ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ ក្នុងសប្តាហ៍នេះ មានហេតុការណ៍ជាច្រើនបានកើតឡើង ហើយក្នុងនោះ បញ្ហាកូវីដ១៩ នៅតែបន្តកើតឡើង ខណៈដែលសាលារៀនមួយចំនួន បានបើកទ្វារឡើងវិញ នៅខេត្តមណ្ឌលគិរី ហើយនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនទៀត សាលារៀននឹងបើកដំណើរការឡើងវិញ នៅសប្តាហ៍ក្រោយ។
១-ខុទ្ទកាល័យប្រកាសថា សម្ដេចក្រឡាហោម ស ខេង មកពីដល់កម្ពុជាវិញហើយ ក្រោយវះកាត់ជោគជ័យនៅបារាំង
កាលពីថ្ងៃចន្ទ ទី៦ ខែកញ្ញា ។ ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានប្រកាសថា សម្តេច បានអញ្ជើញមកដល់កម្ពុជាវិញហើយ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា បន្ទាប់ពីសម្តេច បានអញ្ជើញទៅពិនិត្យសុខភាព និងទទួលការវះកាត់ដោយជោគជ័យពីក្រុមគ្រូពេទ្យបារាំង។
២-ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មី ដែលតា ចំនួន ១.៣២៨នាក់ទៀត
ក្នុងសប្តាហ៍នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញ អ្នកឆ្លងកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា ជាបន្តបន្ទាប់ គិតពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា មានចំនួន ១៣២៨នាក់។ ក្នុងនោះ គិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ កូវីដ១៩ បំប្លែងថ្មី ដែលតា មានអ្នកឆ្លងសរុបចំនួន ៣.៧៣១នាក់ នៅ ២៤ខេត្តរាជធានី គឺលើកលែងតែខេត្តកែបមួយប៉ុណ្ណោះ។ ក្នុងចំណោម ២៤ខេត្តរាជធានី ដែលឆ្លង ដែលតា គឺនៅភ្នំពេញ មានអ្នកឆ្លងច្រើនជាងគេ រហូតដល់ ១.២៥៦នាក់។
៣-ក្រសួងធម្មការ អនុញ្ញាតឲ្យប្រារព្ធពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន
កាលពីថ្ងៃទី៦ ខែកញ្ញា ក្រសួងធម្មការ និងសាសនា បានប្រកាសអនុញ្ញាតឲ្យប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រួមទាំងពិធីបុណ្យកឋិនទាន នៅឆ្នាំនេះ ទោះបីជាកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់ក៏ដោយ។ ជាមួយគ្នានោះ ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងពេលប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាចុងខែកញ្ញានេះ រួមទាំងពិធីបុណ្យកឋិនទាន នាខែតុលាខាងមុខ។
៤-អាជ្ញាធរ ប្តូរពេលវេលាបើកបររថយន្តដឹកខ្សាច់ពីពេលថ្ងៃ ទៅពេលយប់
រថយន្តដឹកខ្សាច់ធំៗ ដែលតែងតែបើកបរលើផ្លូវជាតិលេខ២ នៅពេលថ្ងៃ នាំឱ្យមានដីហុយ និងផលប៉ះពាល់ផ្សេងៗទៀត ដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ គឺកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានប្តូរទៅដឹកពេលយប់វិញហើយ ក្រោយមានការណែនាំពីអាជ្ញាធរ។ ប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រោយប្តូរពេលវេលាដឹកជញ្ជូន និងបោសលាងសម្អាតផ្លូវត្រឹមត្រូវនោះ ដីហុយ និងផលប៉ះពាល់ផ្សេងៗទៀត ត្រូវបានកាត់បន្ថយ។
៥-សហជីព កំណត់យកតួលេខ ២១៤.២ដុល្លារ សម្រាប់ចរចាដំឡើងប្រាក់ខែគោលកម្មករ នៅឆ្នាំ២០២២
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី២ លើកទី១ បានបើកកិច្ចប្រជុំ លើកទី១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ សម្រាប់ឆ្នាំ២០២២។ ក្នុងនោះ ភាគីសហជីព បានកំណត់យកតួលេខរួម ២១៤.២ដុល្លារ សម្រាប់ចរចាដំឡើងឲ្យកម្មករ។ ប៉ុន្តែកិច្ចប្រជុំមិនទាន់សម្រេចយ៉ាងណានោះទេ ដោយត្រូវបើកកិច្ចប្រជុំ ៣លើកទៀត មុននឹងកំណត់យកតួលេខជាផ្លូវការ នៅចុងខែកញ្ញានេះ។
៦-សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវទទួលបានឱកាសសិក្សាពេញមួយជីវិត
នៅក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ថ្ងៃ៨កញ្ញា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិ ដោយជំរុញអោយពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវទទួលបានឱកាសសិក្សាពេញមួយជីវិត ដើម្បីរួមចំណែកស្តារឡើងវិញនូវសង្គមសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ១៩។ ទិវាអក្ខរកម្មជាតិ ថ្ងៃ៨កញ្ញា ត្រូវបានប្រារព្ធឡើង ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត»។
