ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​.)​បាន​បញ្ជាក់ថា “​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ គឺ​ដើម្បី​កសាងបាន​នូវ​បញ្ជី​បោះឆ្នោត​ផ្លូវការ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខនេះ​។​”

​ការបញ្ជាក់​នេះ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ប្រកាស​ផ្សព្វផ្សាយ​ប្រតិ​ទិននៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១​ការផ្សព្វផ្សាយ​ស្ថិតិ ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន ការចែក​លិខិតអញ្ជើញ​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ ការចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ និង​ការចុះឈ្មោះ​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​។​
​ប្រភព​គ​.​ជ​.​ប​.​បានឱ្យដឹងថា​ទាក់ទង​នឹង​ប្រធានបទ​នៃ​កិច្ចប្រជុំ លោក​ប្រធាន គ​.​ជ​.​ប បាន​មានប្រសាសន៍​ដូចខាងក្រោម​៖
១. ការប្រកាស​ផ្សព្វផ្សាយ​ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១
​អនុលោម​តាម​មាត្រា ១៣ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ គ​.​ជ​.​ប. ត្រូវ​ផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ ៩០ ថ្ងៃ​យ៉ាងតិច មុន​ថ្ងៃ​បោះឆ្នោត​។ រាជ​រដ្ឋា​ភិ​-​បាល​កម្ពុជា បានចេញ​សេចក្តីសម្រេច ស្តីពី​ការកំណត់​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ គឺ​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ​២០២២​។ ដើម្បី​ត្រៀម​រៀបចំ និង​អនុវត្ត​ការងារ​តាម​ដំណាក់កាល​បាន​ជោគជ័យ គ​.​ជ​.​ប បានរៀបចំ​ផែនការមេ និង​ប្រតិទិន​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ក្នុងនោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​។​
២. ការផ្សព្វផ្សាយ​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន​
​ដើម្បី​ធានាបាន​នូវ​សុក្រឹតភាព​នៃ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត គ​.​ជ​.​ប. បាន​ចាត់​ឱ្យ​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត សហការ​ជាមួយ​អាជ្ញាធរ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​មេភូមិ ក្នុងការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ ដើម្បី​កំណត់​ចំនួន​អ្នក​ដែល​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ចំនួន​អ្នក​ដែល​ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ចំនួន និង​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត ។


​ជា​លទ្ធផល​នៃ​ដំណើរការ​នេះ គ​.​ជ​.​ប. ទទួលបាន​នូវ​ទិន្នន័យ​ប៉ាន់ស្មាន ដូចខាងក្រោម​៖
– ប្រជាពលរដ្ឋ​អាយុ ១៨​ឆ្នាំ​ឡើង មាន​ចំនួន ១០.៤៦៧.៩៦១​នាក់
– ការិយាល័យ​បោះឆ្នោត ឆ្នាំ​២០២១ មាន​ចំនួន ២៣.៦១១​ការិយាល័យ
– ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី មាន​ចំនួន ១.៦៣៥.៩៩០ នាក់​
– ប្រជាពលរដ្ឋ​ដែល​ត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត មាន​ចំនួន ៨៣.០៤៣ នាក់ ។
៣. ការចែក​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ​ដើម្បី​ពិនិត្យ និង​កែតម្រូវ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត​
​ដើម្បី​ភាពត្រឹមត្រូវ​នៃ​បញ្ជី​បោះឆ្នោត គ​.​ជ​.​ប. បានចេញ​លិខិតអញ្ជើញ​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​២០២០ ឱ្យមក​ពិនិត្យមើល​ឈ្មោះ​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត ដែល​ដំណើរការ​នោះ នឹង​ប្រព្រឹត្ត​ទៅតាម​ឃុំ សង្កាត់ ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ដល់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ។
៤. ការចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ ភ្នាក់ងារ​គណបក្សនយោបាយ និង​អ្នកសារព័ត៌មាន​ជាតិ​
