ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៨ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន លើកឡើងថា សម្រាប់​កម្ពុជា ទោះបី​ត្រូវបាន​ចាត់ទុកថា ជា​ប្រទេស ដែល​ធនធាន​នៅមានកម្រិត ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​ទៅជា​ឱកាស​សម្រាប់ ការដ្ឋាន​កំណែទម្រង់​កាន់តែ​ស៊ីជម្រៅ សំដៅ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គម ដែល​កាន់តែ​រឹងមាំ​និង​មាន​ភាព​ធន់ ទៅនឹង​វិបត្តិ​នាពេល​អនាគត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​ដៃ​ម្ខាង​បាន​ប្រយុទ្ធប្រឆាំង យ៉ាងសកម្ម​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ ៣​សំខាន់ គឺ​ទប់ស្កាត់ ព្យាបាល​និង​ចាក់​វ៉ាក់សាំង និង​ដៃ​ម្ខាង​ទៀត អនុវត្ត​នូវ​គោលនយោបាយ​រក្សា​លំនឹង​ជីវភាព​ប្រជាជន និង​ធុរកិច្ច​នៅក្នុង​គ្រប់​វិស័យ​។

​ជាមួយគ្នានេះ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បន្តថា​ក្នុង​គោលបំណង​ព​ន្លឿ​ន​ការបើក​ដំណើរការ​ឡើងវិញ​នៃ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច និង​ទប់​ទល់នឹង​ការវាយលុក​ដោយ​មេរោគ​កូ​វីដ​១៩ ប្រភេទ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ បានសម្រេច​ដាក់ចេញ​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ​-​យុវវ័យ ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ និង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​ជូន​ដល់​មន្ត្រី​ផ្តល់ សេវាសាធារណៈ​ជួរមុខ​។​

​ជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ខាងលើនេះ ប្រមុខ​រាជរដ្ឋាភិបាល លើកឡើងថា កម្ពុជា​ក្លាយជា​ប្រទេសមួយ ក្នុងចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​លើ​សកលលោក​ដែល​សម្រេចបាន​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុង​កម្រិត​មួយ​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។ គិត​ត្រឹម​ដំណាច់​ខែសីហា ឆ្នាំ​២០២១ នេះ ធៀប​នឹង​ផែនការ ការចាក់​វ៉ាក់សាំង ចំនួន ២​ដូ​ស ជូន​ប្រជាជន ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើង សម្រេចបាន ៨៦​ភាគរយ​និង​ដូ​ស​ទី​១ សម្រាប់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ សម្រេចបាន ៨១​ភាគរយ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្ថែមថា​កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​នៃ​ការបង្កើត​ភាពស៊ាំ​សហគមន៍​នៅ​ទូទាំងប្រទេស​និង​មានឱកាស​បើក​ដំណើរការ​ពេញលេញ​ជា​បណ្តើរៗ​នៃ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​នាពេល​ឆាប់ៗ​ខាងមុខ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់ថា ដោយ​យល់ច្បាស់​ពី​កាលានុវត្តភាព​នេះ ជាមួយនឹង​ស្មារតី​បុ​រេ​សកម្ម រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ឥត​រាថយ ក្នុង​គោលដៅ​កែសម្រួល​បរិយាកាស​ធុរកិច្ច វិនិយោគ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុ​ជាតា​មរយៈ​ការដាក់ចេញ​និង​អនុវត្ត​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ជា​បន្តបន្ទាប់​។​

​ក្នុង​កិច្ចខិតខំ​ប្រែង​នេះ កម្ពុជា​ក៏​គ្រោង​នឹង​បើក​ដំណើរការ​សាលារៀន​ឡើងវិញ បន្ទាប់ពី​ការផ្អាក​ដំណើរការ​ជាថ្មីទៀត ចាប់តាំងពី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​២០​កុម្ភៈ​។​នៅ​ខេត្តមណ្ឌលគិរី​បាន​បើក​សាលារៀន ឡើងវិញ នៅ​កម្រិត​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១​។ រីឯ​នៅ​ខេត្ត​ព្រះសីហនុ ក៏បាន​ជ្រើសរើស​សាលារៀន ៥​ទីតាំង ដើម្បី​បើក​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃទី​១៣ ខែកញ្ញា​។​

​ដោយឡែក នៅ​ភ្នំពេញ គ្រោង​នឹង​បើក​សាលារៀន​ឡើងវិញ ទាំង​សាលារៀន​រដ្ឋ និង​ទាំង​សាលារៀន​ឯកជន នៅ​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​។ កម្រិត​ថ្នាក់​អនុវត្ត​វិទ្យាល័យ និង​វិទ្យាល័យ​នេះ គឺ​សិស្ស អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើងទៅ ហើយ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន ២​ដូ​ស​រួចរាល់​ហើយ​។​

