ដោយ: ពៅនិមល/ភ្នំពេញ៖ ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់យានយន្តចូលខ្លួនមកបំពេញតាតព្វកិច្ចពន្ធ និងអាករឱ្យបានទាន់ពេលវេលា អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងទទួលអនុគ្រោះបន្ធូរបន្ថយពន្ធចំនួនភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់ ដែលមានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើយានយន្តមានឆ្នាំផលិត២០២១ឡើយ។
លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងសន្និសីទសារព័តមានតាមរយៈប្រព័ន្ធវីដេអូ ហ្សូម កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។ លោកបានបញ្ជាក់ថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកាតព្វកិច្ចក្នុងការរកចំណូលជូនរដ្ឋដូចបានជ្រាបហើយថា រដ្ឋាភិបាលបានបញ្ចេញសាច់ប្រាក់ច្រើនណាស់សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ដូចជាកម្មកររោងចក្រជាដើម ដែលចំណាយច្រើន ចំណូលទាប មិនមែនជារឿងល្អឡើយ ដូច្នេះហើយគយត្រូវខិតខំបំពេញភារកិច្ចប្រមូលពន្ធជូនរដ្ឋ។
ពាក់ព័ន្ធការលើកឡើងខាងលើនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានចេញសេចក្តីជូនដំណឹងដល់សាធារណជន ជាពិសេសម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូលជ្រាបថា នឹងអនុវត្តការប្រមូលពន្ធ និងអាករនាំចូលលើយានយន្តគ្មានពន្ធទាំងនោះតាមគោលការណ៍ និងយន្តការ ដូចជា៖ ផ្អាកសកម្មភាពបង្ក្រាបយានយន្តនៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធនិង អាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។ ក្នុងនោះចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយនៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្ត ត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ។ ដោយឡែក ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យតាមលិខិតបទដ្ឋានជាធរមាន៕srn
(រូបថត ឯកសារ)