៧-សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកញ្ញា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៧ ក្រោមមូលបទ៖ «មហាអនុតំបន់មេគង្គ៖ ពង្រឹងភាពខ្លាំង ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនៃទសវត្សរ៍ថ្មី»។ កិច្ចប្រជុំតាមប្រព័ន្ធវិដេអូនេះ ក៏មានការចូលរួមពីលោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីចិន និងថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ានជាច្រើនទៀតផងដែរ។
៨-ផ្លាស់ប្តូរឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង
ប្រមុខការទូតកូរ៉េខាងត្បូង បានបញ្ជាក់ជូនប្រមុខការទូតកម្ពុជាថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងបង្កើនចំនួនពលករ និងអាហារូបករណ៍ ដល់រាជរដ្ឋាភិបាលកម្ពុជា។ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានបញ្ចប់ទស្សនកិច្ច ៣ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង នៅក្នុងសប្តាហ៍នេះ ខណៈដែលមានការដោះដូរឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង ដោយស្ងាត់ស្ងៀម។ នោះគឺលោកស្រី ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការក្រសួងការបរទេស ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង ជំនួសលោក ឡុង ឌីម៉ង់ ដែលបានកាន់តំណែងនេះ ជាង ៥ឆ្នាំមកហើយ ចាប់តាំងពីខែមេសា ឆ្នាំ២០១៦។
៩-កម្ពុជា ជំរុញអោយអាស៊ាន សហការជាមួយចិន ប្រឆាំងកូវីដ-១៩ និងស្ដារសេដ្ឋកិច្ច
នៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ ធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអោយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ សហការជាមួយប្រទេសចិន រួមគ្នាប្រឆាំងកូវីដ-១៩ និងស្ដារសេដ្ឋកិច្ច ក្រោមយន្តការពហុភាគីនិយម។ សម្តេចតេជោ ជឿជាក់ថា ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត១៩ ទាមទារនូវសាមគ្គីភាព ការជឿទុកចិត្ត ការគិតគូរ និងអនុវត្តរួមគ្នា ប្រកបដោយភាពហ្មត់ចត់ និងក្រោមយន្តការពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនិមួយៗ។
១០-អភិបាលរាជធានីភ្នំពេញ តម្រូវអោយគ្រូ និងបុគ្គលិកសិក្សា ធ្វើតេស្ត រកកូវីដ១៩ មុនពេលបើកសាលារៀនឡើងវិញ នៅសប្តាហ៍ក្រោយ
អាជ្ញាធររាជធានីភ្នំពេញ គ្រោងបើកសាលារៀនឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខ បន្ទាប់ពីបិទផ្អាកអស់ជាច្រើនខែ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ទន្ទឹមគ្នានឹងការបើកសាលារៀនឡើងវិញនេះ អភិបាលរាជធានីភ្នំពេញ តម្រូវអោយគ្រូ និងបុគ្គលិកអប់រំ ត្រូវធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ មុនពេលបើកដំណើរការសាលារៀននីមួយៗឡើងវិញ ហើយត្រូវបន្តធ្វើតេស្តរហ័សជាប្រចាំ ក្នុងរយៈពេលសមស្រប។
កាលពីថ្ងៃទី៦កញ្ញា សាលារៀនមួយចំនួន នៅថ្នាក់ទី៩ និងថ្នាក់ទី១២ បានបើកដំណើរការឡើងវិញ ខណៈដែលនៅខេត្តព្រះសីហនុ ក៏បានជ្រើសរើសសាលារៀន ចំនួន ៥កន្លែង ដើម្បីបើកដំណើរការឡើងវិញ នៅថ្ងៃទី១៣កញ្ញា។ សាលារៀន នៅខេត្តកណ្តាល ចាប់ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ ស្ទើរតែទាំងអស់ នឹងត្រូវបើកទ្វារឡើងវិញ នៅថ្ងៃទី១៥ ខែកញ្ញា។
១១-ប្រមុខការទូតចិន លោក វ៉ាង យី មកទស្សនកិច្ចនៅកម្ពុជា ថ្ងៃទី១២-១៣កញ្ញា
ក្រសួងការបរទេស បានប្រកាសនៅព្រឹកថ្ងៃទី១១ ខែកញ្ញាថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងមានអាហារការងារពេលព្រឹក ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
លោកប្រមុខការទូតចិន ក៏នឹងអញ្ជើញជួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។
ក្រសួងការបរទេស ក៏បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់ សម្រាប់រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ៕srn