ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈនគរបាលក្រុងសិរីសោភ័ណមួយក្រុមដឹកនាំដោយលោកវរសេនីយ៍ទោ កាន់ សៀងអធិការនគរបាលរងទទួលផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងកាលពីថ្ងៃទី១០ខែកញ្ញាបានចុះបង្រ្កាបទីតាំងជាងជួសជុលម៉ូតូមួយកន្លែងដោយឃាត់ខ្លួនជនសង្ស័យពីរនាក់ព្រមទាំងដកហូតកាំភ្លើងខ្លីមួយដើមនិងថ្នាំញៀនមួយចំនួន។កន្លែងជួសជុលម៉ូតូនេះស្ថិតនៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ។

ជនសង្ស័យឈ្មោះ ឃុំ រតនៈគឹមហុង ភេទប្រុសអាយុ២៣ឆ្នាំជាម្ចាស់កន្លែងជួសជុលម៉ូតូនិងជាកន្លែងផ្តល់ឲ្យក្រុម ក្មេងជក់ថ្នាំញៀននិង ឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ភេទប្រុស អាយុ ២៣ឆ្នាំជាអ្នកជក់គ្រឿងញៀន ។ អ្នកទាំងពីរនាក់ នៅភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

សមត្ថកិច្ចបានធ្វើការឆែកឆេរកន្លែងជួសជុលម៉ូតូនេះដោយរកឃើញវត្ថុតាងរួមមាន៖ម្ស៉ៅក្រាមសថ្លាចំនួនបួនកូនថង់តូច,គម្របដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួនបួន,ដបកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួនពីរ,បំពង់ប៊ឺតមួយចំនួនដែកកេះចំនួនប្រាំ,បំពង់កែវទាម៉ូម៉ែត្រចំនួនមួយ,សំបកថង់ថ្មីសម្រាប់ច្រកថ្នាំញៀនមួយចំនួន,ទូរស័ព្វមួយគ្រឿង,កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួនមួយដើមគ្រប់ចំនួន១៨គ្រាប់(សំបកគ្រាប់ចំនួន០១),បង់កាំភ្លើងខ្លីK៥៩ចំនួន០១,គ្រាបកាំភ្លើងខ្លីK៥៩ចំនួនពីគ្រាប់(សំបកគ្រាប់ចំនួនមួយ) ។

លោកវរសេនីយ៍ទោកាន់ សៀង បានបញ្ជាក់បន្ថែមថា ឈ្មោះតែង ទិត្យចាន់រិទ្ឋឹ ត្រូវបានព្រះរាជអាជ្ញា អនុញាតិឲ្យអាណាព្យាបាលយកទៅអប់រំកែប្រែនៅមណ្ឌលសុខភាពសហគមន៍ តាមការស្នើសុំនិងធានា របស់អាណាព្យាបាល។ចំណែកឈ្មោះឃុំ រតនៈគឹមហុង និងវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕សរន