយើងអាចកាន់កាំភ្លើង។ យើងរៀបចំជាក្រុមត្រៀមវាយជាមួយនឹងទាហានធីវគី ចាប់ពីស្រុកតំបែររហូតដល់ស្រុកឆ្លូង ។ ប្រធានវរៈរបស់ខ្ញុំឈ្មោះ ពិសិដ្ឋ ហៅ ជ្រោយ។ ប្រធានយោធាតំបន់ឈ្មោះតាឯក ក្រោយមកឡើងជំនួសដោយ តាដែន។ វរៈ៥៩ ឈ្មោះតាសឿង និង លី សុភាព។ វរៈ៥៥ មានឈ្មោះ តាសាធ និងតាសី ហើយមានចំនួន២គ គឺគ-៦២ និងគ-៦៣។ ខ្ញុំនៅក្នុងគ-៦២ ឈរជើងនៅគោកចារ នៅជីរោទិ៍ រហូតដល់ទន្លេបិទ។ នៅឆ្នាំ១៩៧៥ ខ្ញុំបានសម្រាកពីកងទ័ព មកនៅក្នុងសហករណ៍។ ក្រោយមកគណៈស្រុកបានឲ្យខ្ញុំទៅធ្វើការនៅសង្កាត់រំចេក រយៈពេល២ឆ្នាំ ៣ខែ។ ខ្ញុំបានរៀបការជាមួយនឹងកូនខ្មែរកាត់វៀតណាម។ នៅពេលដែលកងទ័ពនិរតីចូលមកគឺសម្លាប់អ្នកដែលជាប់សែស្រឡាយជាមួយនឹងវៀតណាមចោលទាំងអស់។ ខ្ញុំទទួលដំណឹងថានិរតីចង់ចាប់អ្នកបូព៌ាទាំងអស់ដែលជាថ្នាក់ដឹកនាំ។ ខ្ញុំ, ព្រាប ពិជ័យ, សុខ កែម, សុខ គង់ និង ឈិត ឃើញសភាពការណ៍មិនស្រួលក៏នាំគ្នារត់ចូលព្រៃ ប៉ុន្តែប្រពន្ធរបស់ខ្ញុំមិនបានរត់ទៅជាមួយខ្ញុំទេ។ ប្រពន្ធរបស់ខ្ញុំដែលកាត់វៀតណាមត្រូវទ័ពមជ្ឈិម និងនិរតីសម្លាប់ចោល។ នៅក្នុងព្រៃខ្ញុំបានយកអង្ករដែលខាងសហករណ៍យកទៅលាក់នៅក្នុងព្រៃហូបជាមួយនឹងអំបិល។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលទៅដល់ក្នុងព្រៃក៏បានជួបជាមួយយើង ដែលកំពុងលាក់ខ្លួន។ កងទ័ពវៀតណាមបានឲ្យកាំភ្លើង និងខោអាវ មកយើងដើម្បីវាយជាមួយនឹងខ្មែរក្រហមវិញ។ កងទ័ពវៀតណាមបញ្ជូនខ្ញុំនិងអ្នកផ្សេងទាំងអស់៦២នាក់ទៅហាត់រៀននៅបន្ទាយធូឌឹក សមុទ្រក្រហមរយៈពេល៣ខែ។ ទៅដល់វៀតណាម ខ្ញុំរៀននយោបាយ យុទ្ធសាស្ត្រហ្វឹកហាត់ទាហាន ច្បាប់ទាហាន។ ពេលត្រឡប់មកវិញ ខ្ញុំនៅក្នុងគណៈចាត់តាំងស្រុកមេមត់។ ក្រោយមកខ្ញុំបានទៅធ្វើជាមេឃុំរំចេក រយៈពេល៣ខែ ៦ថ្ងៃ ដើម្បីពង្រឹងនៅខាងឃុំរំចេក។ ពេលឃុំរំចេករឹងមាំហើយ ខ្ញុំត្រឡប់មកកាន់ទ័ពនៅស្រុកមេមត់វិញ។ នៅឆ្នាំ១៩៨២ ខ្ញុំក៏សម្រាកពីការធ្វើទ័ព មករស់នៅក្នុងភូមិជាំតាម៉ៅ និងបានរៀបការប្រពន្ធទី២ និងរស់នៅភូមិជាំតាម៉ៅរហូតដល់សព្វថ្ងៃ។