​យ៉ាងណា​ក៏ដោយចុះ អំឡុងពេល​សាលារៀន​ត្រៀម​បើក​ដំណើរការ​ឡើងវិញ​នេះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ក៏​ហាក់ដូចជា កើនឡើង​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​។ ក្រសួងសុខាភិបាល​ប្រកាស​រៀងរាល់ថ្ងៃ​ពី​ចំនួន អ្នក​ឆ្លង​កូ​វីដ​១៩ ដែលមាន​ចំនួន​ចាប់ពី​ជាង ៤០០​នាក់ កើន​រហូតដល់​ជាង ៥០០​នាក់ ហើយ​មកដល់​ជាង ៦០០​នាក់​។ ចំណែក​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​យើង មាន​ចំនួន​ជាង ១០​នាក់ ក្នុង ១​ថ្ងៃ​។​

​ក្រៅពីនោះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​បំប្លែង​ថ្មី ដែល​តា ក៏​ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​រកឃើញ​ជា​រៀងរាល់ថ្ងៃ គឺ​ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែកញ្ញា មាន​ចំនួន ១៣២៨​នាក់​។ ក្នុងនោះ គិត​ចាប់ពី​ថ្ងៃទី​៣១ ខែមីនា រហូតដល់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ កូ​វីដ​១៩ បំប្លែង​ថ្មី ដែល​តា មាន​អ្នក​ឆ្លង​សរុប​ចំនួន ៣៧៣១​នាក់ នៅ ២៤​ខេត្ត​រាជធានី គឺ​លើកលែងតែ​ខេត្ត​កែប​មួយ​ប៉ុណ្ណោះ​។ ក្នុងចំណោម ២៤​ខេត្ត​រាជធានី ដែល​ឆ្លង​កូ​វីដ ប្រភេទ ដែល​តា គឺ​នៅ​ភ្នំពេញ មាន​អ្នក​ឆ្លង​ច្រើនជាងគេ រហូតដល់ ១២៥៦​នាក់​។​

​ដូច្នេះ​ទន្ទឹមនឹង​យុទ្ធសាស្ត្រ ៣ គឺ​ទប់ស្កាត់ ព្យាបាល និង​ចាក់​វ៉ាក់សាំង ដែល​រាជរដ្ឋាភិបាល ដាក់ចេញ​ដើម្បី​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ ហើយ​សាលារៀន​ត្រៀម​បើកទ្វារ​ឡើងវិញ​នេះ ក៏​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​យើង​គ្រប់រូប មិន​ថា សិស្ស មិន​ថា​គ្រូបង្រៀន ឬក៏​ប្រជា​ពល​ទូទៅ​ទេ ត្រូវតែ​បន្ត​ចូលរួម​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩​។ វិធានការ ៣​កុំ និង ៣​ការពារ នៅតែមាន​ប្រសិទ្ធិភាព គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​គ្រប់​កាលៈទេសៈ​។​

​នៅពេល​សាលារៀន​បើក​ឡើងវិញ​នេះ ក៏ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ការឆ្លង​រាលដាល​កូ​វីដ​១៩ ដែល​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ បានកំណត់​។ កន្លងមក សាលារៀន មិនទាន់​ផ្ទុះ​ការឆ្លង​រាលដាល​កូ​វីដ​១៩ នោះទេ ខណៈដែល​រោងចក្រ​កាត់ដេរ ផ្សារ សហគមន៍ រួមទាំង​វត្ត​អារាម សុទ្ធតែ​បាន​ឆ្លង​រាលដាល​កូ​វីដ​រួចហើយ​។ ដូច្នេះ​នៅពេល​បើក​សាលារៀន​ឡើងវិញ ក្នុងពេល​ទាំង​គ្រូ ទាំង​សិស្ស រួមទាំង​ប្រជាជន​កម្ពុជា រហូតដល់​ជាង ១១​លាន​នាក់ បាន​ចាក់​វ៉ាក់សាំង​ហើយ​នេះ ក៏​នៅតែ​ចាំបាច់​បន្ត​អនុវត្ត​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ ដោយ​ហ្មត់ចត់ ព្រោះថា មកដល់ពេលនេះ កូ​វីដ​មិនទាន់​ស្ងប់ ហើយក៏​មិនដឹងថា ពេលណា ទើប​លែង​ឆ្លង​កូ​វីដ ទាំង​នៅ​កម្ពុជា​យើង និង​ទាំង​នៅលើ​ពិភពលោក​នោះទេ​៕​សរន​