ដោយៈភ្នំស្វាយ / ព្រំដែនកម្ពុជា -ថៃ:ពលករខ្មែរប្រុសស្រីចំនួនប្រាំបួននាក់ដែលក្នុងមួយនាក់បានចំណាយ ប្រាក់ឲ្យមេខ្យល់ចំនួន៥.៥០០បាត(ប្រាក់ថៃ)ដើម្បីលួចឆ្លងដែនទៅធ្វើការនៅស្រុកថៃនោះប៉ុន្តែត្រូវយោធាថៃឃាត់ ខ្លួនបានកាលពីវេលាម៉ោង៨:២៤ព្រឹក ថ្ងៃទី១០ កញ្ញា២០២១។

សមត្ថកិច្ចកម្ពុជា-ថៃនៅព្រំដែនបានឱ្យដឹងថាទាហានអង្គភាពតាប្រាយ៉ាសហការជាមួយកងរយទី(ថៃ) និង នគបាលការពារព្រំដែនទី១២ ស្ទាក់ចាប់បានពលករខ្មែរបានចំនួនប្រាំបួននាក់(ប្រុស៥នឹងស្រី៤នាក់) នៅបរិវេណព្រៃដំឡូងមី ស្ថិតក្នុងភូមិខៅលូកឆាង ឃុំខៅលូកឆាង ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។

ពលករខ្មែរបានប្រាប់គោលដៅថា ពួកគេត្រូវទៅធ្វើការនៅក្រុងបាងកកពីរនាក់គឺធ្វើការនៅហាងលក់អាហារ និងប្រាំពីរនាក់ទៀតទៅធ្វើការនៅខេត្តនគរបឋម គឺការងារសំណង់ ។តែពួកគេមិនស្គាល់កន្លែងធ្វើការ ដោយពឹងលើមេខ្យល់អ្នកចាត់បញ្ជូន ។ក្នុងនោះពួកខ្លួនបានបង់លុយជូនមេខ្យល់ក្នុងម្នាក់ចំនួន៥.៥០០បាតប្រាក់ថៃ ។
សូមរំលឹកថាកាលពីថ្ងៃទី៧ខែកញ្ញាកងកម្លាំងថៃក៏បានឃាត់ខ្លួនពលករខ្មែរចំនួន៤៨នាក់ដែលឆ្លងដែនខុសច្បាប់នៅព្រំដែននាខេត្តបាត់ដំបងទៅរកការងារបេះផ្លែតាង៉ែននៅខេត្តច័ន្ទបូរី ។
ពលករទាំងនោះក៏បានបង់លុយឱ្យមេខ្យល់ដែរ តែទីបំផុត លុយក៏អស់ ខ្លួនត្រូវបញ្ជូនមកកម្ពុជាវិញ ហើយធ្វើចត្តាឡីស័កទៀត ៕សរន