ដោយៈប.ជ័យ / បន្ទាយមានជ័យៈនៅទូទាំងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកនៅធម្មតានៅឡើយ តែអាជ្ញាធរមានសមត្ថកិច្ចក៏ចុះពិនិត្យ តាមដាន វាយតម្លៃជាបន្តបន្ទាប់ មិនធ្វេសប្រហែសដែរ ។ឯមតិថាមានទឹកជំនន់ ខ្លាំង ម្តងនៅក្រុងនេះ ម្តងនៅស្រុកនោះនោះ ជាការបង្ហោះរូបចាស់ៗនាបណ្តាឆ្នាំមានទឹកជំនន់កន្លងមកប៉ុណ្ណោះ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី១០ខែកញ្ញាថាលោករួមជាមួយជាមួយ អាជ្ញាធរក្រុង សង្កាត់ បានពិនិត្យមើលស្ថានភាពទឹកតាមដងស្ទឹងសិរីសោភ័ណ ផ្នែកខាងត្បូងក្រុងសិរីសោភ័ណ នាថ្ងៃនេះ ។
លោកបានបន្តថាដោយសារស្ថានភាពអាកាសធាតុរងជ្រលងសម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនជាប់ៗប៉ុន្មានថ្ងៃមកនេះ តែស្ថានភាពទឹកឡើងជាធម្មតាក្នុងបរិមាណតិចតូចមិនមានករណីបង្ករឡើងជា ការជន់លិចនោះទេ ។នេះជាស្ថានភាពក្នុងកម្រិតធម្មតាក្នុងរដូវវស្សាឆ្នាំនេះ ។

នៅប៉ុន្មានមុននេះលោកអភិបាលខេត្តរួមជាមួយលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានពិនិត្យមើល ស្ថានភាព ទឹកនៅសំណង់ស្ទាក់ទឹកសិរីមង្គលនៅគយមែង ស្រុកមង្គលបូរី ។ស្ថានភពទឹកស្ទឹងនេះ ផ្នែកខាងលើ ទឹកជិតពោះស្ទឹង។ប៉ុន្តែប៉ែកខាងក្រោម នៅមិនទាន់ពេញនៅឡើយទេ ។តមក លោកដែលរួមដំណើរដោយលោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត លោកយឹម សំណាង អភិបាលស្រុកអូរជ្រៅ ក៏បានបន្តពិនិត្យមើលស្ថានភាពទឹក និងស្រូវប្រជាពលរដ្ឋនៅផ្នែកខាងលើអាងកូបតូច ភូមិកូបតូច ឃុំគុតសត ស្រុកអូរជ្រៅ ។

លោកបន្តថា ស្ថានភាពទឹកមិនទាន់មានអ្វីឲ្យព្រួយបារម្ភនោះទេ ទាំងផ្នែកខាងក្រោមនៅស្ទឹងមង្គលបូរីនិងខាងលើនៅ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ជាលំហូរទឹកធ្លាក់ពីអូរព្រំដែនម៉ាឡៃ និងតាមព្រំដែនកម្ពុជា-ថៃហើយស្រែស្រូវបងប្អូន មានដើមដងល្អ ខៀវខ្ចី។

ចំណែកមន្ត្រីអាជ្ញាធរស្រុកឯទៀត បានឱ្យដឹងថា នៅព្រះនេត្រព្រះ ភ្នំស្រុក ស្វាយចេកនិងថ្មពួក ទោះបីមានភ្លៀងធ្លាក់ រាល់ថ្ងៃក៏ដោយក៏កម្រិតទឹកភ្លៀងនិងទឹកពីប្រភពទឹកខាងក្រៅភូមិសាស្ត្រដែលហូរមកក៏មិនទាន់មានបង្កនូវការជន់លិចនៅ កន្លែងណាមួយអោយកត់សម្គាល់នៅឡើយ ។

ប៉ុន្តែថា បើទឹកភ្លៀងបង្កលិចផ្លូវថ្មើរជើងនិងគោលដៅឈរជើងខ្លះរបស់កងកម្លាំងការពារព្រំដែននៅស្រុកម៉ាឡៃ ថ្មពួក ពិតមានដោយងន្លើមែន ៕សរន