​ដោយៈ ចាន់តូ / ភ្នំពេញៈ ដឹង​ការពិតហើយ​! ពី​ហេតុការណ៍ នៃ​ករណី​ឃាតកម្ម ដែល​បាន​បង្ក​ឲ្យ​មាន ការភ្ញាក់ផ្អើល នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ នេះ នៅ​ចំណុច YABES APARTMENT លេខ​២៥ តាមផ្លូវ​១០៣ ក្រុម​២៥ ស្ថិតនៅ​ភូមិ​៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន​។ បុរស​ម្នាក់ ជា​ជនជាតិ​ហ្វីលីពីន បាន​យក​កន្ត្រៃ ចាក់ទៅលើ​ប្អូនស្រី​បង្កើត និង​ប្អូនថ្លៃ បណ្ដាល​ឲ្យ​ស្លាប់ ២ នាក់ ក្នុង​ថ្លុកឈាម នៅ​បន្ទប់ដេក ក្រោយមក ជនដៃដល់ បាន​លោត​ចុះ​ពី​ជាន់​ទី​១ មក​ជាន់​ផ្ទាល់​ដី បណ្ដាល​របួសធ្ងន់​។​

​បុរស​ជនជាតិ​ហ្វីលីពីន អាយុ​ជាង ៥០ ឆ្នាំ មិនដឹង​មាន​បញ្ហា​អ្វី​ទេ បាន​ឈ្លោះ​គ្នា​ប្ដី​ប្រពន្ធ តាំងពី​ម្សិលមិញ ថ្ងៃទី​៩ ខែកញ្ញា ដោយ​ឮ​សំឡេង​ប្រកែក តឹង​សរសៃ ក ក្រោយមក បាន​ស្ងាត់ ទៅវិញ រហូតដល់​ព្រឹក ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ នេះ ក៏មាន​ការភ្ញាក់ផ្អើល​ថា បុរស​នោះ បាន​យក​អាវុធ​មុត​ស្រួច ចាក់ទៅលើ​ជនរងគ្រោះ ប្ដី​ប្រពន្ធ ត្រូវជា​ប្អូនបង្កើត និង​ប្អូនប្រុស​ថ្លៃ ស្លាប់​ភ្លាមៗ​។​

​ក្រោយមក បុរស​ជនដៃដល់​នេះ មាន​សភាព​ភ័យ​ស្លន់ស្លោ រួច​បាន​តោង​បង្កាន់ដៃ​ថ្ម ជាន់​ទី​១ លោត​ចុះមក ខាង​ជាន់​ផ្ទាល់​ដី បណ្ដាលឱ្យ​រងរបួស​ធ្ងន់ និង​ប្ដឹង​សមត្ថកិច្ច ចុះ​អន្តរាគមន៍ នៅ​កន្លែងកើតហេតុ​។ ជនរងគ្រោះ ស្លាប់​ទាំង ២ នាក់ ឈ្មោះ Jerry l Cervancz Jr អាយុ​៤១​ឆ្នាំ និង​ឈ្មោះ Grace Yabes Suyat ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។ ជនរងគ្រោះ ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា និង​ជា​ជនជាតិ​ហ្វីលីពីន ។ ដោយឡែក ជនសង្ស័យ​ឈ្មោះ YABES FERMIN JR SUYAT អាយុ​៥៩​ឆ្នាំ ស្នាក់នៅ​ខុន​ដូ​ខាងលើ មុខរបរ ម្ចាស់​អា​ផាត​មិន (​ឃាត់ខ្លួន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ខេ​ម៉ា​) ត្រូវជា​បង​បង្កើត របស់​ស្ត្រី​រងគ្រោះ ឈ្មោះ Grace Yabes Suyat ។​

​កូន​របស់​ជនរងគ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុនពេល​កើតហេតុ បានឃើញ​ជនសង្ស័យ ដើរចូល​ចង្ក្រាន​បាយ ជនរងគ្រោះ ត្រូវជា​ម្ដាយ ហើយ​ជនសង្ស័យ បាន​ឈ្លោះទាស់ទែង​គ្នា (​មិនដឹង​ឈ្លោះ​រឿង​អី​) រួច​ជនសង្ស័យ បាន​យក​កូនកាំបិត ចិតបន្លែ នៅផ្ទះ​បាយ ចាក់​មកលើ ជនរងគ្រោះ ជា​ម្ដាយ​ខ្លួន​ឈ្មោះ Grace Yabes Suyat ដែលជា​ប្អូនបង្កើត ជាច្រើន​កាំបិត​។​

​ពេលនោះ ជនរងគ្រោះ ដែលជា​ប្តី បាន​ស្ទុះ​មកជួយ ហើយក៏​ប្រតាយប្រតប់​គ្នា រួច​ក៏ត្រូវ​ជនសង្ស័យ ចាក់ទៅលើ ជាច្រើន​កាំបិត​ទៀត បណ្តាល​ឲ្យ​ស្លាប់ ទាំងពីរ​នាក់​តែម្តង ហើយ​ជនសង្ស័យ បាន​ស្ទុះ​រត់ ចេញមកក្រៅ លោត​ចុះមក​ក្រោម រងរបួស​ធ្ងន់ ឈាម​ពេញ​ខ្លួន ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ខេ​ម៉ា ផ្លូវ​២៩៤ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​។ សព​រង់ចាំ​ទាក់ទង​ទៅ​ស្ថានទូត យក​រក្សាទុក​នៅ​ទូ រក្សា​សព ដោយសារ​កូន​ជនរងគ្រោះ ២ នាក់ នៅ​ក្មេង​ពេក អាយុ​ត្រឹម ១២ ឆ្នាំ​ប៉ុណ្ណោះ​៕/V​