ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បានសម្រេច​អនុញ្ញាត បើកទ្វារ​សាលា ឱ្យ​សិស្សានុសិស្ស នៅ​ទូទាំង​ខេត្ត មួយ​នេះ បាន​ចូលរៀន​ឡើងវិញ ជា​ពីរ​ដំណាក់កាល គឺ​ខុសត្រូវ​គ្នា រយៈពេល ១៤ ថ្ងៃ​។​

​លោក​អភិបាល ខេត្តកំពង់ចាម បានសម្រេច​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា វាយតម្លៃ ការបើក​គ្រឹះស្ថាន អប់រំ​សាធារណៈ និង​ឯកជន​ឡើងវិញ ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម ជាមួយ​មន្ត្រី​ពាក់ព័ន្ធ នៅក្នុង​សាលា ខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃទី ១០ កញ្ញា​នេះ​។​

​លោក​បាន​ថ្លែងឱ្យដឹងថាៈ រដ្ឋបាលខេត្ត​កំពង់ចាម នឹង​បើក​ឱ្យ​សិស្ស​ចូលរៀន ជា​ពីរ​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ គឺ​អនុញ្ញាតឱ្យ​សិស្ស ចាប់ពី​ថ្នាក់​អនុវិទ្យាល័យ ដល់​សកល​វិទ្យាល័យ បាន​ចូលរៀន សាកល្បង នៅ​ថ្ងៃទី ២០ កញ្ញា ។ បន្ទាប់មក នៅ​ដំណាក់កាល​ទី​២ គឺ ១៤ ថ្ងៃក្រោយ នឹង​អនុញ្ញាតឱ្យ សិស្ស ចាប់ពី​ថ្នាក់​បឋម​ឡើងទៅ នៅ​ថ្ងៃទី ១១ តុលា​។​

​លោក​បាន​បន្ថែមថាៈ ការ​ដែរ​យើង​សម្រេច​យ៉ាង​ដូច្នេះ គឺ​សិស្ស​ថ្នាក់​ចាប់​អនុវិទ្យាល័យ​ឡើងទៅ បាន​ចូលរៀន​មុន ដោយសារ​ពួកគេ បាន​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ ១៩ រួចហើយ និង​ម្យ៉ាងទៀត ពួកគេ​បានទទួល​ចំណេះដឹង បាន​ច្រើន ការអប់រំ ពី​វិធាន​សុខាភិបាល នៃ​វិធាន​ការការពារ ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូ​វីដ ១៩ ៕/V​