ខ្ញុំឈ្មោះ សោម ហាច ភេទស្រី អាយុ៧០ឆ្នាំ។ ខ្ញុំគឺជាជនជាតិដើមភាគតិចស្ទៀង និងរស់នៅភូមិកន្ទួត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានម្ដាយឈ្មោះ កូវ សិន និងឪពុកឈ្មោះ សោម ផាន់។ ប្ដីរបស់ខ្ញុំឈ្មោះ សេក ថៅ។ ខ្ញុំរៀនសូត្របានបន្តិចបន្តួចជាមួយព្រះសង្ឃនៅសាលាវត្តកន្ទួត។ កាលនោះខ្ញុំរៀនវេនយប់ ប៉ុន្តែខ្ញុំរៀនមិនសូវជាប់លាប់នោះទេ ព្រោះត្រូវជួយការងារម្ដាយ។ នៅម៉ោង៧យប់ទើបខ្ញុំទៅរៀន ហើយម៉ោង៨ត្រឡប់មកផ្ទះវិញ។ នៅពេលព្រឹកខ្ញុំត្រូវមើលប្អូនតូចៗ ព្រោះម្ដាយទៅធ្វើចម្ការ។ ខ្ញុំត្រូវមេភូមិឲ្យខ្ញុំយាមការពារភូមិដើម្បីកុំឲ្យកងទ័ពវៀតកុង និងទាហានអាមេរិកចូលមកដែលនាំឲ្យមានការជួបប្រយុទ្ធគ្នា និងបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាជន។ នៅឆ្នាំ១៩៧៣ ក្នុងភូមិចាប់ផ្តើមធ្វើការងារប្រវាស់ដៃ។ រហូតមកដល់ឆ្នាំ១៩៧៤ ប្រជាជនក្នុងភូមិចាប់ផ្ដើមធ្វើការរួម។ យើងមានរោងមួយសម្រាប់ប្រជាជននៅក្នុងភូមិមកហូបបាយជុំគ្នា។ នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជន ១៧ មេសា ចូលមកក្នុងភូមិរបស់ខ្ញុំ និងឲ្យរស់នៅតាមផ្ទះអ្នកស្រុក។ ខ្មែរក្រហមចាត់តាំងឲ្យប្រជាជនជម្លៀសធ្វើចម្ការដូចអ្នកភូមិដែរ។ ខ្ញុំរស់នៅក្នុងភូមិ ដូច្នេះខ្មែរក្រហមចាត់តាំងឲ្យខ្ញុំធ្វើចម្ការរហូតដល់ឆ្នាំ១៩៧៧ ទើបជម្លៀសទៅខេត្តក្រចេះ។ នៅពេលទៅដល់ក្រចេះ ខ្មែរក្រហមឲ្យខ្ញុំលើកប្រព័ន្ធភ្លឺស្រែ និងធ្វើស្រែចម្ការ។ នៅទីនោះ ខ្មែរក្រហមបានឲ្យខ្ញុំរៀបការ ប៉ុន្តែខ្ញុំបដិសេធ ដោយប្រាប់ថា ខ្ញុំមិនទាន់ចង់រៀបការទេ។ ក្រោយមកទៀត ខ្មែរក្រហមជម្លៀសខ្ញុំទៅភូមិផ្សេងៗ។ ខ្ញុំធ្វើការនៅកងចល័តរហូត ដល់ថ្ងៃមួយមានប្រជាជនក្នុងភូមិប្រាប់ថា