​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ កងទ័ព​រំដោះប្រជាជន​ចិន​បាន​បញ្ចេញ​វីដេអូ​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​កញ្ញា​ដែល​គេ​អាច​ស្តាប់​ឮ​អ្នកបើក​យន្តហោះ​ចិន​ម្នាក់​ស្រែក​ព្រមាន​​យន្តហោះ​យោធា​អាម៉េរិក ខណៈ​វា​កំពុង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ក្បែរ​កោះ​តៃវ៉ាន់​។​

​អ្នកបើក​យន្តហោះ​កងទ័ព​អាកាស​ចិន​រូបនោះ​បាន​និយាយថា “​នេះ​គឺជា​កងទ័ពអាកាស​ចិន​។ អ្នក​កំពុង​ចូលមកក្នុង​ដែនអាកាស​នៃ​អធិបតេយ្យភាព​ចិន​។​សូម​ចាកចេញ​ជាបន្ទាន់​បើ​អ្នក​​មិន​ចង់ឱ្យ​យើង​ស្ទាក់ចាប់​ទេនោះ​”​។

​យន្តហោះ​ល្បាត​ដែនសមុទ្រ​អាម៉េរិក P-8 ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ហោះហើរ​នៅ​ជិត​ដែនអាកាស​ភាគ​និរតី​ក្បែរ​ឆ្នេរសមុទ្រ​របស់​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី ៦ ខែ​កញ្ញា​។​ក្រុម​អ្នក​សង្កេត​​ការណ៍​ជឿថា វា​ជា​យន្តហោះ SU-30 និង J-16 របស់​កងទ័ពអាកាស​ចិន​ដែល​បាន​បណ្តេញ​យន្តហោះ​ស៊ើបការណ៍​អាម៉េរិក​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​កោះ​តៃវ៉ាន់​ចោទ​ចិន​ថា​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ជាង ២០ គ្រឿង​រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែរ​ចូលទៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​អាកាស​របស់​តៃវ៉ាន់ (ADIZ) ។​

​កោះ​តៃវ៉ាន់​បាន​ក្លាយជា​ចំណុច​នៃ​ការខ្វែងគំនិត​គ្នា​រវាង​អាម៉េរិក​និង​ចិន​។ កាលពី​ថ្ងៃ​សុក្រ​ក្រសួងការបរទេស​ចិន​បាន​និយាយថា គោលការណ៍​ចិន​តែ​មួយ​គឺជា​មូលដ្ឋាន​នយោបាយ​នៃ​ទំនាក់ទំនង​ចិន​-​អាម៉េរិក​៕

​ចិន​បញ្ជូន​យន្តហោះ​ចម្បាំង Su-30​ដើម្បី​បណ្តេញ​យន្តហោះ​ឈ្លបយកការណ៍​អាម៉េរិក P-8 នៅក្បែរ​កោះ​តៃវ៉ាន់​