ក​. អ្នកសង្កេតការណ៍​ជាតិៈ​
​សមាគម ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល អាច​បញ្ជូន​តំណាង​របស់ខ្លួន​មក​ចូលរួម​សង្កេតការណ៍ ក្នុង​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ដោយ​ត្រូវ​បំពេញបែបបទ តាម​លក្ខខណ្ឌ​កំណត់ដោយ គ​.​ជ​.​ប.​។ ពាក្យស្នើសុំ​ចុះឈ្មោះ​ត្រូវ​ទាញយក​ពី​គេហទំព័រ​របស់ គ​.​ជ​.​ប ឬ​មក​យក​ពី​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទកម្ម នៅ​ទីស្តីការ គ​.​ជ​.​ប ហើយ​ត្រូវដាក់​ពាក្យស្នើសុំ​របស់ខ្លួន​នៅ គ​.​ជ​.​ប.​។ គ​.​ជ​.​ប. នឹង​ចាប់ផ្តើម​ទទួល​ពាក្យស្នើសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ជាតិ ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២​។​
ខ​. ភ្នាក់ងារ​គណបក្សនយោបាយៈ​
​ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២​។ គណបក្សនយោបាយ​មាន​សិទ្ធិ​ចាត់តាំង​ភ្នាក់ងារ​របស់ខ្លួន​មួយចំនួន​តាម​ការចាំបាច់ ដើម្បី​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នៅតាម​សាលាឃុំ សង្កាត់ និង​តាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ដែល​កំណត់ដោយ គ​.​ជ​.​ប. ។ ពាក្យសុំ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​ត្រូវបាន​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ ឬ​ទាញយក​ពី​គេហទំព័រ​របស់ គ​.​ជ​.​ប.​។
​គ​. អ្នកសារព័ត៌មាន​ជាតិៈ​
​អ្នកសារព័ត៌មាន​ជាតិ ដែលមាន​បំណង​ចូលរួម​យក​ព័ត៌មាន​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ដោយផ្ទាល់​ទៅ គ​.​ជ​.​ប. ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២២​។ លក្ខខណ្ឌ និង​ឯកសារ​តម្រូវ​ផ្សេងៗ ត្រូវ​កំណត់ដោយ គ​.​ជ​.​ប ដូច​មានចែង​ក្នុង​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​។ ពាក្យស្នើសុំ​ចុះឈ្មោះ​អ្នកសារព័ត៌មាន​ជាតិ អាច​ទាញយក​ពី​គេហទំព័រ​របស់ គ​.​ជ​.​ប. ឬ​មានការ​ចែកជូន​ដោយ​ឥតគិតថ្លៃ​នៅ​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ នៅ​ទីស្តីការ គ​.​ជ​.​ប​.។​
៥. ការចុះឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ និង​អ្នកសារព័ត៌មាន​អន្តរជាតិ​
​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ ដែលមាន​បំណង​ចូលរួម​សង្កេតមើល​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ត្រូវបំពេញ​ទម្រង់​បែបបទ​ពាក្យស្នើសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ​ដែល​កំណត់ដោយ គ​.​ជ​.​ប. និង​ត្រូវដាក់​ពាក្យសុំ​ចុះឈ្មោះ​នៅ គ​.​ជ​.​ប. ឬ​ផ្ញើ​ទម្រង់​ពាក្យសុំ​តាមរយៈ​អ៊ី​ម៉ែ​លម​ក គ​.​ជ​.​ប ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២ ។ គំរូ​ទម្រង់​ពាក្យសុំ​ចុះឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ​មាននៅ​លើ​គេហទំព័រ​របស់ គ​.​ជ​.​ប.​។​
​ចំពោះ​អ្នកសារព័ត៌មាន​អន្តរជាតិ អាច​ទាញយក​ពាក្យស្នើសុំ​ពី​គេហទំព័រ​របស់ គ​.​ជ​.​ប. និង​អាចដាក់​ពាក្យស្នើសុំ​ដោយផ្ទាល់​មក គ​.​ជ​.​ប. ឬ​ផ្ញើ​ពាក្យសុំ​តាមរយៈ​អ៊ី​ម៉ែ​លម​ក គ​.​ជ​.​ប. ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២២​។​
​នាឱកាស​នោះដែរ លោកប្រធាន គ​.​ជ​.​ប. បានធ្វើ​ការណែនាំ​ដល់​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត មន្ត្រី បុគ្គលិក និង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់ និង​អនុវត្តតាម​វិធានការ​សុខាភិបាល ដែល​បាន​កំណត់ដោយ​រាជរដ្ឋាភិបាល​។​
​សូម​ជម្រាបជូន​ថា តំណាង​គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ចូលរួម បាន​ចាប់អារម្មណ៍​នូវ​ចំណុច​សំខាន់ៗ​មាន​ជាអាទិ៍ ការសុំ​ផ្លាស់ប្តូរ​ការិយាល័យ​បោះឆ្នោត ការដាក់​ចំនួន​ភ្នាក់ងារ​គណបក្សនយោបាយ និង​ឯកសារ​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត ជាដើម ហើយ គ​.​ជ​.​ប. បាន​ឆ្លើយបំភ្លឺ​គ្រប់​សំណួរ​៕សរន