ប្រទេសរំដោះបានហើយ។ ប្រជាជនរស់នៅភូមិណា ស្រុកណាអាចទៅស្រុករបស់ខ្លួនវិញ។ ខ្ញុំដើររហូតដល់ស្រុកកំណើត។ នៅពេលមកដល់ភូមិកន្ទួត ខ្ញុំមិនហ៊ាននៅផ្ទះទេ ព្រោះមានព្រៃដុះព័ទ្ធផ្ទះ។ ខ្ញុំនិងក្រុមគ្រួសារបានធ្វើខ្ទមតូចមួយសម្រាប់រស់នៅ។ ក្រោយមកខ្ញុំរៀបការ ហើយប្រកបរបរធ្វើចម្ការដើម្បីចិញ្ចឹមជីវិត និងរស់នៅទីនេះរហូតមកដល់សព្វថ្ងៃ។
ខ្ញុំឈ្មោះ សេង កុសល ភេទប្រុស អាយុ៧២ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅភូមិកោះទ្រង់ ឃុំកោះទ្រង់ ស្រុកក្រចេះ ខេត្តក្រចេះ។ ឪពុករបស់ខ្ញុំឈ្មោះ ឃួន សេង និងម្តាយ ឈ្មោះ កែវ ឡាំ។ ខ្ញុំមានបងប្អូនចំនួន៣នាក់ គឺប្រុសទាំងអស់។ ប្អូនប្រុសពៅរបស់ខ្ញុំម្នាក់ស្លាប់នៅសមរភូមិទន្លេបិទ។ ប្រពន្ធរបស់ខ្ញុំឈ្មោះ សំ សុខ ហៅ សុទ្ធ អាយុ៦៤ឆ្នាំ។ ខ្ញុំរៀនដល់ថ្នាក់ទី៧នៅសាលាបឋមសិក្សាភូមិកោះទ្រង់។ ក្រោយមនៅឆ្នាំ១៩៦៨ ខ្ញុំឈប់រៀនហើយចូលបួសជាព្រះសង្ឈ។ រហូតដល់ឆ្នាំ១៩៧០ ខ្ញុំសឹកដោយសារមានសង្គ្រាម មិនអាចគង់នៅក្នុងវត្តបន្តទៀតបាន។ បន្ទាប់ពីសឹក នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ១៩៧០ ខ្ញុំស្ម័គ្រចិត្តចូលបម្រើកងទ័ពតំបន់២១ តាមរយៈ គ្រូស្រេង។ គ្រូស្រេង ទទួលបន្ទុកការងារនៅខេត្តក្រចេះ និងមានអ្នកចូលរួមកងទ័ពខ្មែរក្រហមចំនួន១០០នាក់។ បន្ទាប់មក លោកគ្រូស្រេង ឲ្យកងទ័ពទាំងអស់មកឈរជើងនៅកំពង់រាំង ស្រុកតំបែរ ជាប់ព្រំប្រទល់ជាមួយនឹងស្រុកឆ្លូង។ នៅពេលនោះមានការហាត់រៀនយុទ្ធសាស្ត្រកងទ័ព។ កងទ័ពតំបន់២១មានចំនួន២កងអនុសេនាធំ គឺគ-១ គ្រប់គ្រងដោយ វង្សា និងគ-២ គ្រប់គ្រងដោយ សាង និងសារ៉ាត់។ ក្រោយមកទៀតទើបមានបង្កើតជាគ-៣ គ្រប់គ្រងដោយ ស្រី អារុណ។ នៅពេលហាត់នោះគឺមានទាំងកងទ័ពវៀតណាម និងកងទ័ពខ្មែរគឺជាអ្នកបង្ហាត់បង្រៀន។ ខ្ញុំហាត់យុទ្ធសាស្ត្រទាហានរយៈពេល៥ទៅ៦ខែ នៅទួលប្រោះ ក្នុងស្រុកតំបែរ ។ នៅពេលហាត់ចប់ គឺខ្ញុំចេញទៅសមរភូមិពីថ្នល់ជាតិលេខ៧ រហូតដល់ចម្ការកាហ្វេ នៅក្នុងឃុំកំពាន់ ស្រុកមេមត់។ អ្នកដែលគ្រប់គ្រងកងទ័ពតំបន់២១ គឺ កែវ សំណាង។ បន្ទាប់ពីកែវ សំណាង ផ្លាស់ទៅភូមិភាគ ឈ្មោះ សាង, សារ៉ាត់ និងសាញ់ ជាអ្នកគ្រប់គ្រងបន្ត។ ទីតាំងមន្ទីរតំបន់២១ នៅព្រៃងុយ ជាប់ ស្រុកក្រូចឆ្មារ។ នៅចុងឆ្នាំ១៩៧២ និងដើមឆ្នាំ១៩៧៣ ខ្ញុំមកកាន់ជាអនុសេនាធំលេខ៩៥។ កងទ័ពខ្ញុំឈរជើងនៅតាមផ្លូវលេខ៧ មកទន្លេបិទ, កងទ័ពសុខ សារឿន ឈរជើងនៅជីរោទិ៍ បឹងព្រួល បឹងកំបោរ ចំណែក សាញ់ និងសាធ ឈរជើងនៅខាងក្រោមខ្សែទឹក ចាប់ពីព្រែកជីកដូនម៉ៅ ទៅបឹងមាត់ខ្មុង ស្រុកត្បូងឃ្មុំ។ នៅចុងឆ្នាំ១៩៧៣ ពេលដែលបងសាង ប្រធានយោធាតំបន់២១ បានស្លាប់ដោយសារជាន់មីននៅសមរភូមិ ឈ្មោះ អ៊ួង ឯក បានឡើងជំនួស។ នៅឆ្នាំ១៩៧៤ ខ្ញុំត្រូវរបួសទៅសម្រាកព្យាបាលនៅពេទ្យព-២ និងមានស្លាកស្នាម អំបែងគ្រាប់ជាប់នៅក្នុងសាច់ខ្ញុំរហូតមកដល់សព្វថ្ងៃ។ ឯកសណ្ឋានខ្ញុំស្លៀកពាក់កាលនោះគឺខោអាវកងទ័ពគឺពណ៌ត្រេអ៊ី និងស្បែកជើងកង់ឡាន។ នៅថ្ងៃទី២៣ ខែមិនា ឆ្នាំ១៩៧៥ ខាងកងទ័ពបានហៅខ្ញុំឲ្យទៅសមរភូមិបឹងព្រួល គឺក្នុងគោលបំណងចាប់ខ្ញុំ ដោយចោទថាជាខ្មែរស ហើយយកទៅដាក់សន្តិសុខនៅពាមជីលាំង។ ខ្ញុំត្រូវសន្តិសុខវាយនឹងបំពង់ឫស្សីឲ្យសន្លប់៣ដង ហេតុការណ៍ដែលខ្មែរក្រហមចោទខ្ញុំគឺមិនពិត ឡើយ ហើយខ្ញុំបានប្រកែក ទើបឆ្មាំគុកវាយខ្ញុំ។ បន្ទាប់មក តាចាន់ ហៅសេងហុង ដឹងថាខ្មែរក្រហមចាប់ខ្ញុំ គាត់សរសេរសំបុត្រសុំឲ្យដោះលែងខ្ញុំវិញ។ ខ្ញុំត្រូវបានចាត់តាំងឲ្យនៅកន្លែងពិការនៅក្នុងព្រៃស្ទឹងក្រពើ៣ និងត្រូវធ្វើគ្រែ តុ ធ្វើផ្ទះ ឲ្យបងប្អូនដែលពិការរស់នៅ។ នៅឆ្នាំ១៩៩២ ខ្ញុំមករស់នៅស្រុកមេមត់។ ខ្ញុំគ្រប់គ្រងកម្លាំងជីវពលនៅចម្ការកៅស៊ូ និងគ្រប់គ្រងអ្នកអតីតភាពកងទ័ព។ នៅឆ្នាំ២០០៦ ខ្ញុំធ្វើជាមេភូមិខ្នងក្រពើខាងលិច ហើយចូលនិវត្តន៍នៅឆ្នាំ២០១៩៕សរន